ឯកឧត្តមបណ្ឌិត លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Thongphane SAVANPHET អនុរដ្ឋមន្រ្តី ការបរទេសឡាវ។ កម្ពុជា ត្រៀមខ្លួនក្នុងការរួមចំណែកបណ្តុះបណ្តាលនូវធនធានសកម្មភាពមីននៅប្រទេស
(សៀមរាប) ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Thongphane SAVANPHET អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មាន នៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប។
ក្នុងជំនួបនោះ ឯកឧត្តម Thongphane SAVANPHET បានសម្តែងនូវការអបអរសាទរចំពោះភាពជាប្រធាន និងភាពជោគជ័យរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម Thongphane SAVANPHET បានថ្លែងទៀតថា ទោះបីប្រទេសឡាវ មិនទាន់បានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអនុសញ្ញា ប៉ុន្តែប្រទេសឡាវបានចូលរួមដល់ការអនុវត្តនូវគោលការណ៍របស់អនុសញ្ញា ហើយឆ្នាំក្រោយប្រទេសឡាវ នឹងបញ្ចូនរបាយការណ៍ស្ម័គ្រចិត្តអំពីការងារបោសសម្អាតមីនរបស់ខ្លួនទៅកាន់អនុសញ្ញាអូតាវ៉ា។
ឯកឧត្តម Thongphane SAVANPHET បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានរួមចំណែកគាំទ្រការបោសសម្អាតគ្រាប់បែកចង្កោមនៅប្រទេសឡាវ និងគាំទ្រប្រទេសឡាវជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ ឆ្នាំ២០២៥ នៃអនុសញ្ញាគ្រាប់បែកចង្កោម។ ជាមួយគ្នានោះ ឯកឧត្តម Thongphane SAVANPHET បានស្នើសុំឱ្យប្រទេសកម្ពុជា ជួយបណ្តុះបណ្តាលនូវជំនាញបច្ចេកទេសការងារបោសសម្អាតមីន និងការសិក្សាស្រាវជ្រាវទិន្នន័យចម្ការមីនដល់ប្រទេសឡាវ ផងដែរ។
តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត លី ធុជ បានម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម Thongphane SAVANPHET អនុរដ្ឋមន្រ្តីការបរទេសឡាវ និងគណៈប្រតិភូ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។ ការចូលរួមរបស់ប្រទេសឡាវក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការដោះស្រាយបញ្ហាប្រឈមរួម ដែលបង្កដោយមីនប្រឆាំងមនុស្ស។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាបងប្អូន និងមិត្តភាពដ៏យូរអង្វែងជាប្រវត្តិសាស្រ្តនៃប្រទេស និងប្រជាជនកម្ពុជា-ឡាវ ដែលជាអ្នកជិតខាងដ៏ល្អ។ ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមជាប្រទេសជិតខាង បានសម្តែងនូវការសប្បាយរីករាយចំពោះវឌ្ឍនភាពសម្រេចបានរបស់ប្រទេសឡាវក្នុងការងារបោសសម្អាតគ្រាប់បែកចង្កោម និងការជួយសង្រ្គោះអាយុជីវិតរបស់ប្រជាជនពីការគំរាមកំហែងនៃគ្រាប់មិនទាន់ផ្ទុះ។
ជាការឆ្លើយតបនឹងការស្នើសុំរបស់ប្រទេសឡាវ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា កម្ពុជា នឹងឈរជាមួយប្រទេសឡាវ ក្នុងការគាំទ្រ និងត្រៀមខ្លួនក្នុងការបណ្តុះបណ្តាលធនធានបោសសម្អាតមីន និងការសិក្សាស្រាវជ្រាវដល់ប្រទេសឡាវ ផងដែរ។