សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង អនុញ្ញាតឲ្យលោកជំទាវអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលថ្វាយបង្គំ

សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានព្រះទ័យអនុញ្ញាតឲ្យលោកជំទាវ លីវង្ស ឡាវលី អនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ចូលថ្វាយបង្គំ និងប្រគេនពរ នៅវត្តមុនីសុវណ្ណ (ចំពុះក្អែក) សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនេះ លោកជំទាវ អនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ បានថ្លែងអំណរព្រះគុណប្រគេនសម្តេចព្រះសង្ឃនាយកស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន អនុញ្ញាតឲ្យលោកជំទាវ ចូលថ្វាយបង្គំនាឱកាសនេះ។
លោកជំទាវ អនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ បានទូលប្រគេនអំពីការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យព្រះពុទ្ធ សាសនា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងបានទូលប្រគេនអំពីការប្រកាន់ខ្ជាប់នូវការគោរព របស់ប្រជាពលរដ្ឋក្នុងវិស័យព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋក្នុងប្រទេសឡាវ បានគោរពវិស័យព្រះពុទ្ធសាសនា ប្រមាណ៦៨%។ លោកជំទាវ បានទូលប្រគេនអំពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគី ក្នុងវិស័យសាសនាឲ្យកាន់តែទទួលបាននៅភាពរីកចំរើន ថ្កុំថ្កើង និងជិតស្និតថែមទៀត។

ក្នុងឱកាសដ៏ប្រសើរនោះ សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានសង្ឃដីកាស្វាគមន៍ចំពោះការបំពេញដំណើរទស្សនកិច្ចការងាររបស់ លោកជំទាវ ព្រមទាំងបានចូលថ្វាយបង្គំ និងប្រគេនពរព្រះអង្គ នាឱកាសនេះ។
សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ព្រះអង្គមានព្រះទ័យរំភើបរីករាយ ចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាពរវាង កម្ពុជា-ឡាវ ក្នុងរយៈពេល៦៨ឆ្នាំ ដែលប្រជាជននៃប្រទេសយើងទាំងពីរ មានភូមិផងរបង ជាមួយបានរួម សុខរួមទុក្ខជាមួយគ្នា ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងបានបង្កើតកិច្ចសហប្រតិបត្តិការលើគ្រប់វិស័ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដើម្បីនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ។ សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ព្រះអង្គមានសង្ឃដីកា ចំពោះការរួមចំណែករបស់វិស័យព្រះពុទ្ធសាសនា ក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជា ឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស៕