លោកស្រី តិមា វិច្ឆិកាល នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ ត្រូវបានតែងតាំងជា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ
លោកស្រី តិមា វិច្ឆិកាល នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួសលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញដែលត្រូវដល់ អាណត្តិនិងត្រូវផ្ទេរទៅកាន់អង្គភាពដើមវិញ។
ពិធីប្រកាសចូលកាន់មុខតំណែងនេះ បានធ្វើឡើង
នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍អោយដឹងថា៖ គណៈអភិបាលរាជធានីភ្នំពេញ មានអភិបាលមួយរូប និងអភិបាលរងចំនួន១០រូបជាជំនួយការ។ ក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មានគណនយ្យភាពទ្វេទិស ក្នុងកិច្ចការបំរើអោយផលប្រយោជន៍ប្រជាពលរដ្ឋ។ ឯកឧត្តម ឃួង ស្រេង បានបន្តថា៖ ការប្រកាសចូលកាន់មុខតំណែងរបស់មន្ត្រីរាជការនាពេលនេះ គឺជាដំណើរការជាធម្មតានៃមុខងារសាធារណៈ សម្រាប់អាជីពជាមន្ត្រីរាជការស៊ីវិល ថ្នាក់ក្រោមជាតិ ដែលតែងមានការតែងតាំង ប្រគល់ភារកិច្ច ផ្ទេរភារកិច្ច សម្រួល ភារកិច្ច ចូលនិវត្តន៍ និងការកំណត់អាណត្តិដឹកនាំក្នុងជួរគណៈអភិបាល។ ជាក់ស្តែង ថ្ងៃនេះ ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសតែងតាំង លោកស្រី តិមា វិច្ឆិកាល នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ ជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួសលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញដែលត្រូវដល់ អាណត្តិ។ ឯកឧត្ថមអភិបាលបានផ្តាំផ្ញើអោយលោកស្រី តិមា វិច្ឆិកាលដែលត្រូវទទួលភារកិច្ចថ្មី ត្រូវបង្កើនស្មារតី យកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ក៏ដូចជា ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយនិង បណ្តាក្រសួង-ស្ថាប័ន អង្គភាពរដ្ឋ ទីក្រុងសម្ព័ន្ធមេត្រីភាព មន្ទីរ-អង្គភាពជំនាញ រដ្ឋបាលខណ្ឌទាំង ១៤ និងអង្គការសង្គម ស៊ីវិលទាំងអស់ ជាពិសេស ត្រូវចូលរួមសហការ អនុវត្តការងារ ដោយឈរលើស្មារតីសាមគ្គីភាព មិត្តភាព ឯកភាពផ្ទៃក្នុង គណៈអភិបាល ក្រុមប្រឹក្សា និងមន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានី ឱ្យកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់ រាជធានីភ្នំពេញ ហើយយើងទាំងអស់គ្នាត្រូវចាត់ទុកថា សាមគ្គីភាពផ្ទៃក្នុង គឺជាកត្តាជ័យជំនះគ្រប់ភារកិច្ច។
ក្នុងឱកាសនេះដែរឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ កោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ចំណុះអោយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលបានខិតខំអស់កម្លាំងកាយចិត្ត ស្មារតីក្នុងការរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសក្នុងព្រះរាជពិធីបុណ្យអុំទូកកន្លងមកថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញបានចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អ
រហូតទទួលបានភ្ញៀវជាតិ អន្តរជាតិ ចូលរួមសប្បាយរីករាយ ច្រើនជាងឆ្នាំមុនៗ។
ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន បានចូលរួមអបអរសាទរ ចំពោះលោកស្រី តិមា វិច្ឆិកាល ដែលត្រូវបានតែងតាំង ជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួសលោកស្រីកែវ សុខពិសី ដែលត្រូវដល់ អាណត្តិនិងផ្ទេរទៅកាន់អង្គភាពដើមវិញ។ ឯកឧត្តមណែនាំអោយលោកស្រី តិមា វិច្ឆិកាល យកចិត្តទុកដាក់បំពេញភារកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការល្អ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់ រាជធានីភ្នំពេញអោយមានការអភិវឌ្ឍរីកចំរើនបន្ថែមទៀត។
ក្នុងឱកាសឡេីងដំណែងជាអភិបាលរងនាពេលនេះ លោកស្រី តិមា វិច្ឆិកាល បានធ្វេីការប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារទ្វេដង អនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការធ្វើអោយភូមិសង្កាត់មានសុវត្ថិភាព ប្រកាន់នៅគុណសម្បត្តិ ៤យ៉ាង គឺឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ។ ប្តេជ្ញាលើកកំពស់សាមគ្គីភាពផ្ទៃក្នុងអោយបានល្អប្រសើរ ពង្រឹងសមត្ថភាព ដោយបន្តសិក្សារៀនសូត្រមួយជីវិតនិងពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ អោយកាន់តែល្អថែមទៀត។ ប្តេជ្ញា អនុវត្តនិងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកការអភិវឌ្ឍន៍រាជធានីភ្នំពេញ ដោយធានានូវសុខដុមនីយកម្ម និងចូលរួមទប់ស្កាត់ លុបបំបាត់រាល់បាតុភាពអសកម្មនានា ដែលអាចប៉ះពាល់ និងបង្កការថ្នាំងថ្នាក់ ដល់ប្រជាពលរដ្ឋ ។ប្តេជ្ញា ចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយ បណ្តាក្រសួង-ស្ថាប័នថ្នាក់ជាតិ រដ្ឋបាល ខណ្ឌ មន្ទីរអង្គភាពជំនាញ ព្រមទាំង អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និងវិស័យឯកជន ដើម្បីចូលរួមថែរក្សា សុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ រាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើនថែមទៀត៕