ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរួម

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរួម

រាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា

លើកទី៣ ឆ្នាំ២០២៤

****

 

នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញធ្វើជា សហប្រធានដឹកនាំ កិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍឆ្លើយតបនឹងមេរោគ អេដស៍និងជំងឺអេដស៍នៅកម្ពុជា (Joint Government-Development Partners on HIV and AIDS in Cambodia) លើកទី៣ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីសម្របសម្រួលឱ្យមានកិច្ចសន្ទនានយោបាយ បច្ចេកទេស និងចលនាធនធានឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍រវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍក្នុងទិសដៅបញ្ចប់អេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ នាឆ្នាំ២០២៥។

 

កិច្ចប្រជុំនេះជាវេទិកាផ្លាស់ប្តូរយោបល់ លើកឡើងពីបញ្ហាប្រឈម រាយការណ៍ពីវឌ្ឍនភាពជូនដៃគូ ដាក់ទិសដៅ ផ្តល់មតិលើចំណុចខ្វះខាត និងលើកយោបល់កែលម្អ ក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។ ទន្ទឹមនឹងនេះ កិច្ចប្រជុំរៀបចំឡើងដើម្បីចូលរួមធ្វើឱ្យសម្រេចគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ រួមចំណែកក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមការងាររាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី និងលោកស្រី Patricia Ongpin នាយិកាអង្គការUNAIDSប្រចាំកម្ពុជា ឡាវ ម៉ាឡេស៊ី ជាសហប្រធាន។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន តំណាងស្ថានទូតប្រទេសផ្តល់ជំនួយធំដល់មូលនិធិសកល (អាម៉េរិក បារាំង និងអូស្រ្តាលី) សមាជិក សមាជិកា​ ក្រុមការងារបច្ចេកទេសឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ដែលជាតំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល (ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ក្រសួងផែនការ រដ្ឋបាលរាជធានីភ្នំពេញ) ស្ថាប័ន អង្គការជាតិ អន្តរជាតិ (UNAIDS, UNDP, USAID, PEPFAR, DFAT, CCC, CRS, KHANA, HACC) ព្រមទាំងតំណាងប្រជាជនគន្លឹះ។

កិច្ចប្រជុំបានដំណើរការតាមរបៀបវារៈដូចខាងក្រោម៖

១- ពិនិត្យនិងផ្តល់ការឯកភាពលើរបៀបវារៈកិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា លើកទី៣

២- ពិនិត្យនិងអនុម័តលើកំណត់ហេតុកិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍឆ្លើយតបនឹង     មេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជាលើកទី២

៣- បទបង្ហាញស្តីពីវឌ្ឍនភាពនៃក្រុមការងារផែនការយុទ្ធសាស្ត្រជាតិ ដោយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

៤- បទបង្ហាញអំពីបច្ចុប្បន្នភាពវឌ្ឍនភាពចម្បងៗ ដោយឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានទទួលបន្ទុកបច្ចេកទេស តំណាងផ្នែករាជរដ្ឋាភិបាល និងតំណាងដៃគូអភិវឌ្ឍ៖

·  ការឆ្លើយតបជាតិនឹងមេរោគអេដស៍និងជំងឺអេដស៍ ដោយឯកឧត្តម ទា ផលា

·  ជំនួយរបស់មូលនិធិសកលនៅកម្ពុជា ដោយវេជ្ជបណ្ឌិត ឈីវ ប៊ុនធី ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកល

·  វឌ្ឍនភាពឆ្ពោះទៅគោលដៅ៩៥ទី១ និងរក្សាគោលដៅ៩៥ទី២ និងទី៣ ដោយតំណាងអង្គការPEPFAR

·  គម្រោងផ្តួចផ្តើមរបស់បារាំង ដោយវេជ្ជបណ្ឌិត MOSNIER Emilie, អ្នកជំនាញបច្ចេកទេសអន្តរជាតិ

·  ក្រុមរួមអង្គការសហប្រជាជាតិស្តីពីមេរោគអេដស៍/ជំងឺអេដស៍ ដោយលោក អ៊ឹង ប៉ូលីន ទីប្រឹក្សាអង្គការយូអិនអេដស៍។

៥- បទបង្ហាញបច្ចុប្បន្នភាពនៃវឌ្ឍភាពផែនទីនិរន្តរភាព និងជំហាន ដោយឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានទទួលបន្ទុកបច្ចេកទេស

៦- បទបង្ហាញគ្រោងផែនការសកម្មភាព ក្រុមការងារបច្ចេកទេសរួមរាជរដ្ឋាភិបាលដៃគូអភិវឌ្ឍ

៧- មតិសរុប និងបិទអង្គប្រជុំរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកស្រីនាយិកាសហប្រធាន។

 

នៅក្នុងដំណើរការនៃកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ យើងកំពុងស្ថិតក្នុងពេលផ្ទេរដំណាក់កាលពីការអនុវត្តកម្មវិធីរបស់អ្នកផ្តល់ជំនួយ ទៅជាកម្មវិធីរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើថា ក្នុងរយៈពេលអន្តរកាលនេះ បើម្ចាស់ជំនួយទទួលជួយអង្គការក្រៅរដ្ឋាភិបាល សូមជួយពង្រឹងស្ថាប័ន ដើម្បីឱ្យអង្គការទាំងនោះដឹងពីការងារដែលត្រូវធ្វើ។ បន្ទាប់មក រាជរដ្ឋាភិបាលនឹងពិនិត្យលទ្ធភាពដើម្បីត្រៀមខ្លួនទទួលបន្ត។

 

ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណ លោកស្រីនាយិកាអង្គការUNAIDSជាសហ ប្រធាន តំណាងក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ តំណាងអ្នកផ្ទុកមេរោគអេដស៍ដែលបានចូលរួម ក្នុងកិច្ចប្រជុំ ហើយជាពិសេសអរគុណ សហរដ្ឋអាម៉េរិក បារាំង និងអូស្រ្តាលីដែលជាប្រទេសម្ចាស់ជំនួយធំក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍៕