ឯកឧត្តមបណ្ឌិត លី ធុជ បង្ហើយកិច្ចការងារដែលនៅសេសសល់ សម្រាប់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចូលរួមកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប
ល្ងាចថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ មុននឹងកម្មវិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បន្តដឹកនាំក្រុមការងារបង្ហើយកិច្ចការដែលនៅសេសសល់មួយចំនួនតូច សម្រាប់ដំណើរនៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប។
ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសន្តិភាពនេះហើយ ដែលកម្ពុជាអាចប្រារព្ធរៀបចំនូវកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា នៅលើទឹកដីសៀមរាបអង្គរ គឺជាសក្ខីភាពមួយនៃភាពធន់ និងឆ្លុះបញ្ចាំងពីគោលដៅចម្បង នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ហើយជាពិសេស បានបង្ហាញពីសារៈសំខាន់នៃសកម្មភាពមីន ចំពោះមាគ៌ាឆ្ពោះទៅមុខរបស់កម្ពុជា និងការប្តេជ្ញាចិត្តជាសាកលរួមគ្នា ក្នុងការសម្រេចបានពិភពលោកមួយ ដែលមានសុវត្ថិភាព។
ការបោសសម្អាតមីននៅកម្ពុជា ក៏ជាសក្ខីភាពបង្ហាញថា បាននាំមកនូវសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងផ្តល់នូវឱកាសជាថ្មីដល់ជីវិតរបស់ប្រជាជាន និងសហគមន៍ទាំងមូល។ កម្ពុជាតែងតែបំផុសគំនិតយើងទាំងអស់គ្នាឱ្យ បន្តប្រកាន់ខ្ជាប់នូវគោលការណ៍សុវត្ថិភាព សាមគ្គីភាព និងភាពធន់ ក៏ដូចជាបំផុសគំនិតយើងឱ្យសម្រេចឱ្យបាន នូវគោលដៅពិភពលោកមួយដែលគ្មានមីន តាមរយៈការអនុវត្តផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩ ដែលនឹងត្រូវអនុម័ត ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នាឆ្នាំនេះ។”