ប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុបានស្នើឲ្យប្រជាកសិករក្នុងស្រុកព្រៃនប់ស្រូត្ររូតរះក្នុងការប្រមូលផលស្រូវរដូវវស្សាជៀសវាងប៉ះខ្យល់បោកបក់ខ្លាំងធ្វើឲ្យខូចនៅដំណាំស្រូវរបស់បងប្អូន
ខេត្តព្រះសីហនុ ៖ ក្នុងឱកាសប្រមូលផលស្រូវរដូវវស្សានេះលោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុបានស្នើឲ្យប្រជាកសិករក្នុងស្រុកព្រៃនប់ស្រូត្ររូតរះក្នុងការប្រមូលផលស្រូវរដូវវស្សាជៀសវាងប៉ះខ្យល់បោកបក់ខ្លាំងធ្វើឲ្យខូចនៅដំណាំស្រូវរបស់បងប្អូនលោកប្រធានមន្ទីរកសិកម្មមានប្រសាសន៍ដូចនេះនៅក្នុងឱកាសដែលលោកបានដឹកនាំមន្ត្រីជំនាញបច្ចេកទេសនៃមន្ទីរកសិកម្មខេត្តបានចុះអង្កេតស្ទង់ទិន្នផលស្រូវរដូវវស្សាឆ្នាំ ២០២៤ និងចុះពិនិត្យមើលសកម្មភាពការប្រមូលផលស្រូវរបស់ប្រជាកសិករនៅឃុំសាមគ្គី និង ឃុំទឹកល្អក់ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីបានដឹងអំពីទិន្នផលស្រូវបានប៉ុន្មានតោនក្នុងមួយហិចតា។
លោកក៏បានបញ្ជាក់បន្ថែមឲ្យដឹងផងដែរថា សម្រាប់ការបង្ករបង្កើនផលស្រូវរដូវវស្សាក្នុងខេត្តព្រះសីហនុនាពេលកន្លងមកប្រជាកសិករបានជួបនូវសត្វល្អិតចង្រៃបំផ្លាញទៅលើដំណាំស្រូវរបស់បងប្អូនប្រជាកសិករក៏ប៉ុន្តែដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត អាជ្ញាធរស្រុក មន្ទីរកសិកម្មបានចុះអន្តរាគមន៍បាញ់សម្លាប់សត្វល្អិតជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ជាក់ស្ដែងមកដល់ពេលនេះប្រជាកសិករទទួលបានទិន្នផលប្រហាក់ប្រហែលទៅនឹងឆ្នាំមុន ទាំងនេះដោយមានការយកចិត្តទៅដាក់ពីមន្ត្រីជំនាញនៃមន្ទីរកសិកម្មក្នុងការជួយសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករ។
ដោយឡែកសម្រាប់ភូមិសាស្ត្រខេត្តព្រះសីហនុមានស្រុកចំនួន ២ ដែលប្រកបរបរកសិកម្មគឺ ស្រុកព្រៃនប់ និង ស្រុកកំពង់សីលា លើផ្ទៃដីសរុបមានចំនួន ១ម៉ឺន ២ពាន់១៦៩ហិចតា ដែលមកដល់ថ្ងៃនេះទើបប្រមូលផលបានជាង ១ពាន់ហិចតា នៅឡើងនោះទេ។
ក្នុងនោះលោកប្រធានមន្ទីរកសិកម្មក៏បានឲ្យដឹងបន្ថែមថាដោយសារកត្តាអាកាសធាតុសម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃនប់ បើមិនស្រូតរូតរះប្រមូលផលស្រូវនោះទេ អាចនឹងជួបបញ្ហាប្រឈមជាមួយនឹងខ្យល់បោកបាក់ខ្លាំងធ្វើឱ្យខូចស្រូវរបស់បងប្អូន ព្រោះនៅតំបន់ក្នុងឃុំខាងលើតែងតែទទួលរងដោយសារខ្យល់បោកបក់ខ្លាំងនៅក្នុងអំឡុងចុងខែវិច្ឆិកាជារៀងរាល់ឆ្នាំផងដែរ៕