អ្នកវិភាគនយោបាយកូរ៉េនិយាយថា៖ សំណើចោទប្រកាន់លោកប្រធានាធិបតីដែលបានប្រើច្បាប់អាជ្ញាសឹកហាក់ពិបាកបន្តិច! ព្រោះសមាជិកសភានៃបក្សប្រឆាំងត្រូវការ៨សម្លេងទៀតដើម្បីបង្រ្គប់២០០អាសនៈក្នុងចំណោម៣០០អាសនៈ

អ្នកជំនាញខាងនយោបាយកូរ៉េខាងត្បូងបានព្យាករណ៍កាលពីថ្ងៃព្រហស្បតិ៍នេះថា ស្ថានភាពនៅពេលនេះវាមានភាពពិបាកសម្រាប់គណបក្សប្រឆាំងក្នុងការចោទប្រកាន់ចំពោះលោកប្រធានាធិបតី Yoon Suk Yeol បន្ទាប់ពីការប្រកាសច្បាប់អាជ្ញាសឹករបស់លោក។ ក្នុងចំណោមអាសនៈទាំង៣០០គឺមានសមាជិកគណបក្សប្រឆាំង១៩២រួចទៅហើយ ដែលនេះមានន័យថាពួកគេត្រូវការតែ៨សំឡេងបន្ថែមទៀតប៉ុណ្ណោះពីគណបក្សកាន់អំណាចដើម្បីចោទប្រកាន់លោក Yoon សម្រេច។ ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំគណបក្សកាន់អំណាច លោក Han Dong-hoon បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ថា គណបក្សនឹងធានាថា ចលនាចោទប្រកាន់មិនត្រូវបានអនុម័តនោះទេ។ ចំណែកលោក Chang Young-soo អ្នកជំនាញខាងនយោបាយនៅសកលវិទ្យាល័យកូរ៉េបាននិយាយថា “ប្រហែលជាសមាជិកសភាបក្សកាន់អំណាចមួយឬពីរនាក់អាចប្រឆាំងនឹងការសម្រេចចិត្តរបស់គណបក្សបាន ប៉ុន្តែវានឹងពិបាកបន្តិចសម្រាប់ពួកគេមួយចំនួនធំក្នុងការធ្វើរឿងនេះដូចគ្នា”។ លោកបានបន្ថែមថា បើទោះជាលោក Yoon រួចរស់ពីការបោះឆ្នោតចោទប្រកាន់នៅថ្ងៃសៅរ៍ក៏ដោយ ក៏លោកអាចឃើញខ្លួនឯងស្ថិតក្នុងស្ថានភាពមួយដែលវាពិបាកក្នុងការទំនាក់ទំនងជាមួយគណបក្សកាន់អំណាចរបស់លោកដែរ។ សំណើចោទប្រកាន់លោក Yoon ត្រូវបានគេរាយការណ៍ថាបានទៅដល់សភាកូរ៉េខាងត្បូងហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ។ តាមច្បាប់សំណើចោទប្រកាន់ត្រូវតែដាក់ឱ្យអង្គបោះឆ្នោតនៅចន្លោះពី២៤ទៅ៧២ម៉ោង បន្ទាប់ពីសេចក្តីស្នើនេះត្រូវបានរាយការណ៍ទៅកាន់សម័យប្រជុំពេញអង្គ។ គណបក្សប្រឆាំងរបស់កូរ៉េខាងត្បូងបានដាក់ញត្តិចោទប្រកាន់ប្រធានាធិបតីរូបនេះជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក ដែលបានធ្វើក្រុមទាហានប្រដាប់អាវុធយ៉ាងច្រើនមកឡោមព័ទ្ធវិមានសភា មុនពេលសមាជិកសភាបានឡើងតាមជញ្ជាំងនានាដើម្បីចូលទៅក្នុងអគារសភាវិញ ហើយពួកគេបានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីដកបញ្ជារបស់លោក Yoon មុនពេលថ្ងៃរះ នាព្រឹកព្រលឹកថ្ងៃពុធ៕

សម្រួលអត្ថបទ៖ សុផារិន្ទ