សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អនុញ្ញាតឱ្យគណៈប្រតិភូសភាតំណាងប្រជាជនចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូសភាតំណាងប្រជាជនចិន ដឹកនាំដោយ ឯកឧត្តម សុី ហុងឆាយ ប្រធានគណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនទូទាំងប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។
នៅក្នុងជំនួបនេះ សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ហុងឆាយ និងគណៈប្រតិភូ នាឱកាសនេះថា ពិតជាមានសារៈសំខាន់ ព្រោះមិនត្រឹមតែឆ្លុះបញ្ចាំងពីការអនុវត្ដជាក់ស្តែងនៃកិច្ចព្រមព្រៀងរវាងសភាទាំងពីរ ដែលបានចុះហត្ថលេខាកាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅប៉ុណ្ណោះទេ ថែមទាំងស្របពេលឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន។
សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បន្ថែមថា ដំណើរទស្សនកិច្ចនេះក៏នឹងរួមចំណែកដល់ការពង្រឹង ពង្រីកទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដែលមានជាយូរលង់មកហើយ ឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសដល់មិត្តភាពដែកថែប ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើជំនឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការជាក់ស្តែង។
ឯកឧត្តម ស៊ី ហុងឆាយ បានគូសបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ ការផ្លាស់ប្តូរទស្សនកិច្ចនៅគ្រប់កម្រិត ទាំងក្នុងក្របខណ្ឌបក្ស រដ្ឋ រដ្ឋសភា និងថ្នាក់មូលដ្ឋាន ដើម្បីសម្រេចឱ្យបាននូវកុងសុងស៊ីស ដែលថ្នាក់ដឹកនាំប្រទេសទំាងពីរសម្រេចបានរួមគ្នា ក្នុងការលើកកម្ពស់ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ ស្តង់ដារខ្ពស់ និងកម្រិតខ្ពស់។ ឯកឧត្តមបានអបអរសាទរចំពោះសមិទ្ធផលជាច្រើន ដែលបានកើតឡើងនៅក្រោមកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទំាងពីរ។ ឯកឧត្តមបានសម្តែងក្តីសប្បាយរីករាយដែលបានឃើញ កំណាត់មហាវិថី «ស៊ី ជីនពីង» នៅក្នុងរាជធានីភ្នំពេញ បានដាក់សម្ពោធកាលពីពាក់កណ្តាលឆ្នាំ២០២៤នេះ បានបង្ហាញយ៉ាងច្បាស់ពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា-ចិន។ ឯកឧត្តមបានគូសបញ្ជាក់ថាកម្ពុជាជាមិត្តដ៏ល្អនិងអាទិភាពរបស់ប្រទេសចិន។
សម្តេចរដ្ឋសភាធិបតី និងឯកឧត្តមប្រធានគណៈប្រតិភូបានលើកឡើងដូចគ្នាថា នៅក្នុងបរិបទនៃការកសាងសហគមន៍វាសនារួម ការងារការទូតសភាកាន់តែមានតួនាទីសំខាន់ឡើងក្នុងការជំរុញដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយយកប្រជាជនជាស្នូល។ នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីប្រទេសទំាងពីរបានតម្កល់ផលប្រយោជន៍ និងក្តីប្រាថ្នារបស់ប្រជាជនជាចម្បង និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ។ ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភាប្រទេសពីរ បានជំរុញឱ្យមានបានផ្លាស់ប្តូរទស្សនកិច្ចនៅគ្រប់កម្រិត ទាំងកម្រិតថ្នាក់ដឹកនាំ ថ្នាក់គណៈកម្មការជំនាញ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋាន ទៅវិញទៅមក។ ដោយឡែកក្នុងក្របខណ្ឌពហុភាគី សភាប្រទេសទាំងពីរក៏ បានចូលរួមយ៉ាងសកម្មក្នុងវេទិកាអន្ដរជាតិនានា និងបានគាំទ្រគ្នាទៅវិញទៅមកផងដែរ៕