ខេត្តព្រះសីហនុ ប្រារព្ធមីទ្ធិញខួបអនុស្សាវរីយ៍លើកទី៤៦ (២ធ្នូ ១៩៧៨ ២ធ្នូ ២០២៤) ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជាខេត្តព្រះសីហនុ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងមានការចូលរួមពីសមាជិក សមាជិកាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ និងព្រះសង្ឃ ។
ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានអានសារ លិខិតរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាឧត្តមប្រឹក្សា ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងរំលឹកឡើងវិញនូវទិវាជាប្រវត្តិសាស្ត្រ នៃដំណើរចាប់ផ្តើមរស់រានមានជីវិតឡើងវិញរបស់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា ដើម្បីប្រកាសជាឱឡារិកថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាមិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឱ្យចាកផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្សបានរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាលធ្វើឱ្យមាតុភូមិកម្ពុជាមានការរីកចម្រើនប្រែមុខមាត់ថ្មីប្រកបដោយមោទនភាព ។
ឯកឧត្តម ប្រធាន បានបន្តថា ក្នុងមហាសន្និ បាតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវអនុសាសន៍ចំនួន ៧ចំណុច ដើម្បីសម្រេចជោគជ័យក្នុងដំណាក់កាលថ្មី ប្រែ ក្លាយសេចក្តីសម្រេចចិត្តនៃអង្គមហាសន្និបាតក្លាយជាសកម្មភាពអនុវត្តជាក់ស្តែងរួមមាន៖
-បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សុខដុមនៃសង្គម និងការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។
-រណសិរ្សគ្រប់ថ្នាក់ ត្រូវពង្រឹងពង្រីករចនាសម្ព័ន្ធចាត់តាំងរណសិរ្ស បង្កើនសមត្ថភាពគ្រប់គ្រង និងដឹកនាំស្វែងរកប្រភពគាំទ្រឱ្យបានកាន់តែច្រើន ដើម្បីធានានិរន្តរភាព និងវឌ្ឍនភាពនៃបេសកកម្ម រចនាសម្ព័ន្ធ និងបុព្វហេតុរបស់រណសិរ្ស។
-រណសិរ្សគ្រប់ថ្នាក់ ត្រូវបន្តអប់រំបំផុសចលនា បញ្ច្រាបការយល់ដឹងអំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាលឱ្យបានទូលំទូលាយក្នុងសង្គម និងការប្រមូលផ្តុំកម្លាំងមហាជនពីគ្រប់ស្រទាប់ គ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមគាំទ្រអនុវត្តគោលការណ៍ និងគោលនយោបាយ សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រេចចក្ខុវិស័យ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
-ចូលរួមក្នុងការតស៊ូប្តូរផ្តាច់ ទប់ស្កាត់នូវរាល់ឧបាយកល និងសកម្មភាពបំបែកបំបាក់សាមគ្គីជាតិរបស់ក្រុមប្រឆាំងមជ្ឈដ្ឋានអមិត្តទាំងក្នុង និងក្រៅប្រទេសដែលប៉ុនប៉ងអូសទាញមហាជន ប្រជាជនឱ្យប្រឆាំងចំពោះបុព្វហេតុកសាង និងអភិវឌ្ឍន៍ជាតិ មាតុភូមិជាទីស្នេហានៃយើង។
-ពង្រឹង និងថែរក្សាឱ្យបានរឹងមាំនូវសាមគ្គី ភាព និងឯកភាពផ្ទៃក្នុងទាំងទស្សនៈ គោលជំហរ និងនយោបាយសតិអារម្មណ៍តាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី»។ -ចូលរួមអនុវត្តមាគ៌ាគោលនយោនបាយការទូតសន្តិភាព ឯករាជ្យ មិត្តភាព និងសហប្រតិបត្តិការស្មើភាពជាមួយបណ្តាប្រទេសនានានៅលើពិភពលោកដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ ស្មើសិទ្ធិ និងមាន ផលប្រយោជន៍ទាំងសងខាង ស្របតាមបាវចនារបស់រាជរដ្ឋាភិបាលកម្ពុជា «កែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យ»។
-ត្រូវយកស្មារតីនៃអង្គមហាសន្និបាតរណសិរ្សលើកទី៦ ផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយបន្ថែមទៀតដល់គ្រប់មជ្ឈដ្ឋានសង្គម។
ឯកឧត្តម បានបន្តទៀតថា  ៤៦ឆ្នាំកន្លងមកនេះ ប្រជាជនកម្ពុជាបានរួមរស់ជាមួយគ្នាក្នុងជួររណសិរ្ស ពុះពារឆ្លងកាត់ឧបសគ្គតូចធំទាំងឡាយយ៉ាងអង់អាចក្លាហានក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្នូលដឹកនាំ និងជាអគ្គមគ្គទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា។ ស្មារតី២ធ្នូ ស្មារតី ៧មករា បានចារឹកជាប់ក្នុងមនសិការរបស់ប្រជាជន ប្រែក្លាយទៅជាកម្លាំងយ៉ាងធំធេងក្នុងការ បង្កើតឡើងនូវសមិទ្ធផលធំៗ នៃសង្គមជាតិ។ ក្រោមពន្លឺនៃសន្តិភាព សេរីភាព មនសិការជាតិ និងក្នុងជំហរផ្សារភ្ជាប់នូវជោគវាសនារបស់ខ្លួនយើងទាំងអស់គ្នា យើងជឿជាក់ថា នឹងគ្មានការកើតឡើងជាថ្មីទៀតនូវសោកនាដកម្មដូចក្នុងអតីតកាល។
ឯកឧត្តម បានអំពាវនាវដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាដ៏សកម្មនៃរណសិរ្សគ្រប់ថ្នាក់ សូមលើកកម្ពស់ស្មារតីថែរក្សាសាម គ្គីភាព ឯកភាពផ្ទៃក្នុងប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាជន ខិតខំបញ្ចេញអស់កម្លាំងកាយចិត្តក្នុងការបម្រើប្រទេសជាតិ អនុវត្តតាមសេចក្តីសម្រេចចិត្ត នៃអង្គមហាសន្និបាតលើកទី៦ និងកម្មវិធីនយោបាយរាជរដ្ឋាភិបាល ។