ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ ស្នើដល់ពិធីករ ពិធីការិនីកម្មវិធីកីឡាដែលមានឥទ្ធិពលក្នុងសង្គមជួយធ្វើការ អត្ថាធិប្បាយអំពីផលប៉ះពាល់ពីគ្រឿងញៀន តាមរយៈសារ ឯកជនរបស់ខ្លួន ផ្សព្វផ្សាយទៅដល់ស្រទាប់យុវជន និងពលរដ្ឋអោយចៀសឆ្ងាយពីគ្រឿងញៀន
ជាមួយនេះសូមអ្នកដែលមានស្នាដៃក្នុងកីឡាអេឡិចត្រូនិកដែលមានអ្នកគាំទ្ររាប់មុឺននាក់
អ្នកដែលមានប្រជាប្រិយ៍ភាព និងអ្នកដែលបានចូលរួមលេងកីឡាអេឡិចត្រូនិកជួយភ្ជាប់នូវសារអប់រំទាក់ទងបញ្ហាគ្រឿងញៀន ហើយតាំងចិត្តរួមគ្នាថាយើងមិនប្រើប្រាស់ មិនប៉ះពាល់ មិនជួញដូរគ្រឿងញៀន ហើយរួមគ្នាដើម្បី ផ្សព្វផ្សាយអោយអ្នកផ្សេងៗទៀតទទួលសារទាំងនេះបាន ពិសេសយុវជន ព្រោះថាមានតែការអប់រំតែមួយគត់ដែលអាចឈានទៅដល់ការលុបបំបាត់បានទាំងស្រុងនូវបញ្ហានៃការប្រើប្រាស់គ្រឿងញៀននៅក្នុងសង្គមរបស់យើង,
ចេញពីខ្លួនយើង យើងនឹងអាចពង្រីកដល់សហគមន៍យើង ចេញពីសហគមន៍យើង យើងនឹងពង្រីកការទប់ស្កាត់នូវការមិនប្រើប្រាស់គ្រឿងញៀននៅក្នុងសង្គមរបស់យើង,
នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង លោកជំទាវ ឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ជា ចន្ទ័បរិបូរណ៍ ប្រធានសហពន្ធ័កីឡាអេឡិចត្រូនិកកម្ពុជា ស្តីពីកិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់និងគ្រោះថ្នាក់ នៃគ្រឿងញៀន នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នាអគារ T.Y Esports Center វិថី៦០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា
អនុស្សរណៈនេះគឺជាទម្ងន់មួយបន្ថែមទៀតដែលមានការចូលរួមពីសមាជិកនៃសហពន្ធ័កីឡាអេឡិចត្រូនិកកម្ពុជាក្នុងការអនុវត្តអោយបានជោគជ័យក្នុងខ្លឹមសារនៃអនុស្សរណៈ
ហើយក៏ជាការបង្ហាញអោយឃើញច្បាស់ថា សមាជិកនៅក្នុងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា មិនមានការពាក់ពន្ធ័ជាមួយបញ្ហាគ្រឿងញៀន ដែលនេះគឺជាការសម្អាតចកក្នុងបឹង អោយឃើញទឹកថ្លា ដូចអ្វីដែលជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី “ យើងមិនមែនវែកចកទេ តែយើងសម្អាតចក ហើយការសម្អាតពី ១ដុំ ទៅ ១ដុំ ដោយមិនអនុញ្ញាតអោយចកផ្សេងទៀតចូលមកទៀតទេ “ ។
ឯកឧត្តម ប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ បានលើកឡើងថា ប្រជាជនកម្ពុជា ចំនួន៦៥% ជាប្រជាជនសកម្ម និងពេញកំលាំង ហើយក្នុងនោះគឺយុវជនមានចំនួនច្រើន បើតាមការសិក្សាទិន្នន័យចន្លោះពី ៣ទៅ ៤មុឺននាក់ ជាយុវជនដែលប្រឈមមុខខ្ពស់ទៅការញៀននៃគ្រឿងញៀននាពេលបច្ចុប្បន្ននេះ ។ ដូច្នេះហើយទើបអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានខិតខំធ្វើយ៉ាងណាកាត់ផ្តាច់ និងផ្សព្វផ្សាយអោយបានទូលំទូលាយពីផលប៉ះពាល់នៃបញ្ហាគ្រឿងញៀន ដើម្បីទប់ស្កាត់កុំអោយយុវជនដែលកំពុងនៅមាត់រណ្តៅនៃការញៀនគ្រឿងញៀន អាចដកខ្លួន ឬបញ្ឈប់នូវរាល់បញ្ហាដែលឈានទៅប្រើប្រាស់គ្រឿងញៀន ។ ជាមួយនេះដែរ ប្រមុខរាជរដ្ឋាភិបាលបានប្រកាន់យកនូវវិធានការអប់រំ ជាអាទិភាព ហើយបន្ទាប់មកឈានទៅវិធានការអនុវត្តច្បាប់ និងវិធានវិធានការផ្សេងៗទៀតក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ព្រោះបញ្ហាគ្រឿងញៀន ជាបញ្ហារួមដែលត្រូវចូលរួមទប់ស្កាត់ លប់បំបាត់និងប្រយុទ្ធប្រឆាំងទាំងអស់គ្នា។ នៅក្នុងន័យនេះ សម្តេចធិបតី ស្នើសុំឱ្យថ្នាក់ ដឹកនាំក្រសួងស្ថាប័ន ទាំងអស់ ក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស រហូតដល់សមាជិកគ្រួសារ ត្រូវធ្វើការអប់រំក្រើនរំលឹកអំពីផលប៉ះពាល់វិនា សកម្មនៃគ្រឿងញៀន និងមានវិធានការម៉ឺងម៉ាត់តឹងរឹងបំផុតចំពោះការ ប្រើប្រាប់គ្រឿងញៀន ត្រូវនិយាយថា”ទេដាច់ខាតចំពោះគ្រឿងញៀន” ។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ក្នុងនាមសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបង្ហាញនូវមោទនភាព ដែលបានចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ស្របតាមទស្សនវិស័យ “ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន” សំដៅរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ ទុកជាអាទិភាពខ្ពស់។
ឯកឧត្តម ប្រធានសហព័ន្ធបានគូសបញ្ជាក់ថា
សាររបស់កីឡាករ កីឡាការិនី អ្នកអត្ថាធិប្បាយកីឡា នឹងបានទៅដល់យុវជនដែលជាអ្នកគាំទ្រ និងទស្សនាកីឡាអេឡិចត្រូនិក ហើយអាចនឹងមានឥទ្ធិពលជ្រួតជ្រាបដល់ពួកគេឲ្យមានការយល់ដឹង ចូលរួមទប់ស្កាត់ និងជៀសឆ្ងាយពីគ្រឿងញៀន ដូចជាពាក្យស្លោកថា លេងកីឡាភ្លេចញៀន ស្តាយពានចូលផ្ទះ និង ត្រូវនិយាយថាទេចំពោះគ្រឿងញៀន ៕