គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម បាននិមន្តនិវត្តន៍ទៅកាន់ខេត្តត្រាវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចលើកទី១មក កាន់ព្រះរាជណាចក្រកម្ពុជា រយៈពេល១សប្តាហ៍

នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម ដែលនិមន្តមកពីខេត្តត្រាវិញ ទាំង៦ព្រះអង្គ ដឹកនាំដោយព្រះតេជគុណ ថាច់ ញឹក ព្រះអនុគណរង និងជាព្រះចៅអធិការវត្តស្វាយសៀមថ្មីខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បាននិមន្តនិវត្តន៍ទៅកាន់ខេត្តត្រាវិញ វិញហើយ បន្ទាប់ពីបានបំពេញទស្សនកិច្ចលើកទី១មក កាន់ព្រះរាជណាចក្រកម្ពុជា រយៈពេល១សប្តាហ៍។

នៅក្នុងការនិមន្តទស្សនកិច្ចរបស់គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោមនាឱកាសនេះ មានការអមដំណើរ ឯកឧត្តម សាង សាន , ឯកឧត្តម មាស រដ្ឋា និងលោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ច្រើនរូបផងដែរ។

សូមជម្រាបជូនថា ការនិមន្តទស្សនកិច្ចរបស់គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងគោលបំណងក្រាបបង្គំគាល់សម្តេចព្រះមហាសង្ឃរាជទាំង២គណៈ សម្តេចសង្ឃនាយស្តីទី នៃគណៈមហានិកាយ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ដើម្បីថ្លែងអំណរព្រះគុណ និងអរគុណដោយផ្ទាល់ដល់សម្តេចព្រះមន្ត្រីសង្ឃ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មហាពុទ្ធបរិស័ទគ្រប់ទិសទី ដែលមានសទ្ធាជ្រះថ្លា លះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងទ្រព្យ រៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្ត ស្វាយសៀមថ្មី ខេត្តត្រាវិញ កាលពីថ្ងៃទី ៣,៤,៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ៕