គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម បន្តនិមន្ត មកកាន់វត្តប្រាសាទស្រះកណ្តាល (ហៅវត្តខ្ចាស់) ខេត្តបន្ទាយមានជ័យ

គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម ដែលនិមន្តមកពីខេត្តត្រាវិញ ទាំង៦ព្រះអង្គ ដឹកនាំដោយព្រះតេជគុណ ថាច់ ញឹក ព្រះអនុគណរង និងជាព្រះចៅអធិការវត្តស្វាយសៀមថ្មីខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបន្តនិមន្ត មកកាន់វត្តប្រាសាទស្រះកណ្តាល ហៅវត្តខ្ចាស់ ស្ថិតនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

និមន្តទទួលបដិសណ្ឋារកិច្ចស្វាគមន៍គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោមយ៉ាងកក់ក្តៅពីសំណាក់ ព្រះធម្មាលង្ការមុនី ចាន់ សុជន ព្រះចៅអធិការវត្តប្រាសាទស្រះកណ្តាល (ហៅវត្តខ្ចាស់), ព្រះសង្ឃ ដោយមានការអមដំណើរដោយ ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា , ឯកឧត្តម សាង សាន និងឯកឧត្តម មាស រដ្ឋា និង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ជាច្រើនរូបផងដែរ។

សូមជម្រាបជូនថាគណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម ដែលនិមន្តមកពីខេត្តត្រាវិញ និមន្តមកទស្សនកិច្ច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល១សប្តាហ៍ គឺចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ក្នុងឱកាសនេះ ដើម្បីបានចូលក្រាបបង្គំគាល់សម្តេចព្រះមហាសង្ឃរាជទាំង២គណៈ សម្តេចសង្ឃនាយស្តីទី នៃគណៈមហានិកាយ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ដើម្បីថ្លែងអំណរព្រះគុណ និងអរគុណដោយផ្ទាល់ដល់សម្តេចព្រះមន្ត្រីសង្ឃ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មហាពុទ្ធបរិស័ទគ្រប់ទិសទី ដែលមានសទ្ធាជ្រះថ្លា លះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងទ្រព្យ រៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្ត ស្វាយសៀមថ្មី ខេត្តត្រាវិញ កាលពីថ្ងៃទី ៣,៤,៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ៕