ថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡាអញ្ជើញបើកពិព័រណ៍អប់រំកម្ពុជា-ចិន-អាស៊ានលើកទី 2 ឆ្នាំ 2024 នៅផ្សារទំនើបអូឡាំព្យ៉ា រាជធានីភ្នំពេញ

ពិព័រណ៍អប់រំកម្ពុជា-ចិន-អាស៊ានលើកទី 2 ឆ្នាំ 2024 ត្រូវបានបើកដំណើរការនាព្រឹកថ្ងៃទី3ខែធ្នូឆ្នាំ 2024 នៅផ្សារទំនើបអូឡាំព្យ៉ា ក្នុងសង្កាត់វាលវង់ ខណ្ឌ7មករា រាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តមបណ្ឌិតសានវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា។

លោក កាវ ជាន ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជាអាស៊ានចិននិងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិអនិកជនកម្ពុជាចិន បានឱ្យដឹងថា ពិព័រណ៍អប់រំនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្ដូរនិងកិច្ចសហប្រតិបត្តិការផ្នែកអប់រំរវាងប្រទេសចិននិងបណ្ដាប្រទេសក្នុងតំបន់អាស៊ានដោយបង្កើតជាវេទិកាសម្រាប់ការសិក្សានិងការផ្លាស់ប្ដូរការពិភាក្សាគ្នាទៅវិញទៅមក។តាមរយៈវេទិកានេះ យើងអាចបង្ហាញលទ្ធផលនិងបទពិសោធន៍ផ្នែកអប់រំដោយចែករំលែកគោលគំនិតនិងការប្រឹក្សាល្អបំផុតជូននិស្សិតកម្ពុជា។ជាមួយនេះយើងក៏អាចពង្រឹងកិច្ចសហការជាមួយសាកលវិទ្យាល័យផ្សេងៗហើយលើកស្ទួយសកម្មភាពដូចជាការផ្លាស់ប្ដូរនិស្សិតនិងទស្សនកិច្ចរបស់គ្រូបង្រៀនផងដែរ។

លោកសរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា-អាស៊ាន-ចិន បានបញ្ជាក់ថាការរៀបចំកម្មវិធីពិព័រណ៍នេះឡើងគឺដើម្បីពង្រឹងការអភិវឌ្ឍនិងការផ្លាស់ប្ដូរការអប់រំរវាងប្រទេសកម្ពុជាចិននិងអាស៊ាន។ពិព័រណ៍អប់រំអន្តរជាតិកម្ពុជាអាស៊ានចិនលើកទី 2 ឆ្នាំ 2024នេះ មានរយៈពេលមួយថ្ងៃដោយក្នុងព្រឹត្តិការណ៍នេះ សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជាអាស៊ានចិនបានអញ្ជើញសាកលវិទ្យាល័យប្រមាណជាង 40 មកពីសាធារណរដ្ឋប្រជាមានិតចិន រួមទាំងសាកលវិទ្យាល័យ គ្រឹះស្ថានអប់រំ សាលាអន្តរជាតិមួយចំនួនរបស់ប្រទេសកម្ពុជាផងដែរ ដើម្បីផ្ដល់ឱកាសនិងជម្រើសដ៏ល្អបំផុតសម្រាប់សិស្សនិស្សិតកម្ពុជាឲ្យទទួលបានព័ត៌មានសិក្សាជាតិនិងអន្តរជាតិដ៏សំបូរបែប។ក្នុងនោះសមាគម ក៏បានអញ្ជើញសិស្សានុសិស្សមកពីគ្រឹះស្ថានសាធារណៈនិងឯកជនក្នុងរាជធានីភ្នំពេញប្រមាណ 3 ពាន់នាក់និងអនុញ្ញាតឲ្យសាធារណជនចូលរួមដោយសេរី។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សានវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានចាត់ទុកពិព័រណ៍អប់រំអន្តរជាតិកម្ពុជាអាស៊ានចិនលើកទី 2 ឆ្នាំ 2024 ថាជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ដើម្បីផ្ដល់ឱកាសឲ្យសាកលវិទ្យាល័យនិងស្ថាប័នអប់រំរបស់ប្រទេសចិន បណ្ដាប្រទេសនានានិងប្រទេសកម្ពុជាបានផ្លាស់ប្ដូរការអប់រំជាលក្ខណៈអន្តរជាតិ ជាពិសេសបានផ្ដល់ឲ្យគណៈគ្រប់គ្រងស្ថាប័នអប់រំ អ្នកជំនាញនិងអ្នកតំណាងធុរកិច្ចនានា បានបង្កើតឱកាសសម្រាប់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទល់មុខគ្នាហើយក៏នឹងក្លាយជាវេទិកាមិត្តភាពដើម្បីលើកកម្ពស់ការអប់រំនិងវប្បធម៌ផ្លាស់ប្ដូររវាងអាស៊ានចិនផងដែរ។ 

ក្នុងព្រឹត្តិការណ៍ពិព័រណ៍អប់រំអន្តរជាតិកម្ពុជាអាស៊ានចិនលើកទី 2 ឆ្នាំ 2024នោះ ក៏មានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យនានារបស់ប្រទេសកម្ពុជានិងសាកលវិទ្យាល័យនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។