ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម និមន្តមកពីខេត្តត្រាវិញ
បន្ទាប់ពីនិមន្តទស្សនកិច្ចទស្សនា វិមានឈ្នះ-ឈ្នះ ដែលជានិមត្តរូបនៃការយល់ដឹងអំពីសន្តិភាព និងការឯកភាពទឹកដី ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រជាពលរដ្ឋកម្ពុជារួចមក នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ដដែលនេះ គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម បានបន្តនិមន្តចូលជួបសំណេះសំណាលជាមួយ ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាទីស្តីការក្រសួង។
គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម បានមានព្រះថេរដីកាប្រគេន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានអំពីបំណងនៃដំណើរទស្សនកិច្ចនេះ ថា ព្រះអង្គបានចូលក្រាបបង្គំគាល់សម្តេចព្រះមហាសង្ឃរាជទាំង២គណៈ សម្តេចសង្ឃនាយស្តីទី នៃគណៈមហានិកាយ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ដើម្បីថ្លែងអំណរព្រះគុណ និងអរគុណដោយផ្ទាល់ដល់សម្តេចព្រះមន្ត្រីសង្ឃ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មហាពុទ្ធបរិស័ទគ្រប់ទិសទី ដែលមានសទ្ធាជ្រះថ្លា លះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងទ្រព្យ រៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្ត ស្វាយសៀមថ្មី ខេត្តត្រាវិញ កាលពីថ្ងៃទី ៣,៤,៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។
ក្នុងនោះ គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ បាននិមន្តមកថ្លែងអំណរគុណចំពោះឯកឧត្តម នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានចាត់ចែងផ្សព្វផ្សាយតាមរយៈ ទូរទស្សន៍ជាតិកម្ពុជា , វិទ្យុជាតិកម្ពុជា , ប្រព័ន្ធផ្សព្វផ្សាយឯកជនផ្សេងៗ អំពី អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ បានយ៉ាងល្អប្រសើរនិងទូលំទូលាយជូនដល់ប្រជាពលរដ្ឋខ្មែរនៅព្រះរាជាណាចក្រកម្ពុជា បានឃើញពីដំណើរការប្រារព្ធអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ។
ឯកឧត្តម រដ្ឋមន្ត្រី សូមថ្វាយបង្គំស្វាគមន៍ព្រះមន្ត្រីសង្ឃខ្មែរក្រោម និងបានមានប្រសាសន៍ថ្វាយបង្គំទូលព្រះគុណម្ចាស់គ្រប់ព្រះអង្គថា ក្នុងនាមជាសេនាធិការរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ និងផ្តល់អនុសាសន៍ដល់ក្រសួងព័ត៌មាន ក្នុងការចូលរួមផ្សព្វផ្សាយ ដើម្បីជាលើការលើកកម្ពស់ជាពិសេសលើវិស័យព្រះពុទ្ធសាសនាឲ្យបានទូលំទូលាយ ។
ក្នុងឱកាសនេះ ឯកឧត្តម នេត្រ ភត្រា សូមថ្វាយបង្គំផ្តាំផ្ញើរសេចក្តីនឹករលឹកជូនចំពោះព្រះមន្រ្តីសង្ឃ ខេត្តត្រាវិញ និងប្រជាពុទ្ធបរិស័ទខ្មែរ ទាំងអស់ និងសូមថ្វាយបង្គំប្រគេនពរជ័យ មង្គល វិបុលសុខគ្រប់ប្រការ ប្រគេនគណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរ និមន្តមកពីខេត្តត្រាវិញ និងនិមន្តជួយតែសុខ សុវត្ថិភាពក្នុងការធ្វើដំណើរ៕