យុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបាននៅស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំងមានអ្នកចូលរួមជិត១ពាន់នាក់

រដ្ឋបាលស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងសហការជាមួយ និងក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបើក យុទ្ធនាការ«កម្ពុជាស្អាតខ្មែរធ្វើបាន» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ទូច ភាព និងឯកឧត្តម ឈរ រតនៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង អគ្គនាយកដ្ឋានគោលនយោបាយនិងគាំពារបរិស្ថាន រដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋាន សិស្សានុសិស្សប្រមាណជា៨១៣នាក់។

ឯកឧត្តម ទូច ភាព បញ្ជាក់ថា យុទ្ធនាការថ្ងៃនេះ ផ្តើមចេញពីភាពជោគជ័យនៃ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការថ្មី ១ បន្ថែមទៀតគឺយុទ្ធនាការ “កម្ពុជា ស្អាត ខ្មែរធ្វើបាន» គឺជាយុទ្ធនាការសុំឱ្យសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋមួយភូមិ ឬ មួយឃុំ ឬ មួយស្រុក ឬ មួយខេត្ត ចេញមកទាំងអស់រួមគ្នាសំអាតអនាម័យបរិស្ថាន នៅតាមបរិវេណផ្ទះ សាលារៀន វត្តអារាម និង តាមទីសាធារណៈ ១ថ្ងៃក្នុង ១សប្តាហ៍ ដោយធ្វើការប្រមូល និង ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ឯកឧត្ដម បន្ថែមថា គោលដៅចំបងគឺផ្លាស់ប្តូរផ្នត់គំនិតរបស់សាធារណជន ដោយប្រែក្លាយពីការផ្សព្វផ្សាយ មកជាយុទ្ធនាការ ទៅជាចលនា រួចទៅជាទម្លាប់ ដោយរហូតមកដល់ពេលនេះ ។

ឯកឧត្តម  អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថានបានលើកឡើងថា យុទ្ធនាការ«កម្ពុជាស្អាតខ្មែរធ្វើបាន» ជាយុទ្ធនាការដាក់ចេញដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្អែកតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលជាយុទ្ធសាស្រ្តអនុលោមទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភានិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ឆ្នាំ ២០២៣-២០២៨ ហើយនឹងស្របតាមលក្ខណសម្បត្តិទី៦នៃកម្មវិធីគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពគឺ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។ 

បើតាមការបញ្ចាក់ពី លោក លី ភីលីន អភិបាលរង នៃគណៈអភិបាលស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានគូសបញ្ចាក់ថា ដើម្បីបញ្រ្ចាប់នូវយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបានដែលដាក់ចេញដោយក្រសួងបរិស្ថាន និងដោយមានការយកចិត្តតុកដាក់ពីឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង រដ្ឋបានស្រុកបរិបូរណ៍បានដាក់ផែនការធ្វើសកម្មភាព ក្នុង១ខែ៤ដង ហើយក្នុង១សប្តាហ៍យក១ថ្ងៃ ដើម្បីឱ្យសិស្សានុសិស្ស អាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋ បានចូលរួម សំអាត អនាម័យបរិស្ថាន នៅតាមមូលដ្ឋានរបស់ខ្លួន ពិសេសនៅតាមសងខាងផ្លូវជាតិល៥នេះតែម្តង។

គួរបញ្ចាក់ថា  យុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបាន ស្រុកក្រុងទាំង៨ នៃខេត្តកំពង់ឆ្នាំង ក៏បាននិងកំពុងរួមគ្នាធ្វើយុទ្ធនាការនេះស្របពេលជាមួយគ្នាផងដែរ៕