ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបពិភាក្សាការជាមួយ លោកជំទាវ Patricia Danzi អគ្គនាយកទីភ្នាក់ងារស្វីសសម្រាប់អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។
(សៀមរាប) ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ បានទទួលជួបពិភាក្សាការងារ ជាមួយ លោកជំទាវ Patricia Danzi អគ្គនាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) ដែលក្នុងជំនួបទ្វេភាគីនេះ មានការចូលរួមពីឯកឧត្តមឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅប្រទេសថៃ កម្ពុជា និងឡាវ។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងស្វីស រយៈពេលជាង ៦០ឆ្នាំ និងជាពិសេសបានថ្លែងអំណរគុណចំពោះការគាំទ្រ និងការរួមចំណែកដល់កិច្ចការអភិវឌ្ឍនៅប្រទេសកម្ពុជា ក៏ជាការគាំទ្រកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ ទន្ទឹមនឹងនោះ ឯកឧត្តម លី ធុជ បានចាត់ទុកការសម្រេចបាននៃវិស័យសកម្មភាពមីននៅកម្ពុជារយៈពេលជាង ៣០ឆ្នាំ គឹជាផ្នែកមួយនៃរួមចំណែករបស់រដ្ឋាភិបាល និងប្រជាជនស្វីស ផងដែរ។
ជាមួយគ្នានេះ តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះការគាំទ្រដល់ការអនុវត្តនៃអនុសញ្ញាអូតាវ៉ា ជាពិសេសការផ្តល់ភាពជាដៃគូ កិច្ចសហប្រតិបត្តិការ និងការគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការរួមចំណែកសម្រាប់វិស័យសកម្មភាពមីនសកល។
លោកជំទាវ Patricia Danzi បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជាសម្រាប់ការរួមចំណែកវិស័យសកម្មភាពមីនសកល និងការអនុវត្តនៃអនុសញ្ញាអូតាវ៉ា។ លោកជំទាវ Patricia Danzi បានវាយតម្លៃខ្ពស់ចំពោះការរៀបចំព្រឹត្តិការណ៍ពិសេសមុនបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺការដើរដង្ហែក្បួនសម្រាប់ពិភពលោកមួយដែលគ្មានមីន ដែលត្រូវបានចាត់ទុកជាសារមួយយ៉ាងសំខាន់ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងសម្រាប់វិស័យសកម្មភាពមីនសកល។
លោកជំទាវ Patricia Danzi បានគូសបញ្ចាក់ថា ប្រទេសស្វីស នឹងបន្តភាពជាដៃគូជាមួយប្រទេសកម្ពុជា រហូតដល់កម្ពុជាអាចសម្រេចបាននូវគោលដៅគ្មានផលប៉ះពាល់ដោយសារមីន ហើយលោកជំទាវ Patricia Danzi បានទទួលស្គាល់ចំពោះការលំបាក និងភាពស្មុគស្មាញនៃស្ថានភាពចម្ការមីននៅកម្ពុជា ដែលតម្រូវឱ្យបន្តពន្យាពេលការបោសសម្អាតមីន។