ភ្នំភ្លើងក្នុងប្រទេសអ៊ីស្លង់ផ្ទុះជាលើកទី៧ក្នុងឆ្នាំ២០២៤នេះ ខណៈស្ងប់ស្ងាត់៨០០ឆ្នាំមកហើយ
ភ្នំភ្លើងនៅភាគនិរតីនៃប្រទេសអ៊ីស្លង់ដែលបានប៉ោងឡើងវិញបន្ទាប់ពីវាស្ងប់ស្ងាត់អស់រយៈពេល៨សតវត្ស និងបានផ្ទុះឡើងជាលើកទី៧ ចាប់តាំងពីខែធ្នូ ដំណាច់ឆ្នាំមុនមក ដោយវាបានខ្ជាក់កម្អែររលាយយ៉ាងហូរហៀរឆ្ពោះទៅកាន់តំបន់ Blue Lagoon Spa ដែលជាទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ដ៏ពេញនិយមមួយដែរ។ ករណីផ្ទុះឡើងជាថ្មីនៅលើឧបទ្វីប Reykjanes នេះ គឺវាបានចាប់ផ្តើមជាមួយនឹងការព្រមានតិចតួចនៅម៉ោងប្រហែលជា១១និង១៤នាទីយប់កាលពីថ្ងៃពុធ ហើយវាបានបង្កើតជាប្រហោងប្រេះប្រវែងប្រហែលជា៣គីឡូម៉ែត្រ។ យោងតាមការិយាល័យឧតុនិយមរបស់ប្រទេសអ៊ីស្លង់ដែលតាមដានសកម្មភាពរញ្ជួយដី ដោយសកម្មភាពនេះត្រូវបានគេប៉ាន់ប្រមាណថាមានទំហំតូចជាងការផ្ទុះលើកមុនក្នុងខែសីហា។ លោក Tim Winder ជាអ្នកជំនាញផ្នែកអង្កេតរញ្ជួយដីជនជាតិអង់គ្លេសនៅសកលវិទ្យាល័យអ៊ីស្លង់ បានទៅកាន់នៅកន្លែងកើតហេតុដើម្បីទាញយកព័ត៌មានពីស្ថានីយ៍រញ្ជួយដីដែលមានគ្រោះថ្នាក់នៅជិតភ្នំភ្លើងនោះថែមទៀត ផង។ លោក Winder បាននិយាយថា “ឧបករណ៍ចាប់សញ្ញាបាននៅទីនេះគឺប្រើប្រាស់អស់រយៈពេល៤ឆ្នាំមកហើយ ដោយវាបានវាស់ស្ទង់នូវស្ថានការរញ្ជួយដីដែលបានកត់សម្គាល់ដល់ការជ្រៀតចូលនៃធាតុ magma (ម៉ាក់ម៉ា) ដែលជម្រុញឲ្យមានសកម្មភាពផ្ទុះឡើង ប៉ុន្តែអ្វីៗវាបានខិតជិតម្តងបន្តិចៗដោយមិនអាចគ្រប់គ្រងបាន ដូច្នេះវាក៏ដល់ពេលដែលយើងត្រូវជួយសង្គ្រោះមនុស្សពីកម្អែភ្នំភ្លើងនេះដែរ។ ប៉ុន្តែសកម្មភាពបំផ្ទុះនេះមិនបានគំរាមកំហែងដល់ការធ្វើដំណើរតាមផ្លូវអាកាសនោះទេ ដោយអាជ្ញាធរបានព្រមានអំពីការបំភាយឧស្ម័ននៅទូទាំងផ្នែកខ្លះនៃតំបន់ឧបទ្វីបរួមទាំងទីក្រុង Grindavík ក្បែរខាងនោះ ដោយពួកគេត្រូវបានជម្លៀសមនុស្សភាគច្រើនកាលពីមួយឆ្នាំមុនរួចរាល់ដែរ និងនៅពេលដែលភ្នំភ្លើងបានកំរើកឡើងវិញបន្ទាប់ពីបានស្ងប់ស្ងាត់អស់រយៈពេល៨០០ឆ្នាំ។ ផ្ទះប្រហែលជា៥០ខ្នង ត្រូវជម្លៀសមនុស្សចេញ បន្ទាប់ពីទីភ្នាក់ងារការពារជនស៊ីវិលបានជូនដំណឹងនេះ រួមជាមួយនឹងភ្ញៀវនៅតំបន់ Blue Lagoon Spa ។ មកដល់រសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញនេះកម្អែភ្នំភ្លើងបានរាលដាលពាសពេញចំណតរថយន្តដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ដ៏ធំបំផុតមួយរបស់អ៊ីស្លង់ ដោយប្រើប្រាស់អគារផ្តល់សេវាកម្ម៕