ឯកឧត្តម មុំ សៀក អញ្ជើញចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សា អាណត្តិទី៩ ក្នុងពិធីសមាជវិសាមញ្ញក្រុមប្រឹក្សា សហជីពជាតិកម្ពុជា
នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានរៀបចំពិធីសមាជវិសាមញ្ញ អាណត្តិទី៩ របស់ខ្លួន ដោយបានប្រកាសជាផ្លូវការនូវការចូលកាន់តំណែងជា ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា របស់ ឯកឧត្តម មុំ សៀក ប្រធានសហភាពស្មារតីយុវជនដើម្បីការងារកម្ពុជា សម្រាប់រយៈពេល៣ឆ្នាំ គឺឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧។
លោក ឈិន សូនី អគ្គលេខាធិការក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) បានបញ្ជាក់ពី សកម្មភាពជាក់ស្តែង ដែលមានក្នុងអាណត្តិទី៨កន្លងមកហើយ ក៍ជាមោទនភាពដែរ ដែលភាពជោគជ័យ នេះ ក៏បានការជ្រោមជ្រែងពី ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងធ្វើ ឲ្យសហព័ន្ធសហជីព និងអង្គការសមាគម មានការយល់ដឹងយ៉ាងច្រើននូវទស្សនទានល្អៗ។
ដើម្បីជាការតបស្នងសងគុណជូនដល់សមាជិកក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ដែលបានផ្តល់ការទុកចិត្ត បោះឆ្នោតជូនឯកឧត្តមជាប្រធាន ក្នុងការដឹកនាំអាណត្តិទី៩នេះ
ឯកឧត្តម មុំ សៀក បានប្តេជ្ញាចិត្តថា នឹងខិតខំយកចិត្តទុកដាក់ទាំងកម្លាំងកាយចិត្ត ដើម្បីដឹកនាំក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ឲ្យស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU), ខិតខំអនុវត្តឲ្យបានត្រឹមត្រូវ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយកម្មករ និយោជិតទាំងអស់ទូទាំងប្រទេស ឲ្យមានជីវភាពរស់នៅសមរម្យ, ចូលរួមសហការល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីលើកកំពស់កិច្ចទំនាក់ទំនងវិជ្ជាជីវៈ, ចូលរួមជួយសម្របសម្រួល និងស្វែងរកដំណោះស្រាយវិវាទដែលកើតមានឡើងនៅក្នុងរោងចក្រ សហគ្រាស គ្រឹះស្ថាន ឲ្យប្រកបដោយយុទ្ធសាស្ត្រឈ្នះឈ្នះគ្រប់ភាគីពាក់ព័ន្ធ, ជួយផ្សព្វផ្សាយឲ្យបានជ្រួតជ្រាបដល់កម្មករ និយោជិត អំពីច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងច្បាប់បេឡាជាតិសន្តិសុខសង្គម និងបទដ្ឋានគិតិយុត្តិនានា ដែលពាក់ព័ន្ធវិស័យការងារ រួមទាំងអនុសញ្ញាអន្តរជាតិខាងការងារ, ចូលរួមប្រជុំពិភាក្សាការងារ ជាមួយបណ្តាអង្គការជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធនានា, ទំនាក់ទំនងសហការជាមួយបណ្តាអង្គការ សហជីពអន្តរជាតិនានា, ពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ឲ្យមានភាពល្អប្រសើរឡើង, ចូលរួមគាំទ្រ និងអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ពិសេសពាក់ព័ន្ធវិស័យការងារ សំដៅធ្វើឲ្យមានភាពប្រសើរឡើង ផ្នែកសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ ឈានឆ្ពោះទៅរក សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ។