ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី រួមជាមួយដៃគូអន្តរជាតិ បានរៀបចំវេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ “តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង ទប់ស្កាត់អំពើហិង្សាលើស្ត្រី”
វេទិកានេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីតួនាទីភាគីពាក់ព័ន្ធនៃប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ ទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងក្មេងស្រី និងជំរុញការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី និងជនងាយរងគ្រោះប្រកបដោយវិជ្ជាជីវៈ។
ថ្លែងក្នុងឱកាសបើកវេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ “តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង ទប់ស្កាត់អំពើហិង្សាលើស្ត្រី” នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នាសណ្ឋាគារ Raffles Le Royal ភ្នំពេញ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា
ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន មានឥទ្ធិពលដល់ការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានចំពោះស្ត្រី និងក្មេងស្រីនៅក្នុងសង្គម ហើយសិទ្ធិ សំឡេង និងតម្រូវការត្រូវបានផ្សព្វយ៉ាងទូលំទូលាយដើម្បីឲ្យទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយដែលបង្កលក្ខណៈងាយស្រួលដល់ការសម្រេចចិត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាក្នុងកិច្ចការសង្គម សេដ្ឋកិច្ច និងនយោបាយ ។ ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបានចូលរួមចំណែកដល់ការកសាងបណ្តាញស្ត្រី និងក្មេងស្រីកាន់តែរឹងមាំ អាចឱ្យពួកគេពិភាក្សានិងជួយគ្នាទៅវិញ ទៅមកបាន និងការពារឲ្យជៀសផុតពីភាពងាយរងគ្រោះដោយសារអំពើហិង្សា ការឆបោក និងការបៀតបៀតគ្រប់រូបភាព។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ លើកឡើងថា បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយ ទាំងបុរាណ ទាំងទំនើបបាននិងកំពុងជះឥទ្ធិពលខ្លាំងទៅលើទស្សនៈ និងការយល់ ឃើញរបស់សាធារណជន ចំពោះតួនាទីរបស់ស្ត្រី និងក្មេងស្រីនៅក្នុងសង្គម។ ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន រួមចំណែកដល់ការលើកកម្ពស់សមភាពយេនឌ័រ ប្រកបដោយប្រសិទ្ធភាព ហើយក្រសួងព័ត៌មាន បាននិងកំពុងជំរុញឱ្យមានការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងក្រមប្រតិបត្តិ ក្នុង ចំណោមប្រតិបត្តិករវិស័យព័ត៌មាន សំដៅឱ្យអង្គភាពទាំងនោះ ផលិត និងផ្សព្វផ្សាយមាតិកា និងព័ត៌មានពិត មិនបំពុលសង្គម និងមានប្រយោជន៍ ដល់សង្គមជាតិ ។ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងការអនុវត្តយន្តការនេះ ក្រសួងព័ត៌មានបានដាក់ឱ្យប្រើប្រាស់ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលជាស្តង់ដារប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈរបស់ជាតិ សម្រាប់ឱ្យអង្គពាក់ព័ន្ធក្នុងវិស័យសារព័ត៌មានទាំងអស់ គោរព និងអនុវត្តតាម ក្នុងការ បញ្ចេញមតិប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវៈ សំដៅលើកកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជាឱ្យកាន់តែមាន ប្រសិទ្ធិភាព។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ដែរថា ក្រសួងព័ត៌មាន បន្តចូលរួមអោយកាន់តែសកម្ម ជាមួយក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធនានា ក្នុងការរួមគ្នាលុបបំបាត់វិសមភាពយេនឌ័រ និងអំពើហិង្សាលើស្ត្រី និងក្មេងស្រីនៅក្នុងសង្គម ក៏ដូចជាក្នុងវិស័យសារព័ត៌មាន ដើម្បីធានាបានថា ស្ត្រី និងក្មេងស្រី នឹងទទួលបានអត្ថប្រយោជន៍ពេញលេញ និងស្មើភាពគ្នាដូចបុរសដែរ។ ជាពិសេស ក្រសួងព័ត៌មាន នឹងជំរុញលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែច្រើនពីស្ត្រីក្នុងវិស័យសារព័ត៌មាន ដោយបង្កលក្ខណៈសមរម្យ និងអំណោយផលដល់ស្ត្រីក្នុងការងារព័ត៌មាន។
នៅក្នុងឱកាសនៃអង្គវេទិកានេះដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបជូនដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន និងបន្តដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងខិតខំ និងយកចិត្តទុកដាក់លើការងារលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចក្លាហ៊ានដល់ស្ត្រី តាមរយៈការដាក់ ចេញនូវ គោលនយោបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន ដូចជា៖ «ផែនការយុទ្ធសាស្ត្រនារីរតនៈ ទី៦ ឆ្នាំ២០២៤-២០២៨» កាលខែពីមេសា ឆ្នាំ២០២៤ ដោយក្រសួងកិច្ចការនារី និងគោលនយោបាយ សមភាពយេនឌ័រ សំដៅសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៥ ឱ្យបានមុន និង ត្រឹមឆ្នាំ២០៣០។ គោលនយោបាយទាំងនេះ នឹងក្លាយជាផ្លូវត្រួសត្រាយនាំស្ត្រី និងក្មេងស្រីឱ្យទទួល បានសិទ្ធិអំណាចពិតប្រាកដ និងកាន់តែប្រសើរ។
លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការ នារី បានចាត់ទុកប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទី យ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរ ផ្នត់គំនិត និងអាកប្បកិរិយា និងផ្នត់គំនិតសង្គម ខណៈភាពជឿនលឿនផ្នែកបច្ចេកវិទ្យារួមទាំងបញ្ញាសិប្បនិម្មិត បានបង្កើតហិង្សាទាក់ទងនឹងយេនឌ័រ។ សារព័ត៌មានគឺជាអំណាចទី៤ ដែលអាចធ្វើឱ្យសង្គមផ្លាស់ប្ដូរទស្សនៈនិងផ្នត់គំនិតរបស់ប្រជាជន ហើយអ្នកសារព័ត៌មាន មានតួនាទីសំខាន់ក្នុងបានបញ្ជ្រាបការផ្សព្វផ្សាយនៅក្នុងសង្គម។ នៅក្នុងផែនការយុទ្ធសាស្ត្រជាតិ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើន ភាពអង់អាចដល់ស្ត្រី និង ក្មេងស្រី ដែលហៅថា នារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ផ្តោតលើការជំរុញការ បញ្ជាបយេនឌ័រក្នុងគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍គ្រប់វិស័យ និងគ្រប់កម្រិត រួមទាំងការផ្តល់អាទិភាពក្នុងផ្លាស់ប្តូរផ្នត់គំនិត យេនឌ័រតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។ បច្ចុប្បន្នសាធារណជនត្រូវការប្រព័ន្ធផ្សព្វផ្សាយដែលអាចជឿទុកចិត្តបាន និងមានព័ត៌មាន ទិន្ន័យគ្រប់គ្រាន់ ទាក់ទងនឹងយេនឌ័រ រួមបញ្ចូលទាំងផ្នត់គំនិតយេនឌ័រ តួនាទីយេនឌ័រក្នុងសង្គម និងក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ដូច្នេះដើម្បីសម្រេចបានកិច្ចការនេះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវពិភាក្សា និងបង្កើតដំណោះស្រាយរួមគ្នា និងអនុវត្ត គោលនយោបាយ និងសកម្មភាពឆ្លើយតបនឹងយេនឌ័រ តាមរយៈគោលការណ៍របស់រាជរដ្ឋាភិបាល គឺមិនទុកនរណាម្នាក់នៅឯកា ដោយរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសនៅក្នុងគោលដៅទី៥ ស្តីពីសមភាពយេនឌ័រ និង គោលដៅទី១៦ ស្តីពីសន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ។
តាមរយៈការរៀបចំ វេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពី សមភាពយេនឌ័រ គឺដើម្បីកៀងគរភាគីពាក់ព័ន្ធសំខាន់ៗ ចូលរួមសហការគ្នាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងដោះស្រាយបញ្ហាសំខាន់នៃអំពើហិង្សាទាក់ទង នឹងយេនឌ័រនៅក្នុងតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ។ ជាងនេះទៅទៀតប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរ ផ្នត់គំនិត និងអាកប្បកិរិយា និងផ្នត់គំនិតសង្គម។ មិនតែប៉ុណ្ណោះភាពជឿនលឿនផ្នែកបច្ចេកវិទ្យារួមទាំងបញ្ញាសិប្បនិម្មិត (AI)ផ្នត់គំនិតយេនឌ័រ (ហិង្សាទាក់ទងនឹងយេនឌ័រ) ក៏ត្រូវបានប្រើប្រាស់ក្នុងបច្ចេកវិទ្យាឌីជីថល ជាហេតុត្រូវ ជំរុញឱ្យមានការគិតគូដល់សុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតរបស់ស្ត្រី និងកុមារ ជនងាយរងគ្រោះ រួមទាំងស្ត្រី អ្នកសារព័ត៌មានផងដែរ។
លោកជំទាវរដ្ឋមន្រ្តី បានបញ្ជាក់ថា ការប្តេជ្ញាចិត្តពីភាគីពាក់ព័ន្ធ គឺជាផ្នែកមួយដ៏សំខាន់និងមិនអាចខ្វះ បាន ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ និង សុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតសម្រាប់ស្ត្រី និងក្មេងស្រី ។
វេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ “តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង ទប់ស្កាត់អំពើហិង្សាលើស្ត្រី” ដែលធ្វើឡើងពេញ១ព្រឹកនេះ ក៏មានការចូលរួមផ្តល់នូវមតិយោបល់ពី
លោក Sardar Umar Alam នាយកអង្គការ UNESCO ប្រចាំប្រទេសកម្ពុជា និង លោកស្រី Susanna Elmberger អ្នកទទួលបន្ទុកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៃស្ថានទូតស៊ុយអែត ប្រចាំកម្ពុជា ផងដែរ៕