ឯកឧត្តម ហេង សួរ ស្វាគមន៍មជ្ឈមណ្ឌលអាស៊ាន-ចិន ចំពោះកិច្ចសហប្រតិបត្តិការជាមួយ គ្រឹះស្ថាន TVET នៅកម្ពុជា ដើម្បីបណ្តុះបណ្តាលជំនាញបច្ចេកទេសរួមគ្នា

នៅក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម Shi Zhongjun អគ្គលេខាធិការ នៃមជ្ឈមណ្ឌលអាស៊ាន-ចិន (ASEAN-China Center) នាល្ងាចថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការស្វាគមន៍ចំពោះ ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូចិនមកកាន់កម្ពុជា នាពេលនេះ ដោយឯកឧត្តមសង្ឃឹមថា គណៈប្រតិភូចិន ដែលរួមមានទាំងតំណាងនៃស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេសជាច្រើនផ្សេងៗគ្នាមកពីប្រទេសចិនផងនោះ នឹងស្វែងយល់កាន់តែច្បាស់ពីឱកាស នៃកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថាន TVET នៅកម្ពុជា។ 

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានស្នើដល់មជ្ឈមណ្ឌលអាស៊ាន-ចិន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់ចិន ពិនិត្យមើលសក្តានុពលរបស់គ្រឹះស្ថាន TVET របស់កម្ពុជា ដើម្បីសហការគ្នា ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសរួមគ្នា តាមរយៈការផ្លាស់ប្តូរកម្មវិធីសិក្សា ការផ្លាស់ប្តូរសិក្សាស្រាវជ្រាវ ការបណ្តុះបណ្តាលបន្ថែមដល់គ្រូបច្ចេកទេសកម្ពុជា និងការបញ្ជូនគ្រូបច្ចេកទេសពីចិនមកកម្ពុជាជាដើម។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្លឹងឃើញថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចិននៅតែមានសក្តានុពលខ្លាំង ក្នុងការជួយអភិវឌ្ឍធនធានមនុស្សសម្រាប់កម្ពុជា។ 

ជាការឆ្លើយតប ឯកឧត្តម Shi Zhongjun បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមរដ្ឋមន្ត្រី លើកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ក៏ដូចជាកម្មវិធីសិក្សារួមគ្នា និងការបញ្ជូនគ្រូបច្ចេកទេសពីចិនមកកម្ពុជាផងដែរ។ ទន្ទឹមនេះ ក្នុងនាមមជ្ឈមណ្ឌលអាស៊ាន-ចិន ឯកឧត្តម សូមអញ្ជើញក្រុមការងាររបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីស្វែងយល់ពីឱកាសរួមគ្នា លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ វិស័យអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ៕