ឯកឧត្តម អង្គវង្ស វឌ្ឍានា ដឹកនាំកិច្ចប្រជុំគណៈកម្មការខ្លឹមសារនៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព (IPTP)
នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព (IPTP) ក្រោមប្រធានបទ «ដំណើរស្វែងរកសន្តិភាព ការផ្សះផ្សា និងការអត់ឱន» បានបើកកិច្ចប្រជុំគណៈកម្មការខ្លឹមសារ ក្រោមអធិបតីភាពឯកឧត្តម អង្គវង្ស វឌ្ឍានា ប្រធានគណៈកម្មការទី៦នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
អង្គប្រជុំបានពិនិត្យ និងពិភាក្សាទៅលើ៣ចំណុចសំខាន់ៗ គឺសេចក្តីប្រកាសទីក្រុងភ្នំពេញក្នុងការគាំទ្រ «ធម្មនុញ្ញសន្តិភាពសកល៖ ដើម្បីមនុស្សជាតិ និងភពផែនដី» ក្នុងដំណើរស្វែងរកសន្តិភាព ភាពអត់ឱន និងការផ្សះផ្សា នៅសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព, របាយការណ៍លទ្ធផលគណៈកម្មាធិការជំនាញទាំង៥ គឺគណៈកម្មាធិការសន្តិភាព និងការផ្សះផ្សា, គណៈកម្មាធិការកិច្ចសហប្រតិបត្តិការអន្តរជាតិ, គណៈកម្មាធិការស្បៀងអាហារ ថាមពល ទឹក និងសន្តិសុខស្បៀង, គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងកិច្ចប្រជុំគណៈកម្មាធិការច្បាប់ និងយុត្តិធម៌ និងពិនិត្យទៅលើសេចក្តីថ្លែងការណ៍សារព័ត៌មាននៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព (IPTP) ។
ឯកឧត្តម អង្គវង្ស វឌ្ឍានា បានមានប្រសាសន៍ផងដែរអំពីការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ទៅលើបច្ចេកទេស ពាក្យពេជន៍ ខ្លឹមសារ ក្នុងពិធីបិទ និងការប្រកាសធម្មនុញ្ញសន្តិភាពសកល៖ ដើម្បីមនុស្សជាតិ និងភពផែនដី។
សូមជម្រាបជូនថា ធម្មនុញ្ញសន្តិភាពសកល៖ ដើម្បីមនុស្សជាតិ និងភពផែនដី គឺជាក្របខណ្ឌអន្តរជាតិមួយដែលត្រូវបានបង្កើតឡើង ដើម្បីពង្រឹងនូវសាមគ្គីភាព និងភាពជាដៃគូជាសកល ដើម្បីសន្តិភាព សុខដុមរមនា សេចក្តីថ្លៃថ្នូរ និងភាពរុងរឿងសម្រាប់មនុស្សជាតិ។ ធម្មនុញ្ញនេះឈរលើគោលការណ៍គ្រឹះនៃការឯកភាពគ្នាក្នុងភាពចម្រុះ អធិបតេយ្យភាព បូរណភាពទឹកដី ភាពជាអ្នកជិតខាងល្អ មិត្តភាព ការមិនឈ្លានពាន និងការមិនជ្រៀតជ្រែក, ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងបំពេញផល ប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីសន្តិភាព និងវិបុលភាព (M4P2), ការអត់ឱន សេចក្តីស្រឡាញ់ សមភាព ភាពត្រឹមត្រូវ និងយុត្តិធម៌, ការរួមរស់គ្នាដោយសន្តិភាព ការដោះស្រាយជម្លោះ និងភាព ខុសគ្នា ប្រកបដោយសន្តិវិធី និងវប្បធម៌សន្តិភាព និងការសន្ទនា៕