ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញពិនិត្យការផ្ទៀងផ្ទាត់ សម្រេចលើលទ្ធផលជាប់ជាស្ថាពរ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សន្ត្រីក្រមការ
នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការរៀបចំការប្រឡងប្រជែង និងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ មានវត្តមាននៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យការផ្ទៀងផ្ទាត់ សម្រេចលើលទ្ធផលជាប់ជាស្ថាពរ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យរៀននៅសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី១) ដើម្បីជ្រើសសម្រាំងបេក្ខជន។
សូមជម្រាបជូនថាការប្រឡងប្រជែងជ្រើសរើស សិស្សមន្រ្តីក្រមការជំនាន់ទី ១១ និងសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី ១៣ ក្នុងនោះបេក្ខជនចំនួន ២,៧២៥នាក់ (ស្រី ១,០៧៦នាក់) បានចូលរួមប្រឡងប្រជែង
ដែលបានបញ្ចប់ទៅដោយជោគជ័យកាលពីថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ដើម្បីក្លាយជាសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ រៀននៅសាលាភូមិន្ទរដ្ឋបាល បេក្ខជនត្រូវឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាសរសេរ ចំនួន ២លើក និងវិញ្ញាសាសួរផ្ទាល់មាត់ ចំនួន ១លើក។ សម្រាប់វិញ្ញាសាសួរផ្ទាល់មាត់គឺធ្វើមូលវិចារណ៍លើបុគ្គលិកលក្ខណៈ និងលើហេតុប្បទ្ទេសរបស់បេក្ខជនក្នុងពេលតែមួយ សូមបញ្ជាក់ថាសម្រាប់វិញ្ញាសាសួរផ្ទាល់មាត់គឺសម្រាប់បេក្ខជនដែលប្រឡងជាប់វិញ្ញាសាសរសេរលើកទី២តែប៉ុណ្ណោះ។ ចំណែកសម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១១ បេក្ខជនត្រូវឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាសរសេរ ចំនួន ២លើក។
សូមជម្រាបជូនថាបេក្ខជនប្រឡងជាប់វិញ្ញាសាសរសេរលើកទី១ សម្រាប់ការប្រឡងប្រជែងជ្រើសរើស សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាលមានសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៣ សរុប ចំនួន១៥៤នាក់ ស្រី៥៤នាក់ រីឯសិស្សមន្រ្តីក្រមការជំនាន់ទី១១ សរុបចំនួន ៥៨៣នាក់ ស្រី១៥៦នាក់ ដោយក្នុងនោះវេនទី១: សរុបចំនួន ៣៧៥នាក់ ស្រី១០៣នាក់ និងវេនទី២សរុបចំនួន ២០៨នាក់ ស្រី៥៣នាក់។
ក្នុងដំណើការប្រឡង និងដំណាក់កាលកំណែ ក្រោយការប្រឡងគឺមានការចូលរួមសង្កេតការណ៍ជាប្រចាំពី អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យចំនួន ១០ស្ថាប័ន តំណាងមហាជន អ្នកសារព័ត៌មាន និងយន្តការផ្ទៃក្នុងរបស់គណៈកម្មការប្រឡង គឺអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ។
សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្រ្តីទាំងនេះ នឹងឈរលើ គោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕