កីឡាចំនួន១០ប្រភេទនឹងធ្វើការប្រកួត និងបង្ហាញក្នុងពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត

ដើម្បីបង្កភាពសប្បាយរីករាយ ក៏ដូចជាញ៉ាំងឱ្យពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅក្នុងខេត្តកំពតពោពេញទៅដោយសកម្មភាពកីឡា អនុគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាលើទឹក និងកីឡាលើឆ្នេរ បានសម្រេចដាក់បញ្ចូលកីឡាចំនួន ១០ប្រភេទដើម្បីប្រកួត ក៏ដូចជាបង្ហាញនៅក្នុងពិធីបុណ្យសមុទ្រ។ ប្រភេទកីឡាទាំង១០នោះ គឺមានទាំងលើគោក លើអាកាស និងលើទឹកផងដែរ ដោយសារតែខេត្តកំពតមានអំណោយផលសម្រាប់ទីតាំងកីឡាទាំងនោះ។

នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសាលប្រជុំសាលាខេត្តកំពត អនុគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាលើទឹក និងកីឡាលើឆ្នេរ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយអនុគណៈកម្មការកីឡា និងសិល្បៈរបស់រដ្ឋបាលខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុគណៈកម្មការ និងឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្តកំពត និងជាប្រធានអនុគណៈកម្មការកីឡា និងសិល្បៈ ដោយមានការចូលរួមពីសំណាក់មន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ កំណត់ប្រភេទកីឡា និងទីតាំងសម្រាប់សកម្មភាពកីឡានីមួយៗ ដែលត្រៀមរៀបចំដើម្បីអបអរពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” នៅខេត្តកំពត។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម វ៉ាហេង ដាវុធ ប្រធានអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាលើទឹក និងកីឡាលើឆ្នេរ បានលើកឡើងថា ក្រោយពីមានកិច្ចប្រជុំជាបន្តបន្ទាប់ និងទទួលបានការឯកភាពគ្នា អនុគណៈកម្មការបានសម្រេចដាក់បញ្ចូលកីឡាចំនួន ១០ប្រភេទ ដើម្បីប្រកួត ក៏ដូចជាបង្ហាញនៅក្នុងពិធីបុណ្យសមុទ្រ ដោយក្នុងនោះរួមមាន៖ ១.កីឡារត់កម្សាន្តមហាជន (៥គីឡូម៉ែត្រ) មានអ្នកចូលរួម ៣០០នាក់, ២.កីឡាជិះកង់កម្សាន្ត (១២គីឡូម៉ែត្រ) មានអ្នកចូលរួម ១០០នាក់, ៣.កីឡាប្រណាំងកង់ភ្នំ (៤២គីឡូម៉ែត្រ) មានអ្នកចូលរួម ១០០នាក់, ៤.កីឡាបាល់ទះលើឆ្នេរខ្សាច់មហាជន (២ទីលាន), ៥.កីឡាទូកក្តោង, ៦.កីឡាម៉ូតូទឹក, ៧.កីឡាប្រដាល់គុនខ្មែរ, ៨.កីឡាប្រណាំងទូកប្រពៃណី, ៩.កីឡាបង្ហោះក្លែង, ១០.កីឡាប៉ារ៉ាម៉ូទ័រ (ឆ័ត្រយោងហោះ) ដែលកីឡាភាគច្រើនធ្វើឡើងនៅឆ្នេរកោះស្មៅ។

ជាមួយគ្នានោះដែរ ឯកឧត្តមប្រធានអនុគណៈកម្មការ ក៏បានធ្វើការកោតសរសើរដល់អាជ្ញាធរខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងសហព័ន្ធកីឡាទាំងអស់ដែលបានរួមសហការគ្នាបានយ៉ាងល្អ ក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាដែលនឹងធ្វើឡើងក្នុងពិធីបុណ្យសមុទ្រខាងមុខនេះ ពិសេសរដ្ឋបាលខេត្តដែលបានផ្តល់នូវទីតាំង ក៏ដូចជាតម្រូវការផ្សេងៗគ្រប់ប្រភេទកីឡាដែលចង់បាន។ ឯកឧត្តមប្រធានអនុគណៈកម្មការក៏បានធ្វើការស្នើសុំឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមសហការគ្នាបន្តទៀត ដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍កីឡាទាំងអស់ប្រព្រឹត្តិទៅដោយរលូន ទទួលបានជោគជ័យ និងទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការកីឡា និងសិល្បៈ បានបញ្ជាក់ថា ក្រោមកិច្ចចង្អុលការផ្ទាល់មកកាន់គ្រប់អនុគណៈកម្មការទាំងអស់របស់ខេត្ត ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត អនុគណៈកម្មការកីឡា និងសិស្បៈ បានត្រៀមរៀបចំទីតាំងសម្រាប់គ្រប់ប្រភេទកីឡា ទាំងបរិស្ថានអនាម័យរួចរាល់អស់ហើយ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក៏នឹងរង់ចាំសម្របសម្រួល និងដោះស្រាយនូវតម្រូវការផ្សេងៗរបស់សហព័ន្ធកីឡាទាំងអស់ ធ្វើយ៉ាងណាឱ្យដំណើរការសកម្មភាពកីឡាក្នុងពិធីបុណ្យសមុទ្រប្រព្រឹត្តិទៅដោយជោគជ័យ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត