គណៈប្រតិភូសភាអន្តរជាតិអញ្ជើញធ្វើទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ

គណៈប្រតិភូសភាអន្តរជាតិអញ្ជើញធ្វើទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ
………………………
នៅក្នុងឱកាសអញ្ជើញចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ គណៈប្រតិភូសភាអន្តរជាតិបានអញ្ជើញធ្វើទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ នារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ក្នុងដំណើរទស្សនកិច្ចនេះ មានការអញ្ជើញដឹកនាំដោយ ឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងជាអនុប្រធានអនុគណៈកម្មការ ឡូជីស្ទីក ពិធីការ បានដឹកនាំប្រតិភូជាន់ខ្ពស់សភាអន្តរជាតិ ប្រមាណ 80 រូប និងមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចនេះ ដោយ ឧត្តមសេនីយ៍ឯក ណឹម សុវត្តី អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទស
និងជានាយក អង្គភាពសេនាតេជោ។ ការអញ្ជើញទស្សនា និងសិក្សាស្វែងយល់នូវវិមានឈ្នះឈ្នះនេះដើម្បីបានស្វែងយល់បន្ថែមទៀតនូវដំណែលប្រវត្តិសាស្រ្ត ពីជោគជ័យនៃកិច្ចប្រឹងប្រែង នាំមកនូវសន្តិភាពពេញលេញ ការផ្សះផ្សា និងការបង្រួបបង្រួមជាតិរបស់កម្ពុជា។
គណៈប្រតិភូបានអញ្ជើញទស្សនានូវស្ថាបត្យកម្មដ៏ល្អឯកដែលបានបង្ហាញអំពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា ដែលបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ បានធ្វើឱ្យកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញ ដែលជាកត្តាចម្បងសម្រាប់ជំរុញការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ ហើយបានប្រែក្លាយជីវភាពប្រជាជនពីភាពក្រីក្រមកជាប្រជាជនដែលមានចំណូលមធ្យមកម្រិតទាប និងឈានដល់កម្រិតខ្ពស់ នាពេលខាងមុខ។
នយោបាយឈ្នះឈ្នះគឺជាការបញ្ចប់សង្គ្រាមដោយគ្មានការបង្ហូរឈាមនិងគ្មានអ្នករងគ្រោះ ពោលគឺខ្មែរឈ្នះទាំងអស់គ្នា។ អាថ៌កំបាំងនៃនយោបាយឈ្នះឈ្នះត្រូវបានសម្តេចតេជោបង្ហាញជាសាធារណៈរួចហើយដោយវាមានធាតុផ្សំសំខាន់៣គឺ៖ ទី១៖ ធានាអាយុជីវិត ទី២៖ ធានាអាជីពនិងមុខរបរ និងទី៣៖ ធានាកម្មសិទ្ធិឯកជន ជូនដល់គូជម្លោះ។ ដោយសារសន្តិភាពទើបកម្ពុជាមានអ្វីៗដូចសព្វថ្ងៃ។ ការបញ្ចប់សង្គ្រាមតាមរូបមន្តពិសេសបែបនេះកម្រកើតមានខ្លាំងណាស់នៅក្នុងពិភពលោកដែលភ្លើងសង្គ្រាមកំពុងបន្តឆាបឆេះនៅច្រើនកន្លែង។

នៅក្នុងបាឋកថាពិសេសកាលពីពេលបើកសម័យប្រជុំពេញអង្គ IPTP លើកទី១១ សម្តេចតេជោហ៊ុន សែន បានគូសបញ្ជាក់ថា សង្រ្គាមអាចកើតមានតែមួយពព្រិចភ្នែកប៉ុណ្ណោះ។ ប៉ុន្តែការបញ្ចប់សង្រ្គាម ការស្វែងរកសន្តិភាពនិងកិច្ចការពារសុខសន្តិភាពជាការលំបាក។ កម្ពុជាមានឆន្ទៈមោះមុតនៅក្នុងការថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការរួមចំណែក ចែករំលែកនិងការថែរក្សាសុខសន្តិភាពដល់សកលលោកទំាងមូល។

ជាក់ស្ដែងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញនេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាទទួលបានពានរង្វាន់សន្តិភាព៖ ដើម្បីមនុស្សជាតិនិងភពផែនដី នៅក្នុងសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ។ ការប្រគល់ពាន់រង្វាន់សន្តិភាពជូន សម្តេចតេជោ នាឱកាសនោះជាការសមគួរបំផុត ឆ្លើយតបចំពោះពលីកម្មដ៏ធំធេងរបស់សម្តេចក្នុងការស្វែងរកសន្តិភាពនិងការផ្សះផ្សាជាតិ នៅកម្ពុជា៕