កិច្ចប្រជុំអនុគណៈកម្មាធិការវប្បធម៌អាស៊ាននៃកិច្ចប្រជុំគណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ាន លើកទី៥៩
កិច្ចប្រជុំគណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ានលើកទី ៥៩ បានរៀបចំកិច្ចប្រជុំអនុគណៈកម្មាធិការវប្បធម៌អាស៊ាន (SCC) ដើម្បីពិនិត្យ និងពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពលើវិស័យវប្បធម៌ ព្រមទាំងបង្កើនការយល់ដឹង និងសាមគ្គីភាពរវាងប្រជាជនអាស៊ាន។
កិច្ចប្រជុំអនុគណៈកម្មាធិការវប្បធម៌អាស៊ាននេះ បានប្រព្រឹត្តទៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាប្រធានអនុគណៈកម្មការអាស៊ានផ្នែកវប្បធម៌ ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកនៃប្រទេសជាសមាជិកអាស៊ានជាច្រើនរូប។
ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាប្រធានកិច្ចប្រជុំ បានមានប្រសាសន៍ថាស្វាគមន៍ចំពោះគណៈប្រតិភូគ្រប់រូប ដែលចូលរួមក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការវប្បធម៌អាស៊ាន ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ។
កិច្ចប្រជុំអនុគណៈកម្មាធិការវប្បធម៌អាស៊ាននាឱកាសនេះ បានពិភាក្សាទៅលើការផ្លាស់ប្តូរដ៏ស៊ីជម្រៅ ការសម្រេចចិត្តសហការ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដោយផ្អែកលើរបៀបវារៈដែលបានអនុម័ត។
កិច្ចប្រជុំនាឱកាសនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការអភិរក្ស និងលើកកម្ពស់ភាពសម្បូរបែបនៃវប្បធម៌របស់អាស៊ាន ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំនៅក្នុងតំបន់អាស៊ាន និងជាមួយដៃគូសន្ទនា ដូចជាប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា អ៊ីតាលី និងចក្រភពអង់គ្លេស។ គម្រោង និងកិច្ចសហប្រតិបត្តិការវប្បធម៌ទាំងអស់នេះ បង្ហាញពីសារៈសំខាន់នៃអត្តសញ្ញាណសមូហភាព ការលើកកម្ពស់ការតភ្ជាប់រវាងប្រជាជន និងប្រជាជននៅក្នុងអាស៊ាន និងលើសពីនេះ ព្រមទាំងការរួមចំណែកដល់ការកសាងសហគមន៍អាស៊ានដែលមានភាពធន់។
គម្រោងដែលកំពុងដំណើរការជាច្រើន បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់រដ្ឋសមាជិកអាស៊ាន និងដៃគូ ក្នុងការការពារទាំងបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ព្រមទាំងការអភិវឌ្ឍន៍ធនធានមនុស្សវប្បធម៌សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅទូទាំងតំបន់។
ចំពោះភាពចម្រុះនៃគំនិតផ្តួចផ្តើមដែលកំពុងដំណើរការ រួមទាំងនៅក្នុងសហគមន៍សង្គម-វប្បធម៌អាស៊ាន កិច្ចខិតខំប្រឹងប្រែងដើម្បីអភិរក្សប្រពៃណីវាយនភ័ណ្ឌ ការបង្កើតបណ្ណសារបេតិកភណ្ឌឌីជីថល ការផ្តល់អំណាចដល់យុវជនតាមរយៈសិល្បៈច្នៃប្រឌិត និងការជំរុញការផ្លាស់ប្តូរវប្បធម៌ក្នុងតំបន់ ដូចជាពិធីបុណ្យតន្ត្រី និងការផ្តួចផ្តើមវប្បធម៌ផ្សេងៗទៀត។
ក្នុងនាមជាប្រធាន កម្ពុជាប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងដល់ការសម្របសម្រួលនៃកិច្ចពិភាក្សាដ៏មានអត្ថន័យទាំងនេះ ហើយរំពឹងថានឹងមានលទ្ធផលជាផ្លែផ្កា។
សូមជម្រាបជូនថា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ានលើកទី៥៩ ដោយមានកិច្ចប្រជុំចំនួន២ គឺកិច្ចប្រជុំអនុគណៈកម្មាធិការវប្បធម៌អាស៊ាន (SCC) និងកិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានអាស៊ាន (SCI)។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ានលើកទី៥៩៕