កូនដំរីឈ្មោល១ក្បាល ដែលមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វ ព្រៃលំផាត់ប្រទះឃើញត្រូវដឹកយកមកព្យាបាលនៅសួនសត្វភ្នំតាម៉ៅ
ខេត្តមណ្ឌលគិរី៖ លោកឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឱ្យដឹងថា កូនដំរីឈ្មោល១ក្បាល ដែលមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ប្រទះ ឃើញកាលពីល្ងាចថ្ងៃទី០៨ ខែធ្នូឆ្នាំ២០២៤ ត្រូវដឹកយកមកព្យាបាលនៅសួនសត្វភ្នំតាម៉ៅ។ គិតមកដល់រសៀលថ្ងៃទី៩ខែធ្នូនេះ ស្ថានភាពសុខភាពកូនដំរីនោះ បានប្រសើរឡើងហើយ។ យ៉ាងណាក៏ដោយដើម្បីធានាបានសុខភាពល្អប្រសើរ ក្រុមមន្ត្រីជំនាញត្រូវបញ្ជូនកូនដំរីនេះទៅព្យាបាលនៅសួនសត្វភ្នំតាម៉ៅបន្ថែមទៀត។
លោកឌិន ប៊ុនធឿន បន្ថែមថា ក្រុមអ្នកជំនាញនិងមន្ត្រីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីត្រូវនាំយកកូនដំរីញីមួយក្បាលនេះទៅសួនសត្វភ្នំតាម៉ៅដើម្បីព្យាបាល។ លោកអនុប្រធានមន្ទីរបានបញ្ជាក់ថា “យើងចេញដំណើរនៅយប់នេះ ពីព្រោះវាត្រជាក់, យើងមានមន្ត្រីជំនាញទៅ តាមជាមួយដើម្បីថែរក្សា និងមើលសុខភាពសត្វ(កូនដំរី)នៅតាមផ្លូវ”។
គួរបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច -លំផាត់ នៅវេលាម៉ោង ១៧ និង១៧នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ បានប្រទះឃើញកូនសត្វដំរីព្រៃ ១ ក្បាល អាយុប្រហែល០៥ខែ ទំងន់ប្រហែល២០០គីឡូក្រាម រត់តាមបណ្តោយផ្លូវលំមករកជំនួយសង្គ្រោះបន្ទាន់ ពីមន្រ្តីឧទ្យានុរក្សស្នាក់ការកណ្តាលរយ៉លើ នៃដែនជម្រកសត្វ ព្រៃលំផាត់ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្ត មណ្ឌលគិរី។
ភ្លាមៗនោះមន្ត្រីឧទ្យានុរក្សបាននាំគ្នាស្ទាក់ព័ទ្ធចាប់កូនដំរីនោះ រួចបានពិនិត្យឃើញមានស្នាមរបួសនៅត្រង់ចំណុច កជើងមុខ ខាងស្តាំ។ ក្រោយពីមន្ត្រីឧទ្យានុរក្សពិនិត្យលើមុខរបួសដោយ យកចិត្តទុកដាក់បានសន្និដ្ឋានថា គឺរបួសដោយសារជាប់អន្ទាក់។ ចំពោះសុខភាពកូនសត្វដំរីឈ្មោល០១ ក្បាល ខាងលើគឺនៅមានកំលាំងមាំមួននៅឡើយ។
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ បានមើលថែរក្សាកូនដំរីនោះនៅទីស្នាក់ការកណ្ដាលរយ៉លើ នៃដែន ជម្រកសត្វព្រៃលំផាត់ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី មុនពេលដឹកយកទៅភ្នំតាម៉ៅក្នុងស្រុកបាទី ខេត្តតាកែវ៕