ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី អញ្ជើញចូលរួមជាអធិបតី និងជាវាគ្មិនកិត្តិយសក្នុងកម្មវិធីបាឋកថាស្តីពី «ការសិក្សាក្នុងសម័យកាលបញ្ញាសិប្បនិម្មិត» ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ កម្មសិក្សាការី ឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល
នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានអញ្ជើញចូលរួមជាអធិបតី និងជាវាគ្មិនកិត្តិយសក្នុងកម្មវិធីបាឋកថាស្តីពី «ការសិក្សាក្នុងសម័យកាលបញ្ញាសិប្បនិម្មិត»ជូនដល់គណៈគ្រប់គ្រង គ្រូឧទ្ទេស មន្ត្រីរាជការ កម្មសិក្សាការីឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ៤០០អង្គ/នាក់ ទាំងចូលរួមដោយផ្ទាល់ នៅក្នុងសហសាល និងពីចម្ងាយតាមរយៈប្រព័ន្ធសិក្សាMicrosoft Teams របស់សាលាភូមិន្ទរដ្ឋបាល។
តាមមតិស្វាគមន៍របស់ឯកឧត្តម សូលី វណ្ណប៉ុក នាយករងសាលាភូមិន្ទរដ្ឋបាល តំណាង ឯកឧត្តម យក់ ប៊ុនណា
រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានគូសបញ្ជាក់ថា គោលបំណងសំខាន់ៗក្នុងការរៀបចំកម្មវិធីបាឋកថានេះ រួមមាន៖ទី១- ដើម្បីផ្តល់ឱកាសដល់កម្មសិក្សាការី បានជួបប្រាស្រ័យ ទទួលការណែនាំ ការចែករំណែកនូវចំណេះដឹង និងបទពិសោធន៍ការងារដ៏សម្បូរបែបពី របស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ដោយផ្ទាល់។ ទី២- ជាសកម្មភាពបុរេសកម្មក្នុងការងារគោលនយោបាយ ផ្សាភ្ជាប់នឹងបរិការណ៍សង្គម សេដ្ឋកិច្ច។ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល កម្មវិធីបាឋកថា ត្រូវបានចាត់ទុកថា ជាវេទិកាដ៏សំខាន់មិនអាចខ្វះបាន ដើម្បីពង្រឹងសមត្ថភាពសិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម។ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា ការគាំទ្រ និងការចូលរួមចំណែករបស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត គឺជាសកម្មភាពប្រកបដោយគុណតម្លៃខ្ពស់ ក្នុងការជួយជំរុញនិងពង្រឹងដំណើរការនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល ដើម្បីលើកកម្ពស់គុណភាពមូលធនមនុស្សក្នុងវិស័យសាធារណៈ ឱ្យកាន់តែប្រសើរជាឧត្តមប្រយោជន៍ម្រាប់ការបម្រើជាតិមាតុភូមិ ស្របតាមចក្ខុវិស័យដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនេះឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃសាលាភូមិន្ទរដ្ឋបាល ដែលបានផ្តល់ឱកាសដល់ឯកឧត្តម បានមកចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធីបាឋកថាស្តីពី «ការសិក្សាក្នុងសម័យកាលបញ្ញាសិប្បនិម្មិត» ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ កម្មសិក្សាការី ឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល នាថ្ងៃនេះ។
ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ថា វត្តមានរបស់ឯកឧត្តមនាពេលនេះ គឺក្នុងន័យ ដើម្បីធ្វើការចែករំលែកនៅបទពិសោធន៍ ចំណេះដឹង និងបង្ហាត់បង្ហាញពីរបៀបរបបនៃការរៀន ជូនដល់កម្មសិក្សាការី ឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ បានយល់ដឹង និងទុកជាប្រយោជន៍សម្រាប់ការសិក្សារៀនសូត្ររបស់ខ្លួន។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី បានធ្វើបាឋកថាស្តីពី «ការសិក្សាក្នុងសម័យកាលបញ្ញាសិប្បនិម្មិត» ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ កម្មសិក្សាការី ឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល ដោយបានគូសបញ្ជាក់ថា បញ្ញាសិប្បនិម្មិត (AI) ជាអាវុធមុខពីរ ៖ ដែលយើងទាំងអស់គ្នាម្នាក់ៗត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់។តែទោះជាយ៉ាងនេះក្តី នៅក្នុងយុគ្គសម័យនេះ គឺតម្រូវឲ្យយើងទាំងអស់គ្នាប្រើប្រាស់វា។
គួរបញ្ជាក់ថា បញ្ញាសិប្បនិម្មិត (AI) សំដៅលើ ជ្រុងមួយនៃវិទ្យាសាស្ត្រកុំព្យូទ័រផ្តោតលើការបង្កើតសុសវែរ កម្មវិធី ឬឧបករណ៍ ដែលមានសមត្ថភាពអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបាន ឬធ្វើសកម្មភាពជំនួសមនុស្សបាន។
សូមបញ្ជាក់ថា សម្រាប់កម្មវិធីបាឋកថានារសៀលនេះ ក្រុមការងារបច្ចេកទេសបានរៀបចំជូនសិក្ខាកាមសម្រាប់ចូលរួមផ្ទាល់រួមមាន៖ កម្មសិក្សាការីវគ្គមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យម(ថ្នាក់គុណធម៌ ថ្នាក់គុណភាព) សរុប ២៥៤ អង្គ នាក់ (ស្រី ៤៩នាក់ ព្រះសង្ឃ ៧អង្គ) និងការចូលរួមតាមប្រព័ន្ធអនឡាញ(Microsoft Teams) រួមមានកម្មសិក្សាការីវគ្គមន្ត្រីមធ្យម(ថ្នាក់នវានុវត្តន៍) និងមន្ត្រីគ្រប់គ្រងរដ្ឋបាល និងមន្ត្រីក្រមការ សរុបចំនួន១៣៦ អង្គ នាក់ (ស្រី៣២នាក់ ព្រះសង្ឃ ៤អង្គ)៕