របបដឹកនាំប្រទេសស៊ីរីត្រូវបញ្ចប់ត្រឹមប្រធានាធិបតី Bashar al-Assad ក្នុងវ័យ៥៩ឆ្នាំ ក្រោយពីមិនអាចស្រោចស្រង់បាននូវសង្រ្គាមស៊ីវិលកាលពី១០ឆ្នាំមុន

ក្រុមយុទ្ធជនប្រឆាំងរដ្ឋាភិបាលស៊ីរីបានវាយសម្រុកចូលក្នុងវិមានប្រធានាធិបតីក្នុងរដ្ឋធានីដាម៉ាសកាលពីថ្ងៃអាទិត្យនេះបន្ទាប់ពីផ្តួលរំលំរបបគ្រប់គ្រងរបស់លោកប្រធានាធិបតី Bashar al Assad ។ យោងតាមរូបភាពពីសារព័ត៌មាបបរទេសបានបង្ហាញពីវិមានដ៏ស្កឹមស្កៃត្រូវរបស់ប្រធានាធិបតីរូបនេះ ដែលចូលលុកលុយដោយក្រុមបុរសប្រដាប់អាវុធនៅបិរវេណខាងក្នុង។ ពួកគេបានដើរចេញចូលជាមួយនឹងសម្ភារៈមានតម្លៃនានាដូចយកចេញពីព្រះរាជវាំងដូច្នោះដែរ។ ទន្ទឹមនឹងនេះ ហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នាដើម្បីអបអរសាទរជ័យជម្នះរបស់ពួកគេដែលបានផ្តួលរំលំនៃរដ្ឋាភិបាលរបស់លោក Bashar Assad ជាមួយនឹងកម្មវិធីអធិដ្ឋានសូត្រធម៌ បាញ់កាំភ្លើងអបអរសាទរ បន្ទាប់ពីក្រុមអ្នកប្រឆាំងបានចូលទៅកាន់ទីក្រុង Damascus និងបន្ទាប់ពីការឈានទៅមុខដ៏គួរឱ្យភ្ញាក់ផ្អើលមួយជាប្រវត្តិសាស្រ្តថ្មី។ វាជាលើកទីមួយហើយដែលកងកម្លាំងប្រឆាំងបានចូលទៅដល់ទីក្រុង Damascus ចាប់តាំងពីឆ្នាំ២០១៨ នៅពេលដែលកងទ័ពស៊ីរីដណ្តើមបានមកវិញនូវតំបន់នានានៅតាមជាយក្រុង ក្រោយពីការឡោមព័ទ្ធអស់រយៈពេលជាច្រើនឆ្នាំដែរ។ ព្រឹត្តិការណ៍ដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័សនេះបានអង្រួនតំបន់ជាច្រើននៅតាមព្រំដែនស៊ីរី ក្នុងនោះប្រទេសលីបង់បាននិយាយថាខ្លួនកំពុងបិទច្រកព្រំដែនដីគោកទាំងអស់របស់ខ្លួនជាមួយប្រទេសស៊ីរី លើកលែងតែច្រកមួយដែលតភ្ជាប់ទីក្រុងបៃរូតជាមួយក្រុងដាម៉ាសប៉ុណ្ណោះ។ ចំណែកខាងហ្ស៊កដានីវិញក៏បានបិទច្រកព្រំដែនជាមួយស៊ីរីផងដែរ។ ប្រទេសសំខាន់ៗចំនួន៨បានប្រមូលផ្តុំជាមួយបេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកក្នុងប្រទេសស៊ីរីមកនៅខាងក្រៅកិច្ចប្រជុំកំពូលនៅទីក្រុងដូហាសម្រាប់រយៈពេល២ម៉ោងដើម្បីពិភាក្សាគ្នាកាលពីយប់ថ្ងៃសៅរ៍ ហើយអ្វីៗជាច្រើនទៀតនឹងកើតឡើង ព្រោះតែភាពវឹកវរ។ បេសកជនរបស់អង្គការសហប្រជាជាតិបានស្វែងរកការចរចាជាបន្ទាន់នៅទីក្រុងហ្សឺណែវ ដើម្បីធានាឱ្យមាន “ការផ្លាស់ប្តូរនយោបាយប្រកបដោយសណ្តាប់ធ្នាប់សម្រាប់ជនស៊ីវិលស្លូតត្រង់”។ មកដល់ពេលនេះតំបន់នៅតាមព្រំដែនលីបង់-ស៊ីរី មានគ្រួសារជាច្រើនបានត្រឡប់ទៅប្រទេសស៊ីរីវិញដោយមានទាំរថយន្តរាប់សិបគ្រឿងតម្រង់ជួរដើម្បីចូលទៅកាន់ក្រុងដាម៉ាស់។ លោក Rami Abdurrahman នៃសមាជិកក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលជាអ្នកឃ្លាំមើលសង្គ្រាមប្រឆាំងស៊ីរីដែរ បាននិយាយថា លោក Assad បានហោះចេញពីទីក្រុង Damascus តាំងពីព្រឹកព្រលឹមថ្ងៃអាទិត្យម៉េ្លះ ប៉ុន្តែមិនដឹងថាលោកទៅលាក់ខ្លួននៅប្រទេសណានោះទេ។ សូមបញ្ជាក់ថា លោក Bashar Assad គឺជាប្រធានាធិបតីដែលត្រូវបានគេបណ្តេញចេញពីតំណែងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ កាលពី១០ឆ្នាំមុនលោកក៏ធ្លាប់ស្ថិតក្នុងកម្រិតនៃសង្រ្គាមស៊ីវិលក្នុងប្រទេសដែរ នៅពេលដែលកងកម្លាំងរបស់លោកបានបាត់បង់ការគ្រប់គ្រងលើផ្នែកខ្លះនៃទីក្រុងដ៏ធំបំផុតគឺទីក្រុង Aleppo ហើយគូប្រជែងរបស់គាត់បានបិទខ្ទប់ក្នុងរដ្ឋធានីដាម៉ាស។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានបញ្ជាក់ថាលោក Assad ត្រូវក្រុងម៉ូស្កូចាំទទួលការភៀសខ្លួនរបស់លោក និងអាចទទួលបានសិទ្ធិជ្រកកោនពីសម្ព័ន្ធមិត្តដ៏យូររបស់លោកដែរ។ ការផ្លាស់ប្តូរកាលពីថ្ងៃអាទិត្យនេះក៏បានបញ្ចប់នូវរបបគ្រប់គ្រងដែកថែបដ៏រឹងមាំរយៈពេល ៥០ ឆ្នាំរបស់គ្រួសារលោក Assad ផងដែរ។ កាលពីជាង១០ឆ្នាំមុនក្នុងថ្ងៃកាន់តំណែងមនុស្សម្នាជាច្រើនបានដាក់ក្តីសង្ឃឹមថា លោក Assad នឹងក្លាយជាអ្នកកំណែទម្រង់វ័យក្មេងម្នាក់បន្ទាប់ពីការកាន់កាប់នៃឪពុករបស់លោកអស់រយៈពេលបីទសវត្សរ៍។ លោក Assad មានអាយុត្រឹមតែ 34ឆ្នាំប៉ុណ្ណោះបានឡើងកាន់តំណែងជាប្រធានាធិបតី លោកគឺជាអតីតគ្រូពេទ្យឯកទេសខាងភ្នែកដែលមានការអប់រំលោកពីប្រទេសខាងលិចគឺជាបុគ្គលចូលលេងកុំព្យូទ័រ មានចរិតសុភាពរាបសារ។ ប៉ុន្តែនៅពេលដែលប្រឈមមុខនឹងការតវ៉ាប្រឆាំងនឹងការគ្រប់គ្រងរបស់លោកច្រើនពេកកាលខែមីនាឆ្នាំ ២០១១ ស្រាប់តែលោក Assad បានងាកទៅរកយុទ្ធសាស្ត្រដ៏ឃោរឃៅដើរតាមកន្លងនៃឪពុករបស់លោកក្នុងការប៉ុនប៉ងកំទេចពួកប្រឆាំងនៅក្នុងប្រទេស។ នៅពេលដែលការបះបោរបានធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលទាំងស្រុង លោក Assad បានបញ្ចេញកម្លាំងយោធារបស់ខ្លួនដើម្បីបំផ្ទុះទីក្រុងដែលកាន់កាប់ដោយក្រុមប្រឆាំងទៅវិញ ដោយទទួលបានការគាំទ្រពីសម្ព័ន្ធមិត្តអ៊ីរ៉ង់ និងរុស្ស៊ី។ ពេលនោះដែរក្រុមសិទ្ធិមនុស្សអន្តរជាតិ និងព្រះរាជអាជ្ញាបានចោទប្រកាន់លោកថាបានប្រើប្រាស់អំណាចទ្រង់ទ្រាយធំធ្វើទារុណកម្ម និងប្រហារជីវិតមនុស្សក្រៅប្រព័ន្ធតុលាការនៅក្នុងមជ្ឈមណ្ឌលឃុំឃាំងដែលគ្រប់គ្រងដោយរដ្ឋាភិបាលរបស់ស៊ីរីរបស់លោក៕

សម្រួលអត្ថបទ៖ សុផារិន្ទ