ភាពជោគជ័យយ៉ាងត្រចះត្រចង់នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញាអូតាវ៉ា ចាប់ផ្ដើមពីថ្ងៃទី២៤-២៩ ខែវិច្ចិកា ឆ្នាំ ២០២៤ នៅខេត្ត សៀមរាប ។

ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធាន ទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ សូម សម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចំពោះភាពជាអ្នកដឹកនាំ និងការគាំទ្រយ៉ាងខ្លាំងក្លា សម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ។ ការលះបង់របស់សម្តេច ពិតជាបានឆ្លុះបញ្ចាំងពីកម្លាំងស្មារតី និងការប្តេជ្ញាចិត្តរបស់កម្ពុជា សម្រាប់សន្តិភាព និងសុវត្ថិភាពសកល។

ជាមួយគ្នានេះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ សូមថ្លែងអំណរគុណ ជូន ចំពោះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ស្ថានបេសកកម្មនៅកម្ពុជា ដៃគូអភិវឌ្ឍន៍ រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិ ករសកម្មភាពមីន វិស័យឯកជន យុវជន លោកគ្រូ-អ្នកគ្រូ និស្សិត សិស្សានុសិស្ស ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបាន ផ្តល់ការសហការ និងគាំទ្រដល់ ដំណេីរការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ទទួលបានជោគជ័យ ។

ឯកឧត្ដមទេសរដ្ឋមន្រ្តី សូមអរគុណជាពិសេសជូនចំពោះថ្នាក់ដឹកនាំ មន្រ្ដី-បុគ្គលិកអាជ្ញាធរមីន ដែលបានចំណាយអស់ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ក្នុងការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលភាពជាប្រធានរបស់កម្ពុជា នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ អស់រយៈពេលពេញ ០១ឆ្នាំ តាំងពីចាប់ផ្ដើមរហូតដល់បញ្ចប់ជាស្ថាពរ។

ក្នុងកិច្ចប្រជុំពេញមួយសប្តាហ៍នេះ យើងបានប្រារព្ធនូវភាពជោគជ័យក្នុងការស្តារឡើងវិញនូវជីវិត និងសេចក្តីថ្លៃថ្នូររបស់មនុស្សដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន ព្រមទាំងធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ។ យើងទាំងអស់គ្នា បានតាំងចិត្តរួមគ្នា និងឥតងាករេ ដើម្បីកសាងនូវអនាគត ឱកាស និងក្តីសង្ឃឹមថ្មីសម្រាប់មនុស្សជាតិ។

កិច្ចប្រជុំនេះ មិនត្រឹមតែមានសារៈសំខាន់សម្រាប់ប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវការតាំងចិត្តរួម គោលបំណងរួម និងធ្វើជាសក្ខីភាព ដើម្បីឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។