ឯកឧត្តម ចាយ បូរិន និង ឯកឧត្តម ជា វ៉ាន់ដេត ចូលថ្វាយបង្គំសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង នៅអគ្គធិការដ្ឋានពុទ្ធិកសិក្សាជាតិ
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញចូលថ្វាយបង្គំសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដើម្បីស្វែងយល់ពីសកម្មភាពវិស័យអប់រំ និងការអភិវឌ្ឍន៍ប្រព័ន្ធអប់រំឌីជីថល នៅពុទ្ធិកសិក្សាជាតិ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ។
សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង បានមានព្រះថេរដីកា ជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តីទាំងពីរ ថា អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ក្រោមការគ្រប់គ្រងរបស់ក្រសួងធម្មការនិងសាសនា បានធ្វើការងារយ៉ាងសកម្មដើម្បីអភិវឌ្ឍន៍មូលធនមនុស្សឲ្យស្របទៅតាមផែនការយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រគឺការពង្រឹងគុណភាព និងពង្រីកវិស័យពុទ្ធិកសិក្សា ការលើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និង សុខដុមនីយកម្មសាសនា ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ជាតិ ។
សម្តេចព្រះពោធិវ័ង្ស មានព្រះថេរដីកាបញ្ជាក់ថា វិស័យពុទ្ធិកសិក្សា គឺជាប្រព័ន្ធអប់រំមួយដ៏សំខាន់ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ធ្វើការបណ្តុះបណ្តាល ចាប់ពីពុទ្ធិកបឋមសិក្សា រហូតដល់ពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្ដមសិក្សា។ ហើយការបណ្តុះបណ្តាលនេះ មិនមែនសម្រាប់តែព្រះសង្ឃប៉ុណ្ណោះទេ បច្ចុប្បន្នសូម្បីសិស្សានុសិស្សដែលជាគ្រហស្ថ ក៏អាចចូលសិក្សារៀនក្នុងវិស័យពុទ្ធិកសិក្សាបានដែរ។
ដើម្បីពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សាជាតិឲ្យកាន់តែមានភាពល្អប្រសើរ ក្នុងការអភិវឌ្ឍប្រព័ន្ធអប់រំឌីជីថល សម្តេច បានសំណូមពរ ដល់ឯកឧត្តម ប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលនៅចំណុចសំខាន់មួយចំនួនដូចជា ៖
១.សំណើសុំតភ្ជាប់ប្រព័ន្ធ អ៊ីនធឺណិត(Internet) នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ។
២.សំណើសុំកុំព្យូទ័រ សម្រាប់តម្រូវការនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។
៣.សំណើរសុំបណ្តុះបណ្តាលប្រព័ន្ធអប់រំឌីជីថលដល់ព្រះសង្ឃ។
និង៤.សំណើសុំរៀបចំប្រព័ន្ធគ្រប់គ្រងព្រះសង្ឃ និងឯកសារ ដោយប្រើ QR code ។
ជាកិច្ចឆ្លើយតប ឯកឧត្តម ជា វ៉ាន់ដេតបានទទួលយកសំណូមពររបស់សម្តេច ព្រះអគ្គាធិការពុទ្ធិកសិក្សាជាតិ ដោយចាត់តាំងមន្រ្តីជំនាញសហការជាមួយ ព្រះមន្រ្តីសង្ឃនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដើម្បីធ្វើការបណ្តុះបណ្តាល នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៅពេលឆាប់ៗខាងមុខនេះ៕