ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ ២០២៤ ជួបសំណេះសំណាលជាមួយយុវជន -យុវនារី សសយក ត្រៀមបង្ហាញទស្សនីយភាព នៅក្នុងពិធីបេីកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន នាថ្ងៃទី២៥ ខាងមុខនេះ

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ អញ្ជេីញជួបសំណេះសំណាលជាមួយក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក ) ដេីម្បីត្រៀមចូលរួមបំពេញសកម្មភាពទទួលគណៈប្រតិភូអន្តរជាតិ ចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ការជួបសំណេះសំណាលនេះ ត្រូវបានធ្វេីឡេីងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយនាសណ្ឋាគារសុខាអង្គរ នាខេត្តសៀមរាប ។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានមានប្រសាន៍ទៅកាន់ក្មួយយុវជន ថា ការចូលរួមរបស់ក្មួយនាពេលនេះ គឺបានបង្ហាញអោយឃេីញ ពីទឹកចិត្តរបស់យុវជនយេីង ដែលជាទំពាំងស្នងឬស្សី ក្នុងការចូលរួមសកម្មភាពជួយសង្គម ជាតិ ។ ឯកឧត្តមបានបន្តថា កម្ពុជាពិតជាមានមហាកិត្តិយសណាស់ ដែលបានធ្វេីជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ។  ឯកឧត្តមបានណែនាំដល់យវជនទាំងអស់ ត្រូវបង្ហាញទៅកាន់ពិភពលោក បានស្គាល់កាន់តែច្បាស់ពីកម្ពុជា តាមរយៈការផ្តល់នូវស្នាមញញឹម ទន់ភ្លន់ និងស្មារតីរឹងមាំ ក្នុងការបំពេញការកិច្ចផ្សេងៗ។ 

គូសបញ្ជាក់ថា កម្ពុជា និងធ្វេីជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។   តាមរយៈកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា នៅលើទឹកដីសៀមរាបអង្គរ គឺជាសក្ខីភាពមួយនៃភាពធន់ និងឆ្លុះបញ្ចាំងពីគោលដៅចម្បង នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ហើយជាពិសេស បានបង្ហាញពីសារៈសំខាន់នៃសកម្មភាពមីន ចំពោះមាគ៌ាឆ្ពោះទៅមុខរបស់កម្ពុជា និងការប្តេជ្ញាចិត្តជាសាកលរួមគ្នា ក្នុងការសម្រេចបានពិភពលោកមួយ ដែលមានសុវត្ថិភាព។