អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានប្រារព្ធធ្វើទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ប្រធានបទ “សិទ្ធិ ជាមាគ៌ាគ្រឹះឆ្ពោះទៅបញ្ចប់អេដស៍(លើកទី៣១ នៅកម្ពុជា)
រាជធានីភ្នំពេញ÷ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ កាលពីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទចតុមុខនោះថា÷ ជារៀងរាល់ឆ្នាំ ដូចបណ្តាប្រទេសនានាក្នុងពិភពលោកក្នុងនាមរាជរដ្ឋាភិបាល អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍តែងប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ថ្ងៃទី១ធ្នូ ជាទៀងទាត់។ ការប្រារព្ធទិវានេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញ ការប្តេជ្ញាចិត្តដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធនឹងការ រីករាលដាលមេរោគអេដស៍ ឈានទៅបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ នៅកម្ពុជា។ ទិវាក៏បានរំលឹកពី ការផ្តល់នូវការគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍ រំលឹកដល់ការបាត់បង់ និងការស្លាប់ដោយសារជំងឺអេដស៍ ព្រម ទាំងក្រើនរំលឹកដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យចងចាំពីគ្រោះថ្នាក់នៃការឆ្លងមេរោគអេដស៍ ដើម្បីទាំង អស់គ្នាឈានទៅបញ្ចប់ការឆ្លងរាលដាលមេរោគអេដស៍ អេដស៍ រួមចំណែកក្នុងការអភិវឌ្ឍមនុស្សជាតិដោយភាព សុខដុម។ ទន្ទឹមនឹងនេះ យើងលើកកម្ពស់ការយល់ដឹងអំពីជំងឺអេដស៍ ដោយបង្ហាញពីសារៈសំខាន់នៃ ចំណេះដឹងស្តីពីវិធានការបង្ការ និងគ្រប់គ្រងជំងឺអេដស៍។ មកដល់ពេលនេះ អេដស៍នៅតែជាជំងឺមួយគំរាម កំហែងដល់សុខភាពសាធារណៈរបស់មនុស្សជាតិនៅឡើយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ បន្ថែមទៀតពីសំណាក់រាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធទាំងអស់ ទាំងក្នុងតំបន់ និងទូទាំងពិភពលោក។
ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” យើងផ្តោតការយកចិត្តទុកដាក់ជា សំខាន់សិទ្ធិនៃអ្នកផ្ទុកមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះ រួមទាំងសិទ្ធិនៃការចូលរួមក្នុងការធ្វើសេចក្តី សម្រេចចិត្ត និងចូលរួមក្នុងបទអន្តរាគមន៍នៅគ្រប់លំដាប់ថ្នាក់ ដែលជាមាគ៌ាឆ្ពោះទៅការបញ្ចប់អេដស៍នៅ ទូទាំងសកលលោក និងនៅកម្ពុជា។ ក្នុងឆន្ទៈមោះមុតឈានទៅបញ្ចប់អេដស៍ រាជរដ្ឋាភិបាលកម្ពុជាបាន ដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៥ ហើយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក៏បានរៀបចំនូវផែនការយុទ្ធសាស្ត្រជាតិ គោលការណ៍ណែនាំ ដោយមានការដាក់បញ្ចូលគ្រប់តួអង្គទៅក្នុងយន្តការឆ្លើយតបមេរោគអេដស៍ នៅគ្រប់លំដាប់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ។ ការពង្រឹងសមត្ថភាពសហគមន៍ និងការផ្តល់ឱកាសជូនតំណាងអ្នកផ្ទុកមេរោគអេដស៍ និងតំណាងប្រជាជនគន្លឹះនៅគ្រប់វេទិការជាតិ និងអន្តរជាតិ ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ រាជរដ្ឋាភិបាល អង្គការ UNAIDS និងភ្នាក់ងារអភិវឌ្ឍអន្តរជាតិនានា។ គម្រោងតាមជានការឆ្លើយតបអេដស៍ ដឹកនាំដោយសហគមន៍ ត្រូវបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ និងបានទទួលលទ្ធផលជាបន្តបន្ទាប់។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធីទាំងមូល នូវស្ថានភាពនៃការ រីករាលដាល និងសមិទ្ធផលនៃការឆ្លើយតបនឹងមេរោគអេដស៍នឹងជំងឺអេដស៍ឆ្នាំ២០២៤ ចម្បងៗដូចតទៅ៖ -តាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ សង្គម ស៊ីវិល អ្នកផ្ទុកមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ បង្កឱ្យ អត្រាប្រវាឡង់នៃអ្នកផ្ទុកមេរោគអេដស៍បានថយចុះជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅ ត្រឹមតែ ០,៥% ក្នុងចំណោមមនុស្សពេញវ័យអាយុពី១៥ដល់៤៩ឆ្នាំ នៅឆ្នាំ២០២៣។ – អ្នកឆ្លងថ្មីក្នុងចំណោមមនុស្សពេញវ័យអាយុ១៥ឆ្នាំឡើង មានការថយចុះគួរឱ្យកត់សម្គាល់ ប្រមាណជា ៤៦% បើគិតពីឆ្នាំ២០១០ មកដល់ឆ្នាំ២០២៣ ដែលក្នុងនោះមានការថយចុះក្នុង ចំណោមស្ត្រីរហូតដល់ ៧៦% ក៏ប៉ុន្តែបែជាមានការកើនឡើងក្នុងបុរសប្រមាណ ៦% ទៅវិញ។ នៅឆ្នាំ២០២៣ អ្នកឆ្លងថ្មីមានចំនួន ១.២០០នាក់ ដែលតាមការវិភាគក៏បានបង្ហាញថា ៨៦% ចំណោមអ្នកឆ្លងថ្មី គឺជាប្រជាជនគន្លឹះ និងអតិថិជនរួមនឹងដៃគូ ដែលក្នុងនោះមាន ៤៦% ចំណោមបុរសរួមភេទជាមួយបុរស និងក្រុមអ្នកបំប្លែងភេទ 99% និងចំណែកអ្នកស្លាប់ ដោយសារមេរោគអេដស៍មានចំនួន ១.១០០ នាក់ (មានការថយចំនួន ១០០នាក់ បើប្រៀបធៀប នឹងតួលេខក្នុងឆ្នាំ២០២១ ដែលមាន ១.៣០០នាក់) ។ តាមការប៉ាន់ប្រមាណតាមបែបវិទ្យាសាស្ត្រ នៅក្នុងឆ្នាំ២០២៣ បានបង្ហាញថា ចំនួនប៉ាន់ស្មាន អ្នកផ្ទុកមេរោគអេដស៍សរុបមានប្រមាណ ៧៦.០០០នាក់។ ក្នុងនោះនៅត្រីមាសទី៣ ឆ្នាំ ២០២៤នេះ អ្នកមកទទួលសេវាព្យាបាលថែទាំដោយឱសថប្រឆាំងមេរោគអេដស៍ មានចំនួន ៦៩ ៤៣១នាក់។ បើធៀបនឹងគោលដៅជាតិ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៣ កម្ពុជាសម្រេចបាន ៨៩-៩៨-៩៨ នៃគោលដៅ ។
យោងតាមសេចក្តី៖ ប្រកាសហេតុនិងរបៀបវារៈទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នោះក៏មាន៖ ការអានសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី- ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍/ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដោយ លោកជំទាវ ម៉ែន នារីសោភ័គ
អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជា អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។ ហើយនិងការ៖ អានសារលិខិតសម្តេចមហាបទធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹង ជំងឺអេដស៍ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕