ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បានអញ្ជើញធ្វើការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ស្តីពីកិច្ចសហប្រតិបត្តិការលើកម្មវិធីបណ្តុះបណ្តាលជំនាញក្របខ័ណ្ឌវិស័យព័ត៌មាន និងសោតទស្សន៍
អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ស្តីពីកិច្ចសហប្រតិបត្តិការលើកម្មវិធីបណ្តុះបណ្តាលជំនាញក្របខ័ណ្ឌវិស័យព័ត៌មាន និងសោតទស្សន៍ ត្រូវបានធ្វើពិធីចុះហត្ថលេខារវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នាសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ រវាងស្ថាប័នរដ្ឋ និងឯកជន សំដៅលើការរួមចំណែកលើកកម្ពស់វិស័យព័ត៌មាន តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មាន ប្រកបដោយគុណវឌ្ឍ កម្រិតបរិញ្ញាបត្រ បរិញ្ញាបត្ររង និងកម្រិតវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជា ៕