ឯកឧត្តម ចាយ បូរិន អនុញ្ញាតឱ្យលោកជំទាវអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យ លោកជំទាវ លីវង្ស ឡាវលី អនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូអមដំណើរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីស្តីការក្រសួង។

ជាកិច្ចចាប់ផ្តើម លោកជំទាវ អនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដោយមានឱកាសបានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចនៅកម្ពុជា ហើយដំណើរទស្សនកិច្ចនេះ លោកជំទាវ បានពិនិត្យឃើញស្ថានភាពនៃការរីកចម្រើននៅកម្ពុជា កាន់តែមានភាពល្អប្រសើរ។

លោកជំទាវ បានសម្ដែងនូវការពេញចិត្ត ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យរវាងឡាវ-កម្ពុជា ពិសេសវិស័យធម្មការ និងសាសនា ដែលធ្វើឲ្យប្រទេសទាំងពីឡាវ-កម្ពុជា សម្រេចបាននូវភាពសុខដុមរមនា ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការជាប្រយោជន៍រួមរបស់ប្រជានជននៃប្រទេសទាំងពីរកម្ពុជា-ឡាវ។

លោកជំទាវ សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះជោគជ័យ និងស្នាដៃដ៏ធំធេងដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំសម្រេចបានសេចក្តីសុខសន្តិភាព មានការឯកភាពជាតិដ៏រឹងមាំ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យជាបន្តបន្ទាប់ ធ្វើអោយកម្ពុជាកាន់តែទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ថែមទៀតលើឆាកអន្តរជាតិ។

ជាងនេះទៅទៀត លោកជំទាវ អនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ សូមកោតសរសើរ និងថ្លែងអំណរគុណដល់ក្រសួងធម្មការនិងសាសនា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយឯកឧត្តមចាយ បូរិន ដែលបានគ្រប់គ្រងបានយ៉ាងល្អ ផ្តល់នូវភាពកក់ក្តៅ និងរក្សានូវសុខដុមនីយកម្មសាសនា ស្របទៅនឹងច្បាប់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមចាយ បូរិន បានមានប្រសាសន៍ស្វាគមន៍ និងលើកឡើងអំពីការរីកចម្រើននៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជា-ឡាវ ក្នុងរយៈពេល ៦៨ឆ្នាំកន្លងមក ដែលប្រជាជននៃប្រទេសយើងទាំងពីរ មានភូមិផងរបង ជាមួយបានរួមសុខរួមទុក្ខជាមួយគ្នា ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងបានបង្កើតកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសវិស័យធម្មការ និងសាសនា ដើម្បីនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ។ 

ឯកឧត្តមបានបន្តទៀតថា ក្រសួងធម្មការ និងសាសនា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ គ្នា ស្តីពីកិច្ច សហប្រតិបត្តិការទ្វេភាគីលើវិស័យសាសនាជាមួយក្រសួងផ្ទៃក្នុង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយ ឱ្យការងារគ្រប់គ្រងរដ្ឋលើវិស័យសាសនានៃប្រទេសទាំងពីរកម្ពុជា-ឡាវ ពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែមានប្រសិទ្ធភាពថែមទៀត និងសម្រេចបាននូវការរីកចម្រើនថ្មីៗ ក្នុងការរួម វិភាគទានពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការជាប្រយោជន៍រួមរបស់ប្រជានជន នៃប្រទេសទាំងពីរកម្ពុជា-ឡាវ ព្រមទាំងរក្សាភាពក្សេមក្សាន្ត ភាពថ្លៃថ្លូរ និងសន្តិភាពសម្រាប់មនុស្ស ជាតិ ដោយបានអនុវត្តការងារទទួលបានលទ្ធផលគួរជាទីមោទក:។ 

ឯកឧត្តមបណ្ឌិតបានបន្តថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតក្នុងរយៈពេលកន្លងមករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងការបន្តដឹកនាំប្រកបដោយភាពឈ្លាសវៃប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាមានសេចក្តីសុខសន្តិភាព ស្ថេរភាព និងមានការរីកចម្រើនលើគ្រប់ផ្នែកគ្រប់វិស័យ គួរជាទីមោទនៈខ្ពស់ ពិសេសវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ជាងនេះទៅទៀត ឯកឧត្តមបានសំដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរ ដែលជាមិត្តចាស់ដ៏ប្រសើររបស់កម្ពុជា ក្នុងការរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏ល្អប្រពៃ និងមានរយៈពេលដ៏យូរលង់រវាងប្រជាជាតិនៃប្រទេសយើងទាំងពីរ កម្ពុជា-ឡាវ ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍លើកឡើងពីការបន្តជំរុញឱ្យចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យរវាងប្រទេសយើងទាំងពីរ កម្ពុជា-ឡាវ កាន់តែទទួលបាននៅភាពរីកចំរើន ថ្កុំថ្កើង និងជិតស្និតថែមទៀត ដោយឈរលើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ព្រមទាំងជូនពរដល់លោកជំទាវ និងគណៈប្រតិភូទាំងអស់ ទទួលបានជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ៕