ក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានបានសម្រុកចូលរដ្ឋធានី Islamabad និងបិទខ្ទប់ផ្នែកជាច្រើនជាថ្នូរនឹងការទាមទារឲ្យរដ្ឋាភិបាលថ្មីដោះលែងលោក Khan

ក្រុមអ្នកគាំទ្រដែលស្វែងរកវិធីសាស្រ្តក្នុងការដោះលែងអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan ដែលកំពុងជាប់ឃុំនាពេលកន្លងទៅ បានប្រមូលផ្តុំគ្នានិងសម្រុកចូលរដ្ឋធានីដ៏សំខាន់របស់ប៉ាគីស្ថាននៅថ្ងៃអង្គារនេះ និងបានទម្លុះកុងតឺន័រដឹកជញ្ជូនជាច្រើនគ្រឿងដែលចាក់សោរ ឬ បិទខ្ទប់រដ្ឋធានី Islamabad នេះ នៅពេលដែលពួកគេបានប៉ះទង្គិចជាមួយសមត្ថកិច្ចក្នុងទីក្រុង ដែលធ្វើឲ្យមនុស្ស៦នាក់ស្លាប់នៅក្នុងអំពើហិង្សាទាក់ទងនឹងសកម្មភាពតវ៉ារបស់ពួកគេ។ ក្រុមអ្នកតវ៉ាបានប្រយុទ្ធតបតនឹងកម្លាំងសន្តិសុខ ហើយមិនអើពើនឹងការគំរាមរបស់រដ្ឋាភិបាលណាមួយក្នុងការឆ្លើយតបដោយប្រើកាំភ្លើងប្រភេទណាឡើយ។

អ្នកស្លាប់នោះរួមមានសមាជិកសេវាសន្តិសុខ៤នាក់ និងជនស៊ីវិលម្នាក់ នៅពេលដែលរថយន្តបើកបំបុកពួកគេនៅតាមផ្លូវស្រស់ៗតែម្តង។ នាយករដ្ឋមន្ត្រីប៉ាគីស្ថានបច្ចុប្បន្នលោក Shehbaz Sharif បានថ្កោលទោសការវាយប្រហារនៅថ្ងៃអង្គារនេះដោយលោកនិយាយនិងដាក់ឈ្មោះក្រុមនេះថា “ជាក្រុមអនាធិបតេយ្យ” ពួកគេមានចេតនាកំណត់គោលដៅលើបុគ្គលិកដែលអនុវត្តច្បាប់យ៉ាងពិតប្រាកដនៅក្នុងប្រទេសនេះ។ ប៉ុន្តែមិនមានការអះអាងអំពីការទទួលខុសត្រូវចំពោះហេតុការណ៍វាយប្រហារនេះនៅឡើយទេ។

មន្ត្រីប៉ូលីសម្នាក់ក៏បានស្លាប់នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយផ្សេងទៀតដែរ។ អំឡុងពេលពើបប្រទះគ្នានោះប៉ូលីសរដ្ឋធានីបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីព្យាយាមបំបែកហ្វូងបាតុករ ខណៈមនុស្សរាប់សិបនាក់ទៀតបានរងរបួស រួមទាំងអ្នកកាសែតក៏បានរងនូវការវាយប្រហារដោយក្រុមអ្នកគាំទ្រលោក Imran Khan ដែរ៕ សម្រួលអត្ថបទ៖ សុផារិន្ទ