ទឹកជំនន់ភ្លាមៗបង្ករជាគ្រោះរអិលបាក់ដីវាយប្រហារកោះស៊ូម៉ាត្រាបណ្តាលឲ្យមនុស្ស១៦នាក់ស្លាប់និងរាប់សិបនាក់នៅតែបាត់ខ្លួន
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃច័ន្ទថា ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានរកឃើញសពមនុស្សចំនួន១៦នាក់នៅក្រោមល្បាក់ភក់ និងថ្មជារាប់សិបតោន ដែលត្រូវបានទឹកជំនន់នាំទៅជាមួយក្រោយពីបានវាយប្រហារភូមិតាមចង្កេះភ្នំនៅលើកោះស៊ូម៉ាត្រា។ មន្ត្រីបាននិយាយថា មនុស្សប៦នាក់កំពុងបាត់ខ្លួននៅឡើយ។ ល្បាក់ភក់ ថ្ម និងដើមឈើបាក់ដួលរលំពីលើភ្នំមួយបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍នេះ ហើយទឹកទន្លេបានច្រាលដោយបាក់ច្រាំងនិងហូររកាត់ស្រុកតំបន់ភ្នំចំនួន៤ក្នុងខេត្តស៊ូម៉ាត្រាខាងជើង បំផ្លាញផ្ទះសម្បែង និងបំផ្លាញកសិដ្ឋានប្រជាពលរដ្ឋ។ លោក Juspri M. Nadeak ដែលជាប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់បាននិយាយថា មន្រ្តីប៉ូលីស ក្រុមទាហាន និងកម្មករជួយសង្គ្រោះបានប្រើឧបករណ៍ជីកកកាយ ឧបករណ៍កសិកម្ម និងដៃទទេរបស់ពួកគេផងដើម្បីរុះរើតាមគំនរបាក់បែក ស្វែងរកមនុស្សស្លាប់ និងបាត់ខ្លួននៅក្នុង Semangat Gunung ដែលជាតំបន់រមណីយដ្ឋានមួយក្នុងស្រុក Karo ។ លោកបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសពមនុស្សចំនួន៦បន្ទាប់ពីការរអិលបាក់ដីបានវាយប្រហារផ្ទះពីរខ្នងនិងខ្ទមមួយកាលពីល្ងាចថ្ងៃអាទិត្យនេះ។ លោកបានបន្តថា អ្នករងរបួស៩នាក់ ដោយពួកគេព្យាយាមរត់គេចពីគ្រោះធម្មជាតិនេះ។ ក្រុមអ្នកជួយសង្គ្រោះនៅថ្ងៃចន្ទនេះនៅតែស្វែងរកអ្នកបាត់ខ្លួន៤នាក់បន្ថែមក្នុងនោះមានកុមារ២នាក់ដែរ។ លោក Puput Mashuri ដែលជាប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះកាលពីថ្ងៃអាទិត្យក៏បានទាញសពមនុស្ស២នាក់ដែរចេញពីទន្លេមួយ បន្ទាប់ពីមានទឹកជំនន់ភ្លាមៗបានបោកបក់បំផ្លាញផ្ទះសម្បែងយ៉ាងហោចណាស់១០ខ្នង និងខូចខាតផ្ទះ និងអគារប្រហែលជា១៥០ខ្នងនៅក្នុងភូមិនានាក្នុងសង្កាត់ South Tapanuli ។ មនុស្សរាប់សិបនាក់បានរងរបួសដោយសារទឹកជំនន់ភ្លាមៗ ដែលបានបំផ្លាញដីកសិកម្ម និងចម្ការជាង១៣០ហិកតា ផងដែរ។ ទឹកជំនន់ភ្លាមៗកាលពីថ្ងៃអាទិត្យនេះក៏បានធ្វើឱ្យមនុស្ស៤នាក់ស្លាប់នៅក្នុងស្រុក Deli Serdang ហើយក្រុមអ្នកជួយសង្គ្រោះកាលពីថ្ងៃចន្ទក៏កំពុងស្វែងរកមនុស្ស២នាក់ដែលត្រូវបានទឹកជំនន់នាំទៅភ្លាមៗ ហើយនៅតែបាត់ខ្លួនមកដល់ពេលនេះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ