ឧត្តមសេនីយ៍ឯក លឹម តុងហួត: App NoDrug ត្រូវបានផ្សព្វផ្សាយនិងបិតផ្សាយនៅផ្សារម៉ាឡៃនិងផ្សារច្រកទ្វារព្រំដែន
ខេត្តបន្ទាយមានជ័យ: ទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនិងជាអនុប្រធានប្រចាំការគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំបានដឹកនាំសម្របសម្រួលការងារផ្សព្វផ្សាយអត្ថប្រយោជន៍និងបិតផ្សាយQR.App NoDrug ជូនអាជីវករនៅផ្សារម៉ាឡៃក៏ដូចជាអាជីវករផ្សារច្រកទ្វារ ព្រំដែនម៉ាឡៃ ដោយមានការចូលរួមពីអង្គការមហាជនមាន : សហភាពសហព័ន្ធយុវជនកម្ពុជាយុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា សិស្សានុសិស្ស និងអាជ្ញាធរស្រុកម់ាឡៃ។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងថាអង្គការមហាជន អាជ្ញាធរដែនដីក៏ដូចជាអាជីវករនិងប្រជាពលរដ្ឋបានសំដែងនូវការសប្បាយសប្បាយរីករាយនិងបានទទួលការចាប់អារម្មណ៍ពេលបានទទួលថាយើងមានប្រព័ន្ធសម្រាប់ធ្វើការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមប្រព័ន្ធបច្ចេកវិទ្យាបែបនេះដែលពួកគាត់មិនធ្លាប់បានឮនឹងដឹងគ្នាពេលកន្លងមកទេ ពួកគាត់បានសួរបញ្ជាក់ពីរបៀបប្រើប្រាស់ App NoDrug ពិសេសមុខងាររាយការណ៍ដើម្បីពួកគាត់អាចប្រើប្រាស់សម្រាប់សុំជំនួយដើម្បីបង្ការ ទប់ស្កាត់និងដោះស្រាយពេលមានករណីគ្រឿងញៀនកើតឡើងនៅក្នុងមូលដ្ឋានរបស់គាត់។
ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានបន្ថែមថាពេលដែលប្រជាពលរដ្ឋយើងបានប្រើប្រាស់ App NoDrug គ្រប់គ្នាបញ្ហាគ្រឿងញៀននិងបញ្ហានានាដែលពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបានដោះស្រាយហើយព័ត៌មានចចាមអារាមនានាពាក់ព័ន្ធនឹងករណីគ្រឿងញៀននៅមូលដ្ឋានក៏ត្រូវបានលុបបំបាត់ផងដែរ ។