ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា : អាជ្ញាធរខេត្តនិងអាជ្ញាធរមូលដ្ឋានមានតួនាទីរៀបចំយន្តការធ្វើឱ្យសហគមន៍គ្មានគ្រឿងញៀន
ខេត្តបាត់ដំបង : ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ថ្លែងបែបនេះក្នុងសិក្ខាសាលាផ្សព្វផ្សាយពីការអប់រំ បង្ការ ទប់ស្កាត់គ្រឿងញៀនដល់ភាគីពាក់ព័ន្ធក្នុងសហគមន៍នៅខេត្តជាប់ព្រំដែនកម្ពុជា ថៃ ដែលមានអ្នកចូលរួមអាជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ ទូទាំងស្រុកកំរៀង សរុប៨០នាក់នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ។
ក្នុងនាមឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានពាំនាំនូវការកោតសសើរពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជូនដល់អស់លោកលោកស្រីជាសិក្ខាកាមទាំងអស់។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃបានផ្សព្វផ្សាយជូនពីយន្តការនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតួនាទី គោលការណ៍សំខាន់ៗគោលនយោបាយ និងកិច្ចការសំខាន់ៗរបស់គណៈកម្មាធិការសម្របសម្រួល អនុវត្តនិងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ផ្សព្វផ្សាយជូនផងដែរពីតួនាទីរបស់គណៈកម្មការក្នុងការចូលរួមអនុវត្តគោលការណ៍ គោលនយោបាយប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាចូលរួមធ្វើឲ្យសម្រេចបាននូវឆន្ទៈរបស់រាជរដ្ឋាភិបាលសម្អាតផ្ទះ និងសម្អាតចកចេញពីបឹង គ្មានបទល្មើស លួច ឆក់ប្លន់ គ្រឿងញៀន ល្បែង ស៊ីសង ខុស ច្បាប់ និងបទល្មើសគ្រប់ប្រេតទ (ភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព )និងធ្វើការសម្របសម្រួលអង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ព្រមទាំងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជំរុញការអនុវត្តគោលនយោបាយ ផែនការសកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងរាជរដ្ឋាភិបាល។
ជាមួយគ្នានេះដែរ ឧត្តមសេនីយឯក នាក់ យុទ្ធា បានលើកឡើងពីតួនាទីសំខាន់ៗរបស់អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការរួមគ្នារៀបចំយុទ្ធសាស្ត្រ យន្តការផែនការសកម្មភាពការងារច្បាស់លាស់ឆ្លើយតបទៅនឹងសភាពការណ៍គ្រឿងញៀននៅមូលដ្ឋានរបស់ខ្លួនក្នុងគោលដៅបង្ការ ទប់ស្កាត់បង្រ្កាបគ្រឿងញៀនស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដោះស្រាយកង្វល់ជូនដល់ប្រជាពលរដ្ឋ។