ឯកឧត្តម ចាយ បូរិន និងលោកជំទាវ អញ្ជើញរៀបចំពិធីពិសារអាហារស្វាគមន៍គណៈប្រតិភូនៃក្រសួងផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញរៀបចំឡើងនូវពិធីពិសារអាហារទទួលស្វាគមន៍ចំពោះគណៈប្រតិភូក្រសួងផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយលោកជំទាវ លីវង្ស ឡាវលី អនុរដ្ឋមន្ត្រីនៃក្រសួងផ្ទៃក្នុងឡាវ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ក្នុងឱកាសលោកជំទាវ និងគណៈប្រតិភូបំពេញដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេលចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។
អញ្ជើញថ្លែងសន្ទរកថានាឱកាសនោះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកជំទាវនាឱកាសនេះ ធ្វើឡើងស្របពេលដែលប្រទេសយើងទាំងពីរបាននឹងកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ឆ្នាំនៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងន័យនេះ ក៏ជាឱកាសដែលមួយឱ្យក្រសួងស្ថាប័ននៃប្រទេសពីរ ជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យជនជាតិ កាន់តែរឹងមាំ និងយូរអង្វែង ដែលជាចំណងមិត្តភាពក្នុងភាពជាអ្នកជិតខាងល្អ និងមិត្តភាពជាប្រពៃណី ដែលទំនាក់ទំនងនេះត្រូវបានពង្រឹង និងពង្រីករហូតត្រូវបានលើកកម្ពស់ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង”។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ៦៨ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ឡាវ បានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រជាច្រើន ព្រមទាំងពុះពារជម្នះលើបញ្ហាប្រឈមធំៗ ដែលបានធ្វើឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការបើគ្រប់វិស័យរវាងប្រទេសទាំងពីរ សម្រេចបានសមិទ្ធផលដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រយ៉ាងច្រើន ដែលមិនអាចកាត់ថ្លៃបាន។
ក្នុងនាមក្រសួងធម្មការ និងសាសនា និងក្នុងនាមឯកឧត្តមផ្ទាល់ សូមសម្តែងនូវអំណរគុណចំពោះក្រសួងផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅរួមចំណែកដល់ការពង្រឹង និងពង្រីកនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរកម្ពុជា -ឡាវ។
លោកជំទាវ លីវង្ស ឡាវលី អនុរដ្ឋមន្ត្រីនៃក្រសួងផ្ទៃក្នុងឡាវ បានអញ្ជើញថ្លែងសុន្ទរកថា និងបានថ្លែងអំណរគុណចំពោះភាគីកម្ពុជា ឯកឧត្តម ចាយ បូរិន ដែលបានរៀបចំនូវពិធីពិសារអាហារស្វាគមន៍ប្រកបដោយអត្ថន័យនេះ សម្តៅបន្តរឹតចំណងមេត្រីភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែជិតស្និតរវាងឡាវ-កម្ពុជា និយាយជារួម និងនិយាយដោយឡែក រវាងក្រសួងធម្មការ និងសាសនាកម្ពុជា និងក្រសួងផ្ទៃក្នុងឡាវ។
លោកជំទាវមានប្រសាសន៍ថា ទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនយើងទាំងពីរកម្ពុជា-ឡាវ នឹងកាន់តែត្រូវបានពង្រីកថែមទៀតនៅពេលបច្ចុប្បន្ន និងទៅអនាគត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកជាប់ជាប្រចាំ។
ពិធីពិសារអាហារសាមគ្គីនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏រីករាយស្និទ្ធស្នាល និងកក់ក្តៅ ចំពោះឯកឧតត្តម ចាយ បូរិន និងលោកជំទាវ ព្រមទាំងលោកជំទាវ លីវង្ស ឡាវលី និងនាំមកនូវការរឹតបណ្តឹងចំណង មេត្រីភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសយើងទាំងពីរ ឲ្យកាន់តែមានភា ពចំរើនរុងរឿង និងស្ថិតស្ថេរគង់វង្សជារៀងរហូតតទៅ។
មុននឹងបញ្ចប់ ឯកត្តម ចាយ បូរិន មានសម្តែងនូវសេចក្តីសោមនស្សក្រៃលែង និងសូមជូនពរ លោកជំទាវ និងគណៈប្រតិភូឡាវទាំងអស់ សូមបានប្រកបដោយសេចក្តីសប្បាយរីករាយ មានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងការបំពេញការងារ ជាផលប្រយោជន៍នៃការពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសយើងទាំងពីរកម្ពុជា-ឡាវ៕