ក្រសួងមុខងារសារធារណៈប្រកាសលទ្ធផល ការប្រឡងមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ

ក្រសួងមុខងារសារធារណៈ រសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ធ្វើការបូកស្រង់ពិន្ទុ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវបានបញ្ចប់រួចរាល់ និងប្រកាសលទ្ធផល។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការរៀបចំការប្រឡងប្រជែង និងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ ក៏មានវត្តមាននៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យការផ្ទៀងផ្ទាត់ សម្រេចលើលទ្ធផលជាប់ជាស្ថាពរ ជូនដល់បេក្ខជនប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីគណៈកម្មការ អនុគណៈកម្មការរៀបចំការប្រឡងប្រជែងពាក់ព័ន្ធនានា និងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអ្នកសង្កេតការណ៍សកលវិទ្យាល័យ និងមហាជន ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយ និងជាសាក្សី។ បេក្ខជន ៩៨៦នាក់ ជាប់មន្រ្តីកសិកម្មឃុំ ខណៈជ្រើសរើសដល់ ១០០០នាក់ ។

ក្រសួងមុខងារសាធារណៈ រកឃើញបេក្ខជនចំនួន ៩៨៦នាក់ បានប្រឡងជាប់ជាមន្រ្តីកសិកម្មឃុំ របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ៤៣នាក់។ ក្រោយបញ្ចប់ការប្រឡង១សប្ដាហ៍ ក្រសួងមុខងារសាធារណៈ បានបិទបញ្ចប់ដំណើរការកែសន្លឹកកិច្ចការ និងបូកពិន្ទុ ដោយរៀបចំប្រកាសលទ្ធផលនៅថ្ងៃនេះ។ កាលពីថ្ងៃទី២៣ វិច្ឆិកា ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ចំនួន ១០០០នាក់ និងរតនាគារជាតិ ចំនួន ១០០នាក់។

សូមជម្រាបថា៖ ក្នុងរយៈពេល ១ សប្តាហ៍នៃថ្ងៃធ្វើការ ត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទីជាកំហិត បន្ទាប់ពីការប្រកាសលទ្ធផលនេះ បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកក្របខណ្ឌមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ តាមរយៈទូរសព្ទ/តេឡេក្រាម ០១២ ៣០៥ ៥៣០, ០១៦ ៨៨៨ ៥៣៦ ។

បេក្ខជនដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈនៃក្រសួងមុខងារសាធារណៈ ដែលមានទីតាំងស្ថិតនៅផ្លូវអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ផុតរយៈពេលកំណត់ខាងលើ ក្រសួងមុខងារសាធារណៈនឹងចេញសេចក្តីសម្រេចទទួលស្គាល់បេក្ខជនជាផ្លូវការ ដើម្បីបន្តនីតិវិធីនៃការរៀបចំផ្តល់ក្របខណ្ឌស្របតាមលិខិតបទដ្ឋានជាធរមាន។ បេក្ខជនជាប់បម្រុងមានភ្ជាប់នៅក្នុងបញ្ជីរាយនាមបេក្ខជនជាប់បម្រុង។

ការជ្រើសរើសបេក្ខជនជាប់បម្រុងជំនួសបេក្ខជនជាប់ជាស្ថាពរដែលបានបោះបង់ក្របខណ្ឌ ឬឃុំដែលមានមិនមានបេក្ខជនប្រឡង នឹងត្រូវអនុវត្តផ្អែកលើលំដាប់ពិន្ទុពីខ្ពស់មកទាបរបស់ បេក្ខជនជាប់បម្រុងទៅតាមមក្រុង/ស្រុក, ខេត្ត, និង ក្របខណ្ឌទូទាំងប្រទេស។

ការជ្រើសរើសជំនួសនេះអាចអនុវត្តបានក្នុង រយៈពេលយ៉ាងយូរ ១២ខែ បន្ទាប់ពីការប្រកាសលទ្ធផលនេះ។ បេក្ខជនដែលត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការត្រូវគោរព អនុវត្ត និងបំពេញគ្រប់លក្ខខណ្ឌតម្រូវដោយច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ព្រមទាំងមិនធ្លាប់ជាប់ទណ្ឌកម្ម បណ្តេញចេញ ឬលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការ ទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ ក្នុងករណីមិនបានគោរព មិន បានអនុវត្ត ឬមិនបានបំពេញតាមលក្ខខណ្ឌតម្រូវខាងលើ បេក្ខជននឹងត្រូវលុបឈ្មោះទោះបីបានជាប់ជាស្ថាពរ ជាប់បម្រុង កម្មសិក្សាការី ឬត្រូវបានតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីរាជការហើយក៏ដោយ៕