ក្រសួងធម្មការនិងសាសនា បើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ៥ឆ្នាំ និងរចនាសម្ព័ន្ធថវិកាកម្មវិធីឆ្នាំ២០២៤-២០២៥”

ឯកឧត្តម សារ៉ាយ ឆុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ៥ឆ្នាំ និងរចនាសម្ព័ន្ធថវិកាកម្មវិធីឆ្នាំ២០២៤-២០២៥” នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ឯកឧត្តម សារ៉ាយ ឆុន មានប្រសាសន៍ថា ក្រសួងធម្មការនិងសាសនា អនុវត្តន៍ការផ្សារភ្ជាប់ថវិកា ទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពី កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់ ។ឯកឧត្តម រដ្ឋលេខាធិការ  បានបញ្ជាក់ថា ក្រសួងធម្មការនិងសាសនា ទទួលអនុវត្តតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈត្រូវបានប្រកាស ដាក់ឱ្យអនុវត្តចាប់តាំងពីខែធ្នូ ឆ្នាំ២០០៤ និងបានក្លាយជាកម្មវិធី អាទិភាពមួយ ក្នុងចំណោមកម្មវិធីកែទម្រង់អាទិភាពផ្សេងទៀត របស់រាជរដ្ឋាភិបាលនាពេលកន្លងមក ។ ហើយនៅតែជាអាទិភាពសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយ ភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹង កំពុងចូលរួមចំណែកក្នុងការកសាង និងពង្រឹងស្ថាបនូបនីយកម្ម រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ជាមួយគ្នានឹងការជម្រុញកំណើនសេដ្ឋកិច្ច កម្ពុជា សំដៅកសាង មូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់។ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់ឯកឧត្តម បណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ការរៀបចំគោលការណ៍ ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់ក្រសួងធម្មការ និងសាសនា ផ្តោតលើអភិក្រមគន្លឹះចំនួនពីរ ពោលគឺ៖ (១) ការ សម្រួច សម្រិត សម្រាំងគោលការណ៍រួមគន្លឹះៗតាមរយៈការចងក្រង លិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាន ដើម្បីចង្អុលបង្ហាញ អង្គភាពរដ្ឋបាលថ្នាក់កណ្តាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីគោល ការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត វិធាន យន្តការ និងនីតិវិធីរួម ការណច្បាប សំដៅធានាសង្គតិភាព (២) ការសិក្សា វិភាគ សម្រួល កែលម្អឱ្យមាន «ជាតម្លៃបន្ថែម» និងធ្វើឱ្យប្រសើរឡើងនូវអ្វីដែលខ្វះចន្លោះ ទាំងក្នុង លិខិតបទដ្ឋានគតិយុត្ត និងការអនុវត្តជាក់ស្តែង សម្រាប់ទិសដៅ ការងារកែទម្រង់ខាងមុខ និងក្នុងដំណាក់កាលបន្តបន្ទាប់ទៀត។សូមជម្រាបជូនថា គោលបំនងនៃសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ៥ឆ្នាំ និងរចនាសម្ព័ន្ធថវិកាកម្មវិធីឆ្នាំ២០២៤-២០២៥” នេះ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដែលបានណែនាំឲ្យអគ្គនាយកដ្ឋានជំនាញអនុវត្តកំណេទម្រង់ ឲ្យស្របទៅនិងគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រង ដំណើរការអនុវត្តថវិកា ប្រកបដោយតម្លាភាព ស័ក្តិសិទ្ធិភាព គណនេយ្យភាព និងចីរភាពនៃការវិភាជ និងប្រើប្រាស់ធនធានសាធារណៈរបស់ក្រសួងធម្មការនិងសាសនា ៕