ឯកឧត្តម ហេង សួរ អញ្ជើញបិទសមាជវិសាមញ្ញរបស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) អាណត្តិទី៩

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសមាជវិសាមញ្ញរបស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) អាណត្តិទី៩ ២០២៤-២០២៧ ដោយមានការចូលរួមពីតំណាងអង្គការអន្តរជាតិខាងការងារ (ILO) និងតំណាងនៃអង្គការ សមាគមនិយោជក សហភាពសហជីព, សហព័ន្ធសហជីព និងសហជីពមូលដ្ឋាន សរុបប្រមាណជា៣០០នាក់។  

ក្នុងឱកាសនៃការចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា អាណត្តិទី៩ ក្នុងពិធីសមាជវិសាមញ្ញនេះ ឯកឧត្តម មុំ សៀក បានមានប្រសាសន៍ប្តេជ្ញាចិត្តខិតខំប្រឹងប្រែង ដើម្បីបំពេញបេសកកម្មមួយនេះ ប្រកបដោយគុណភាព ទទួលបានការការពារសិទ្ធ ជូនកម្មករ កម្មការិនីតាមបណ្តាសហគ្រាស រោងចក្រទាំងអស់នៅទូទាំងប្រទេស និងយកចិត្តទុកដាក់ទាំងកម្លាំងកាយចិត្ត ដើម្បីដឹកនាំក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ឲ្យស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU), ខិតខំអនុវត្តឲ្យបានត្រឹមត្រូវ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយកម្មករ និយោជិតទាំងអស់ទូទាំងប្រទេស ឲ្យមានជីវភាពរស់នៅសមរម្យ, និងចូលរួមសហការល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីលើកកំពស់កិច្ចទំនាក់ទំនងវិជ្ជាជីវៈ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ បានថ្លែងបញ្ជាក់ថា សមាជវិសាមញ្ញនេះគឺជាវេទិកាដ៏សំខាន់ ដែលបង្ហាញពីភាពចាស់ទុំនៃទំនាក់ទំនងវិជ្ជាជីវៈ និងការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមបទប្បញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ 

តាមរយៈសមាជវិសាមញ្ញនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងការអបអរសាទរចំពោះឯកឧត្តម មុំ សៀក ដែលត្រូវបានអង្គសមាជបោះឆ្នោតជ្រើសតាំងជា ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) សម្រាប់រយៈពេល៣ឆ្នាំនៃអាណតិ្តទី៩នេះ។ 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈ ដែលបានលើកឡើងនាពេលនេះ មិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ។ ផ្ទុយទៅវិញ នេះគឺជាការជំរុញឱ្យសហជីពទាំងអស់ខិតខំធ្វើឯកភាពកម្មរវាងគ្នា ដើម្បីពង្រឹងបាននូវសាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ ព្រមទាំងបង្កើននូវសមត្ថភាព និងប្រសិទ្ធភាពរបស់សហជីព ដែលជាអ្នកតំណាងសំឡេងនៃបងប្អូនកម្មករនិយោជិត និងរួមចំណែកកាន់តែសំខាន់បន្ថែមទៀត ជំរុញការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។ ទន្ទឹមនឹងកិច្ចខិតខំក្នុងការបង្រួបបង្រួមដ៏សំខាន់នៃសហជីពនេះដែរ សហជីពទាំងអស់នៅកម្ពុជាត្រូវគោរពឆន្ទៈគ្នាទៅវិញទៅមក យកការពិភាក្សាគ្នាដោយរក្សាកត្តាសត្យានុម័តជាគោល មិនត្រូវមានការរើសអើង ឬចាត់ចំណាត់ថ្នាក់គ្នា តាមរយៈការប្រើប្រាស់ពាក្យសហជីពឯករាជ្យ ឬមិនឯករាជ្យ ដែលតិច ឬច្រើននឹងនាំឱ្យមានការបែកបាក់រវាងសហជីព និងសហជីពនោះឡើយ។

ក្នុងឱកាសនៃពិធីបិទសមាជវិសាមញ្ញនៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា អាណត្តិទី៩នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញប្រគល់ត្រា ជូនឯកឧត្តម មុំ សៀក ដែលទទួលបានតំណែងថ្មីជា ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ដើម្បីដឹកនាំក្រុមប្រឹក្សាសហជីពជាតិកម្ពុជាឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់៕