ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ រៀបចំពិធីក្រុងពលីតាមបែបសាសនា មុនការបេីកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន ដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះ
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន រួមនិងថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ រៀបចំពិធីសូត្រមន្តក្រុងពលី នៅមុខប្រាសាទបាយ័ន នៃទឹកដីខេត្តសៀមរាប ដើម្បីថ្វាយគ្រឿងសក្ការៈជូនបុព្វបុរសខ្មែរ ម្ចាស់ទឹកម្ចាស់ដី ប្រារព្ធកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន ដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះ អោយប្រព្រឹត្តទៅ ដោយសុខសប្បាយ មិនមានឧបសគ្គអន្តរាយណាមួយ មករារាំងរំខាន ទទួលបានជោគជ័យ និងផ្លែផ្កាសម្រាប់ប្រទេសជាតិ ក្រោមម្លប់សុខសន្តិភាព។
គូសបញ្ជាក់ថា កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់សហគមន៍វិស័យសកម្មភាពមីនសាកល រួមគ្នាបន្តការប្តេជ្ញាចិត្តលុបបំបាត់ ការរងទុក្ខវេទនាដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស។
គួររំលឹកថា កម្ពុជា ធ្លាប់ជាប្រទេសមួយដែលទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារគ្រាប់មីន ដែលមានប្រជាជនរងគ្រោះ ស្លាប់ និងរបួស ច្រើនជាង ៦៥ ០០០ នាក់ និងបានរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក៏ប៉ុន្តែក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចសហការអន្តរជាតិ កម្ពុជាទទួលបានជោគជ័យគួរជាទីកត់សម្គាល់ ក្នុងវិស័យសកម្មភាពមីន និងបានប្រែក្លាយដីមានមីន ទៅជាដីមាស មានសុវត្ថិភាពសម្រាប់លំនៅឋាន និងការអភិវឌ្ឍ។ កម្ពុជា ចាត់ទុកសកម្មភាពមីន ជាកាតព្វកិច្ចមនុស្សធម៌មួយដ៏សំខាន់ ដែលបានផ្តល់ក្តីសង្ឃឹមជាថ្មី និងផ្លាស់ប្តូរជោគវាសនារបស់ប្រជាជន និងសហគមន៍ដែលទទួលរងគ្រោះដោយសារមីន៕