គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម និមន្តចូលក្រាបថ្វាយបង្គំសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សមាជិកថេរសភាពុទ្ធសាសនាគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នាវត្តរាជបូណ៌ ខេត្តសៀមរាប
រសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម ដែលនិមន្តមកខេត្តត្រាវិញ ទាំង៦ព្រះអង្គ ដឹកនាំព្រះតេជព្រះគុណថាច់ ញឹក ព្រះអនុគណរងប្រចាំស្រុកថ្កូវ និងជាព្រះចៅអធិការវត្តស្វាយសៀមថ្មីខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បាននិមន្តបន្តចូលថ្វាយបង្គំ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សមាជិកថេរសភាពុទ្ធសាសនា និងជាសម្តេចព្រះចៅអធិការវត្តរាជបូណ៌ នាវត្តរាជបូណ៌ ខេត្តសៀមរាប ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ព្រះតេជព្រះគុណថាច់ ញឹក និងគណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរ ខេត្តត្រាវិញ បានមានថេរដីកាថ្វាយបង្គំ សម្តេចព្រះព្រហ្មរតនមុនី នាឱកាសនេះ ក្នុងគោលបំណងដើម្បីយកវត្តប្រណិប័តន៍ និងថ្លែងអំណរព្រះគុណសម្តេច ចំពោះអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ និងថ្វាយនូវសេចក្តីគោរពនឹករលឹកនិងទូលសាកសួរអំពីព្រះរាជសុខភាព ។ ពិេសស ដើម្បីថ្វាយបង្គំសាកសួរពីបច្ចេកទេសនៃការផ្សព្វផ្សាយព្រះធម៌ , យន្តការពង្រឹងកិច្ចប្រតិបត្តិធម៌វិន័យ, នឹងរបៀបនៃការដឹកនាំ ការអភិវឌ្ឍ និងការអភិរក្សវត្តអារាម។
សម្តេចព្រះព្រហ្មរតនមុនី ពិន សែម មានព្រះថេរដីកាថា សម្រាប់ព្រះសង្ឃសារៈសំខាន់បំផុតគឺការសិក្សាព្រះពុទ្ធសាសនា ភាសាបាលី និងចំណេះដឹងទូទៅ ពិសេសត្រូវគោរពប្រតិបត្តិឲ្យបានគត់មុតនូវព្រះធម៌ វិន័យ ដើម្បីសម្តែងផ្សព្វផ្សាយព្រះពុទ្ធឱវាទដល់ប្រជាពុទ្ធបរិស័ទបានត្រង់ត្រាប់ស្តាប់ ពិចារណា ព្រមទាំងផ្តាំផ្ញើនូវសេចក្តីនិងរលឹក ដល់គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ទាំងអស់ ប្រជាពុទ្ធស័ទខ្មែរក្រោម និងបានណែនាំឲ្យព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ រក្សាឲ្យបាននូវវប្បធម៌ ប្រពៃណី អក្សរសាស្រ្តជាតិខ្មែរឲ្យបានគង់វង្សដើម្បីទុកជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ និងសូមប្រគេនពរដល់គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម សូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។
នាឱកាសនេះសម្តេចព្រះព្រហ្មរតនមុនី បានដឹកនាំព្រះមន្រ្តីសង្ឃខ្មែរក្រោមទស្សនកិច្ចបរិវេណវត្តរាជបូណ៌ ទីតាំទេពសម្អាង ដែលជាកន្លែងសំអិតសំអាងព្រះពុទ្ធបដិមា និង សារមន្ទីរសម្តេចព្រះព្រហ្មរតនមុនី-រាជបូណ៌ កំពុងសាងសង់ ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។
សូមជម្រាបជូនថា គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ៦ព្រះអង្គ បាននិមន្តបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាកម្ពុជា រយៈពេល១សប្តាហ៍ គឺចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ៕