គណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព លើកទី១១ (IPTP 11) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

 នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ បានទទួលស្វាគមន៍គណៈប្រតិភូ ទ្បាវ ឯកឧត្ដម ខាំបាយ ថាំទ្បាត់ អនុប្រធានសភាទ្បាវ និងគណៈប្រតិភូប្រទេសអាទ្បឺម៉ង់ និងប្រទេស ម៉ាឌីវ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព លើកទី១១ (IPTP 11)។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីកៀរគរការចូលរួមពីបណ្តាប្រទេសនានាលើពិភពលោក ជួយជំរុញ លើកកម្ពស់សន្តិភាព ការអត់ឱន និងការអភិវឌ្ឍ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដោយសហការជាមួយនឹង ភាគីពាក់ព័ន្ធ។

សម័យប្រជុំនឹងដំណើរការទៅដោយចែកចេញជា ២វគ្គ។ -វគ្គទី១ នឹងជជែកពិភាក្សាអំពី ការជំរុញ និម្មាបនកម្មសកល ដើម្បីសន្តិភាព ការកសាងសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន និងសម្រាប់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល សភា និងសង្គមស៊ីវិល។

-វគ្គទី២នឹងពិភាក្សាអំពី ការពង្រឹងពហុភាគីនិយម កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូសម្រាប់សន្តិសហវិជ្ជមាន និងការតភ្ជាប់ប្រកបដោយបរិយាបន្ន៕