សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំសម័យប្រជុំអង្គលើកទី១ នៃសម័យប្រជុំពេញអង្គ IPTP លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បភាពអត់ឱននិងសន្តិភាព (IPTP) លើកទី១១ បានអញ្ជើញដឹកនាំ សម័យប្រជុំពេញអង្គវគ្គទី១ ក្រោមប្រធានបទ ការជំរុញនិម្មាបនកម្មសកលដើម្បីសន្តិភាព ការកសាងសន្តិភាព ការផ្សះផ្សា និងភាពអត់ឱនៈ សហថាមពលរបស់រដ្ឋាភិបាល សភា និងសង្គមស៊ីវិល។
កិច្ចប្រជុំនេះ មានឯកឧត្តម Ahmed Mohamed Aljiarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱននិងសន្តិភាព (GCTP) ជាសហប្រធានដឹកនាំកិច្ចប្រជុំ។
កិច្ចប្រជុំសំខាន់នេះ មានការថ្លែងសន្ទរកថាគន្លឹះពីប្រធានរដ្ឋសភានិងថ្នាក់ដឹកនាំអង្គការ វេទិកាអន្តរជាតិជាច្រើន មានដូចជា ឯកឧត្តម Dev Raj Ghimire ប្រធានរដ្ឋសភានេប៉ាល់ លោកជំទាវ Cemira Sacramento ប្រធានរដ្ឋសភាសៅតូម៉េ និងព្រីនស៊ីប ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ឯកឧត្តម Andres Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) និងលោកជំទាវ Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការ AIPA ជាដើម។
មុនប្រគល់វេទិកាជូនវាគ្មិន សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះការចូលរួមដ៏សកម្មរបស់គណៈប្រតិភូទំាងអស់ក្នុងបេសកកម្មដើម្បីសន្តិភាពជូនប្រជាជននៅក្នុងសកលលោកជាមួយកម្ពុជានាឱកាសនេះ។ សម្តេចបានអបអរសាទរចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាទទួលបានពានរង្វាន់សន្តិភាព៖ ដើម្បីមនុស្សជាតិនិងភពផែនដី នៅក្នុងសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។ ការប្រគល់ពាន់រង្វាន់សន្តិភាពជូន សម្តេចតេជោ នាឱកាសនេះ ជាការសមគួរបំផុតឆ្លើយតបចំពោះពលីកម្មដ៏ធំធេងរបស់សម្តេចក្នុងការស្វែងរកសន្តិភាពនិងការផ្សះផ្សាជាតិ នៅកម្ពុជា៕