ឧត្តមសេនីយ៍ឯក លឹម តុងហួត: App NoDrug ត្រូវបានផ្សព្វផ្សាយនិងបិតផ្សាយនៅផ្សារកំរៀងនិងច្រកទ្វារព្រំដែនអន្តរជាតិដូង

ខេត្តបាត់ដំបង: ទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ឧត្តមសេនីយ៍ឯក លឹម តុងហួតប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនិងជាអនុប្រធានប្រចាំការគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំបានដឹកនាំសម្របសម្រួលការងារផ្សព្វផ្សាយអត្ថប្រយោជន៍

និងបិតផ្សាយQR.App NoDrug ជូនអាជីវករនៅផ្សារកំរៀងក៏ដូចជាអង្គភាពប្រចាំការនៅច្រកទ្វារ ព្រំដែនអន្តរជាតិដូង ដោយមានការចូលរួមពីអង្គការមហាជនមានយុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា សិស្សានុសិស្ស និងអាជ្ញាធរស្រុកកំរៀង។ 

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងថាការបំផុសឲ្យប្រជាពលរដ្ឋប្រើApp NoDrug គឺជាការងារសំខាន់ចាំបាច់បំផុតដែលយើងទាំងអស់គ្នាត្រូវតែធ្វើព្រោះថាកាលណាប្រជាពលរដ្ឋគាត់បានដឹងពីអត្ថប្រយោជន៍ ពួកគាត់នឹងប្រើប្រាស់ហើយពួកគាត់នឹងធ្វើជាភ្នាក់ងារផ្សព្វផ្សាយApp NoDrug ពេលនោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននិងទទួលបានប្រសិទ្ធភាព អ្នករាយការណ៍ធានាបានសុវត្ថិភាព100% រាល់ករណីគ្រឿងញៀនត្រូវបានរាយការណ៍ យើងនឹងងាយស្រួលក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបានរាល់ករណីពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ពួកគាត់។ 

ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានបន្ថែមថាប្រជាពលរដ្ឋដែលទទួលបានព័ត៌មានផ្សព្វផ្សាយពីអត្ថប្រយោជន៍App NoDrug នោះពួកគាត់មានសេចក្តីសប្បាយរីករាយដោយសារកន្លងមកពួកគាត់មិនបានឮពីការប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិយុទ្ធប្រឆាំងគ្រឿងញៀននេះទេហើយពួកគាត់នឹងបន្តផ្សព្វផ្សាយដល់ក្រុមគ្រួសារពួកគាត់ “ប្រើប្រាស់AppNoDrugទាំងអស់គ្នាដើម្បីកម្ពុជាគ្មានគ្រឿងញៀន” ។