កម្ពុជាបង្ហាញពីជំហរជាតិសម្រាប់ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសាកល

នៅទីក្រុងបាគូ ប្រទេស អាស៊ែបៃស្សង់ ឯកឧត្តមបណ្ទិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំជាន់ខ្ពស់ ក្នុងសន្និសីទបណ្តាភាគីលើកទី២៩ (COP29) នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដោយសង្កត់ធ្ងន់ថា បញ្ហាការប្រែប្រួលអាកាសធាតុ គឺជាសាកល ដែលពិភពលោកកំពុងយកចិត្តទុកដាក់ និងត្រូវចូលរួមដោះស្រាយទាំងអស់គ្នា។ ប្រជាជនកម្ពុជា បានទទួលរងគ្រោះដោយឥទ្ធិពលការប្រែប្រួលអាកាសធាតុដូចជា ទឹកជំនន់ គ្រោះរំាងស្ងួតរលកកម្តៅ ដីខូចគុណភាព ការកើនឡើងនូវកម្ពស់ទឹកសមុទ្រជាដើម។  កម្ពុជាបានបង្ហាញពីឆន្ទះខ្ពស់កាចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ដោយបាននិងកំពុងរៀបចំរបាយការណ៍រួមចំណែករបស់ជាតិ (NDC3.0) ដើម្បីសម្រេចឱ្យបាននូវប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន 2023-2028 បានចូលរួមដោះស្រាយរបៀបវារៈអាកាសធាតុទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងអាទិភាព អភិវឌ្ឍន៍ជាតិផ្សេងទៀត។ កម្ពុជាបានអំពាវនាវដល់គ្រប់ភាគី ឱ្យមានការដោះស្រាយជាបន្ទាន់សកម្មភាពសម្រាប់ទាំងអស់គ្នា ដែលត្រូវឱ្យប្រាកដថា មានហិរញ្ញប្បទានអាកាសធាតុសម្រាប់អនុវត្ត របាយការណ៍រួមចំណែករបស់ជាតិ NDC និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់បណ្តាភាគីជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួចផងដែរ។  ប្រទេសអភិវឌ្ឍន៍ជាភាគីត្រូវអនុវត្តនូវការសន្យារបស់ខ្លួន ដោយកៀរគរធនធានហិរញ្ញវត្ថុឱ្យបាន១០០ ពាន់លានដុល្លាក្នុង១ឆ្នាំៗសម្រាប់ដោះស្រាយការប្រែប្រួលអាកាសធាតុ ៕