គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម និមន្តទស្សនកិច្ចស្វែងយល់អំពី វិមាន ឈ្នះ-ឈ្នះ ដែលជាវិមាននិមត្តរូបនៃដណ្តើមសន្តិភាព និងការឯកភាពទឹកដី 

បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ឲ្យគណៈប្រតិភូព្រះសង្ឃខ្មែរក្រោម និមន្តជួបសម្ដែងការគួរសម និងសំណេះសំណាល នៅភូមិគ្រឹះនាទីក្រុងតាខ្មៅ ខេត្តកណ្តាល អំឡុងពេលដែលគណៈប្រតិភូព្រះសង្ឃខ្មែរក្រោម មកពីខេត្តត្រាវិញ និមន្តបំពេញទស្សនកិច្ចនៅកម្ពុជា។

នារសៀលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោមខេត្តត្រាវិញ ដឹកនាំ​ព្រះតេជព្រះគុណ ថាច់ ញឹក​ជាព្រះចៅអធិការវត្តស្វាយសៀមថ្មី ខេត្តត្រាវិញ​នៃសាធារណរដ្ឋសង្គម​និយមវៀតណាម បានបន្តនិមន្តទស្សនកិច្ចទស្សនា វិមានឈ្នះ-ឈ្នះ ដែលជានិមត្តរូបនៃការយល់ដឹងអំពីសន្តិភាព និងការឯកភាពទឹកដី ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រជាពលរដ្ឋកម្ពុជា ។

ផ្តើមចេញពីនយោបាយ ឈ្នះ-ឈ្នះ សម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិកនយោបាយឈ្នះ-ឈ្នះ និង ជាគោលនយោបាយដ៏ធំមួយ ក្នុងការដឹកនាំប្រទេសកម្ពុជាដើម្បីនាំមកនូវការបញ្ចប់សង្គ្រាម ស៊ីវិលទាំងស្រុង ដោយឈរលើការឯកភាពជាតិជាធំ ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ បានដួលរលំទៅនោះ បានដាក់ចេញនូវការប្រើប្រាស់នីតិវិធី ធ្វើយ៉ាងណា ឱ្យប្រជាជនកម្ពុជាទាំងអស់ បានមករួមរស់ជួបជុំគ្រួសារ និងសង្គមជាតិ។

នាឱកាសនេះ មគ្គុទេសជំនាញ បានទូលប្រគេនគណៈប្រតិភូព្រះសង្ឃខ្មែរក្រោមអំពីអត្ថន័យ សំណង់វិមានឈ្នះ-ឈ្នះ បានថា សំណង់វិមានឈ្នះ-ឈ្នះ ចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី៨ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារប៉ែកខាងជើង រាជធានីភ្នំពេញ ដែលជានិមិត្តរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាម ស៊ីវិលដ៏រាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមក ហើយវិមាននេះនឹងក្លាយជាតឹកតាង សម្រាប់កូនចៅជំនាន់ក្រោយ ស្វែងយល់កាន់តែច្បាស់ពីលះបង់សាច់ស្រស់ ឈាមស្រស់ របស់ថ្នាក់ដឹកនាំកំពូលៗក្នុងការដណ្តើមយកសេរីភាព សន្តិភាព និងអធិបតេយ្យភាព ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ។

ដោយមានមូលដ្ឋានគ្រឹះនៃ នយោបាយ ឈ្នះ-ឈ្នះ ក្រោមការធានា៣យ៉ាងគឺ៖ 

១.ធានាជីវិតនិងរូបកាយ 

២.ធានាអាជីព និងមុខរប

៣.ធានាកម្មសិទ្ធ។

ដោយឡែកចំពោះការស្ថាបនា វិមានឈ្នះ ឈ្នះ មានអត្ថន័យសំខាន់ចំនួន ៥ រួមមាន៖ 

ទី ១ – រម្លឹកសារៈសំខាន់ នៃ សន្តិភាព សមិទ្ធផល និងដំណើរការដែលបាននាំឱ្យមានសន្តិភាព តាមគោលនយោបាយឈ្នះ ឈ្នះ និង ការបង្រួបបង្រួមជាតិ។ បង្ហាញពីសុខដុមបនីយកម្មនៃសង្គមកម្ពុជា តាមរយៈសាសនាសម័យកាលប្រវត្តិសាស្ត្រ និងសមិទ្ធផល។ 

ទី២- គោរពនិងចារឹកទុក អំពីការលះបង់ការដឹកនាំ និង ភាពច្នៃប្រឌិតរបស់មគ្គុទ្ទេសក៍ដឹកនាំ និងប្រតិបត្តិករស្នូលកម្ពុជា ដែលបាននាំមកនូវ ការផ្សះផ្សាជាតិ និងបញ្ចប់សង្គ្រាមស៊ីវិលដោយគ្មានការបង្ហូរឈាម ដែលនាំមកនូវវិបុលភាព និងសន្តិ ភាពដល់ប្រទេសកម្ពុជា។ 

ទី៣- បង្កើតមជ្ឈមណ្ឌលមួយដែលផ្ដល់ នូវ ការរៀនសូត្រ ដល់ប្រជា ជ ន គ្រប់ជំនាន់ទាំងអស់  ឱ្យបន្តការសិក្សានិងទទួលការយល់ដឹង ពីប្រវត្តិសាស្ត្រពិតរបស់ ប្រទេសកម្ពុជា និងបន្តអនុវត្តន៍គោលនយោបាយឈ្នះ-ឈ្នះរបស់តេជោ សែ ន និងគុណតម្លៃក្នុង ការធ្វើសមាហរណកម្មក្នុងដំណើរការកសាងដឹកនាំ និងអភិវឌ្ឍន៍ ប្រទេសនាពេលអនាគត។ 

ទី៤- បង្ហាញពីគុណតម្លៃវប្បធម៌ អរិយធម៌ និងស្ថាបត្យករខ្មែរ តាមរចនាបទ សិល្បៈ និមិត្តរូប និមិត្តសញ្ញា ចម្លាក់នានា និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីឱ្យប្រជាជនគ្រប់ជំនាន់បានឈ្វេងយល់ ។ 

និងទី៥- បង្កើតគោលដៅទេសចរណ៍មួយនៅទីក្រុងភ្នំពេញ ដែលមាន លក្ខណៈជាទេសចរណ៍ ប្រវត្តិសាស្ត្រ វប្បធម៌ ក៏ដូចជាគោលដៅសម្រាប់ទស្សនកិច្ច សិក្សាស្រាវជ្រាវនានា។ 

សូមជម្រាបជូនថា គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ៦ព្រះអង្គ បាននិងកំពុងនិមន្តមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេល១សប្តាហ៍ គឺចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤៕