ប្រជាពលរដ្ឋចំនួន 9 ស្រុកស្ថិតក្នុងខេត្តកំពង់ស្ពឺទទួលបានការផ្គត់ផ្គង់គ្រាប់ពូជបន្លែឥតគិតថ្លៃដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាពផ្គត់ផ្គង់គ្រួសារសាលារៀននិងសហគមន៍ពីគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា
ប្រជាពលរដ្ឋចំនួន 9 ស្រុកស្ថិតក្នុងខេត្តកំពង់ស្ពឺទទួលបានការផ្គត់ផ្គង់គ្រាប់ពូជបន្លែឥតគិតថ្លៃដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាពផ្គត់ផ្គង់គ្រួសារសាលារៀននិងសហគមន៍ពីគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា
ឯកឧត្តម បណ្ឌិត វង់សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃគណ:កម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជាបានគូសបញ្ជាក់ថាក្នុងឆ្នាំ 2024 ខេត្តកំពង់ស្ពឺមានស្រុកចំនួន 9រួមមានប្រជាពលរដ្ឋចំនួន 27,928 គ្រួសារសាលារៀន 358 កន្លែងអង្គភាពផ្សេងៗក្នុងនោះមានវត្តមណ្ឌលសុខភាពនិងប៉ុស្តិ៍នគរបាលចំនួន 162 ទទួលបានពូជបន្លែដោយឥតគិតថ្លៃដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាពផ្គត់ផ្គង់គ្រួសារ។
ឯកឧត្តមវង់សណ្ដាប់បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កើតប្រព័ន្ធស្បៀងបម្រុងម្ពុជា(ប.ស.ប.ក.)នៅខែកញ្ញាឆ្នាំ២០១២ ដើម្បីអាចអន្ត រាគមន៍ផ្តល់ស្បៀងហើយនិងគ្រាប់ពូជស្រូវ និងបន្លែដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលរងគ្រោះ មហន្តរាយ ហើយមានតម្រូវការស្បៀង និង/ឬគ្រាប់ពូជជាបន្ទាន់ ដើម្បីធានាថា ពេលមានគ្រោះមហន្តរាយនានា ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ និងពលរដ្ឋដែលនៅលើបន្ទាត់ក្រីក្រតិចតួចពុំធ្លាក់ខ្លួនខ្វះស្បៀង ឬខ្វះគ្រាប់ ពូជស្រូវ ឬបន្លែស្តារដំណាំឡើងវិញ ។តាំងពី ប.ស.ប.ក.ត្រូវបានបង្កើតឡើងរហូតមកដល់ចុងឆ្នាំ ២០២៤ នេះ រាជរដ្ឋាភិបាលបានផ្តល់ស្បៀង និងគ្រាប់ពូជស្រូវ និងបន្លែ ដល់ប្រជាជនរងផលប៉ះពាល់ និងខូចខាតដំណាំក្នុងពេលមានគ្រោះធម្មជាតិ ដូចករណីគ្រោះទឹកជំនន់ និង គ្រោះមហន្តរាយដោយសារកូវីដ-១៩ ក្នុងតំបន់បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ដែលរួមមាន៖
(១) . អង្ករសរុបចំនួន ៤ ០៥៣ តោននិង៣០គ.ក្រ ត្រូវបានផ្តល់ដល់ប្រជាជនរងគ្រោះមហន្តរាយធម្មជាតិ សរុបចំនួន ១៥៩ ៥៥៨គ្រួសារ ពីខេត្តចំនួន ២២ ក្រុង-ស្រុកចំនួន ១២៥ និងឃុំ-សង្កាត់ចំនួន ៦៤០ ពីភូមិសរុបចំនួន ៣៩៥០ និង វត្ត ចំនួន ៣៨៧វត្ត (២០ខេត្ត),
(២). អង្ករសរុបចំនួន ៩៩៩០ តោន និងស្បៀង យុទ្ធសាស្រ្តផ្សេងៗទៀត(មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ )ត្រូវបានផ្តល់ស្បៀងជូនប្រជាជន ដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុសរុបចំនួន ៣៩៩ ៦០០ គ្រួសារ ,
(៣) ពូជស្រូវសរុបចំនួន ២៣ ៣៨៣តោន និង៩០៣គ.ក្រ ត្រូវបានផ្តល់ជូនកសិករដែលរងការខូចខាតដំណាំស្រូវ សរុបចំនួន ២៩៣ ៣៩០គ្រួសារ សម្រាប់ស្តារដំណាំស្រូវឡើងវិញ នៅក្នុងរាជធានី-ខេត្តចំនួន ២២, និង
(៤) គ្រាប់ពូជបន្លែសរុបចំនួន ៣៦ តោន និងជិត ៣០០គ.ក្រ ត្រូវបានផ្តល់គ្រាប់ពូជបន្លែដល់កសិករសរុបចំនួន ១២៣ ៩៧១គ្រួសារ ក្នុងខេត្តចំនួន ១៩ ពីក្រុង-ស្រុកចំនួន ១៣១ឃុំ-សង្កាត់ចំនួន ៥៥២ និងភូមិចំនួន ១ ៥៥៣ ដោយ ។
ជាមួយគ្នានេះដែរ នៅឆ្នាំ ២០១៦ ដោយភាពប្រាកដនិយមក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ដែលសម្តេចតេជោ ជា នាយករដ្ឋមន្ត្រីនាពេលនោះ ប.ស.ប.ក. បានចាប់ផ្តើម ផ្តល់គ្រាប់ពូជបន្លែសម្រាប់ជំរុញការដាំដុះបន្លែផ្គត់ផ្គង់គ្រួសារ ដើម្បីរួមចំណែកពង្រឹងសន្តិសុខស្បៀង អាហារូបត្ថម្ភ ការបង្កើនប្រាក់សន្សំ និងចំណូលគ្រួសារ ហើយនិងសហគមន៍។ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ សម្តេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តលើកទឹកចិត្តកែលម្អ ប.ស.ប.ក.បន្តផ្តល់ស្បៀង និងគ្រាប់ពូជស្រូវនិងបន្លែដល់ពលរដ្ឋរងគ្រោះមហន្តរាយ និងលើកទឹកចិត្តផ្តល់គ្រាប់ពូជបន្លែជំរុញការដាំបន្លែសុវត្ថិភាពផ្គត់ផ្គង់គ្រួសារកាន់តែទូលំទូលាយបន្ថែមទៀត ។
ដោយមានការតម្រង់ទិសពី ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាននៃគណ:កម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ឯកឧត្តម បណ្ឌិត វង់សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃគណ:កម្មាធិការ ប.ស.ប.ក. បានដឹកនាំក្រុមការងារបច្ចេកទេស ក្រោមក្របខណ្ឌ ប.ស.ប.ក.រួមមាន៖លេខាធិការដ្ឋាននៃ ប.ស.ប.ក.របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ , ក្រុមការងារស្ថានីយ៍ពិសោធន៍ពូជបន្លែក្បាលកោះនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ , រដ្ឋបាលឃុំ-សង្កាត់ដោយមានការគាំទ្រពីរដ្ឋបាលខេត្ត និងក្រុងស្រុក បានធ្វើការផ្តល់គ្រាប់ពូជបន្លែដែលអាចទុកពូជបាន ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាពផ្គត់ផ្គង់គ្រួសារស្ទើរគ្រប់ទិសទី ហើយព្រមជាមួយគ្នានេះក៏បានផ្តល់គ្រាប់ពូជបន្លែដល់សាលារៀន និងសហគមន៍ ក្នុងគោលដៅបង្កើតសួនបន្លែសុវត្ថិភាព ។ គិតចាប់ពីឆ្នាំ ២០១៦ មកដល់ត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ រាជរដ្ឋាភិបាល បានផ្តល់គ្រាប់ពូជបន្លែស្ទើរគ្រប់ទិសទី៖ទី១ ជំរុញការដាំដុះបន្លែសុវត្ថិភាពផ្គត់ផ្គង់គ្រួសារ ដល់ប្រជាជនសរុបចំនួនជិត ៨០០ ០០០ គ្រួសារ ពីខេត្តចំនួន ២០ ក្រុង-ស្រុកចំនួន ១៤០
ឃុំ-សង្កាត់ចំនួន ១ ០៧៤
ពីភូមិសរុប ចំនួន ៩ ៣៥១ និង (២) ផ្តល់ពូជបន្លែដល់សាលារៀន ដើម្បីជំរុញបង្កើតសួនបន្លែតាមសាលារៀន ក្នុងគោលបំណងចូលរួមគាំទ្រកម្មវិធីបំណិនជីវិត ដោយគិតមកដល់ពេលនេះសរុបបានចំនួន ២ ២៣១ នៅក្នុងខេត្តចំនួន ៦ ស្រុកចំនួន ៣១។
ពូជបន្លែដែលរាជរដ្ឋាភិបាលបាន និងកំពុងផ្តល់ តាមយន្តការ ប.ស.ប.ក. បាន និងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល រួមមាន៖(១) ប្រជាជនកាន់តែច្រើនងាកមកដាំបន្លែជាលក្ខណ:គ្រួសារ សម្រាប់ពង្រឹងសន្តិសុខស្បៀង អាហារូបត្ថម្ភ ការសន្សំថវិកា និងបង្កើនចំណូលបន្ថែម (២) បានចូលរួមកែលម្អ និងពង្រឹងភាពធន់ទៅនឹងផលវិបាកនៃការប្រែប្រួលអាកាសធាតុ និងចូលរួមកាត់បន្ថយភាពងាយរងគ្រោះក្នុងពេលមានគ្រោះមហន្តរាយនានា (៣) បានប្រែក្លាយការដាំបន្លែលក្ខណ:គ្រួសារ និងសហគមន៍ជាចលនាកាន់តែពេញនិយមក្នុងការលើកស្ទួយអាហារូបត្ថម្ភ សុខភាពគ្រួសារ និងលើកកំពស់សោភ័ណភាពគេហដ្ឋាន និងសហគមន៍ (៤) ចូលរួមកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស និង (៥) ចូលរួមធ្វើឲ្យបន្លែសុវត្ថិភាពកាន់តែច្រើនលក់នៅក្នុងទីផ្សារមូលដ្ឋាន ។ល។
(ង). ប្រភពពូជស្រូវ និងបន្លែរបស់ បសបក៖ ដើម្បីអាចឲ្យ ប.ស.ប.ក.មានគ្រាប់ពូជស្រូវ និងបន្លែគ្រប់គ្រាន់ សម្រាប់ផ្តល់ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ពេលមានគ្រោះមហន្តរាយធម្មជាតិ និងឬគ្រោះអាសន្ននានា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគម្រោងឧបត្ថម្ភស្បៀងបន្ទាន់ កាលពីឆ្នាំ ២០០៨ ដោយមាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ជាប្រធានក្រុមការងារថ្នាក់ជាតិ សម្រាប់ដឹកនាំអនុវត្តគម្រោងឧបត្ថម្ភស្បៀងបន្ទាន់ និងមាន ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ ជានាយកគម្រោងឧបត្ថម្ភស្បៀងបន្ទាន់ ដោយប្រើថវិកាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និង ថវិកាបដិភាគរបស់រាជរដ្ឋាភិបាល បានចាប់ផ្តើមពង្រឹងស្ថានីយ៍ដំណាំស្រូវនៅទួលសម្រោង ដើម្បីផលិតពូជស្រូវ និងស្ថានីយ៍ដំណាំក្បាលកោះ ដើម្បីផលិត ពូជបន្លែដែលជំហានដំបូងសម្រាប់បម្រើឲ្យការអនុវត្តគម្រោងឧបត្ថម្ភស្បៀងបន្ទាន់ ហើយបន្ទាប់ពីគម្រោងនេះ ត្រូវបានបញ្ចប់ រាជរដ្ឋាភិបាលក៏បានបញ្ចូលស្ថានីយ៍ទាំងពីរឲ្យទៅជាអង្គភាពបច្ចេកទេសក្នុងការសម្របសម្រួលផលិតនិងថែរក្សាគ្រាប់ពូជស្រូវ និងបន្លែ សម្រាប់ ប.ស.ប.ក.។ ប.ស.ប.ក.គឺជាយន្តការអន្តរក្រសួង និងស្ថាប័នរបស់រាជរដ្ឋាភិបាលនេះ បាន និងកំពុងបន្តរីកធំធាត់ ក្រោមការដឹកនាំ និងសម្របសម្រួលរួមដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំងកំរិតនយោបាយ(គណ:កម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា) ទាំំងកំរិតបច្ចេកទេស (លេខាធិការដ្ឋាននៃគណ:កម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា) ហើយមានការចូលរួមពីក្រសួងស្ថាប័នកំរិតជាតិ(ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង
នេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ
ទីស្តីការគណ:រដ្ឋមន្ត្រី គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ កាកបាទក្រហមកម្ពុជា និងសហព័ន្ធស្រូវអង្ករកម្ពុជា) និងថ្នាក់ក្រោមជាតិ (ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ និងភូមិ)។ បើគិតរាប់ចាប់ពីពេលចាប់ផ្តើមគ្រាប់ពូជស្រូវ និងបន្លែ តាំងពីនៅគម្រោងឧបត្ថម្ភស្បៀងបន្ទាន់ មកដល់ពេលនេះគឺរាជរដ្ឋាភិបាលបានកសាង និងអភិវឌ្ឍកម្មវិធីផលិតពូជស្រូវ និងបន្លែឲ្យឈានឡើងជាបន្តបន្ទាប់អស់មានរយះពេលជិត ១៤ ឆ្នាំ ហើយ ហើយកិច្ចការនេះចាំបាច់ត្រូវអភិវឌ្ឍបន្តឲ្យកាន់តែរឹងមាំដើម្បីចូលរួមចំណែកធានាឲ្យបាននូវកិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាប្រកបដោយចេរភាព និងបរិយាប័ន្ន នៅគ្រប់ស្ថានភាពនៃដំណើរប្រែប្រួលនៃសេដ្ឋកិច្ច ក៏ដូចជាការប្រែប្រួលអាកាសធាតុក្នុងតំបន់ និងសកលោក។
(ច). យន្តការនៃការផ្តល់គ្រាប់ពូជបន្លែរបស់ ប.ស.ប.ក.៖ ថ្វីត្បិតគោលដៅចំបងនៃការបម្រុងគ្រាប់ពូជបន្លែរបស់ ប.ស.ប.ក. គឺផ្តល់ជូនកសិករក្រីក្រ និងងាយរងគ្រោះដែលរងការខូចខាតដំណាំ ដោយសារគ្រោះធម្មជាតិ ប៉ុន្តែជាក់ស្តែង ប.ស.ប.ក. បានអនុវត្តលើសពីក្របខណ្ឌនេះបានយ៉ាងទូលំទូលាយ ទោះបីកញ្ចប់ថវិកាមានកំណត់ក៏ដោយ ។ ដោយក្នុងរបបចំណីអាហារគឺបន្លែដើរតួនាទីកាន់តែសំខាន់ ហើយគ្រួសារខ្មែរមានលទ្ធភាពដាំបន្លែផ្គត់ផ្គង់គ្រួសារស្ទើរគ្រប់ទិសទី ទោះបីជាគាត់ប្រកបមុខរបរស្នូលជាអ្វី និងមានទីតាំងនៅទីប្រជុំជនក៏ដោយក៏អាចដាំបន្លែជាលក្ខណ:គ្រួសារបានដែរនោះ រាជរដ្ឋាភិបាល បានជំរុញឲ្យមានការផ្តល់គ្រាប់ពូជបន្លែនៅគ្រប់ទិសទី ដោយប្រើថវិកា ប.ស.ប.ក. មានស្រាប់ តាមគោលការណ៍ ប.ស.ប.ក. ឯចំណាយប្រតិបត្តិនៃការផ្តល់គ្រាប់ពូជបន្លែវិញគឺក៏ច្នៃពីកញ្ចប់ថវិកា ប.ស.ប.ក. ដែលមានស្រាប់តាមគោលការណ៍ដើមដោយពុំបន្ថែមខ្ទង់ចំណាយបន្ថែម ទោះបីសកម្មភាពច្រើន និងគ្រប់ទិសទីក៏ដោយ ព្រោះយន្តការ ប.ស.ប.ក.បានផ្អែកលើថវិកាសមិទ្ធកម្មតាំងពី ប.ស.ប.ក. ត្រូវបានបង្កើតឡើង ហើយការអនុវត្តថវិកាតាមគោលការណ៍បែបនេះនៅតែបន្តកែលម្អឥតឈប់ឈរ។ កត្តាគន្លឹះដែល ប.ស.ប.ក.
ទទួលជោគជ័យក្នុងការអនុវត្តកម្មវិធីចែកគ្រាប់ពូជបន្លែនៅគ្រប់ទិសទីដោយការប្រើថវិកាតិចគឺ៖ (១) គោលនយោបាយរបស់រាជរដ្ឋាភិបាលគឺជាក់លាក់ក្នុងកិច្ចការនេះ (២) យន្តការសម្របសម្រួលអនុវត្តគឺសាមញ្ញពុំមានបង្កើតបន្ថែមដែលជាទម្ងន់ផ្នែករដ្ឋបាលនាំឲ្យមានបន្ទុកចំណាយបន្ថែម តែធានាបានប្រសិទ្ធភាព និងស័ក្តសិទ្ធភាពខ្ពស់គឺលេខាធិកាោរដ្ឋាន ប.ស.ប.ក. មានមន្ត្រីបុគ្គលិកតិចបំផុតតែអាចសម្របសម្រួលជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ទិសទី មានគ្រូពីស្ថានីយ៍ក្បាលកោះផ្តល់ជំនាញដាំបន្លែខ្លីៗងាយៗ មានការចូលរួមសម្របសម្រួល ដោយមេឃុំចៅសង្កាត់ និងគាំទ្រដោយខេត្ត និងក្រុងស្រុក តាមទីតាំងផ្តល់នីមួយៗ (៣) គ្រួសារដែលត្រូវការពិតប្រាកដមកទទួលនៅទីតាំងជិតបំផុតក្នុងឃុំសង្កាត់នីមួយៗ(៤)យកទីតាំងវត្ត ជាចំណុចកណ្តាល នៃឃុំសង្កាត់នីមួយៗ ដើម្បីងាយស្រួលពលរដ្ឋមកទទួល ដោយពុំចំណាយថវិកាប្រតិបត្តិការបន្ថែមលើការរៀបចំទីតាំង (៥) ទុកចន្លោះពេលគ្រប់គ្រាន់ ដើម្បីពលរដ្ឋអាចមកទទួលនៅតាមទីតាំងនីមួយ និង (៦) មានការចូលរួមពីមេភូមិ។ ល។ ដោយសារកត្តាទាំងនេះ ថ្វីត្បិត ប.ស.ប.ក. ចែកគ្រាប់ពូជទៅដល់ដៃពលរដ្ឋសរុបចំនួន ជិត ៨០០ ០០០ គ្រួសារ ក្នុងខេត្តចំនួន ២០ ក្រុងស្រុកចំនួន ១៤០ ឃុំសង្កាត់ចំនួន ១ ០៧៤ តែ ប.ស.ប.ក. បានចំណាយថវិកាសរុបត្រឹមចំនួន ១ ៨៤២ ៦១៥ ១០០រៀល (ប្រមាណជាង ៤៥៥ ០០០ ដុល្លារអាមេរិក)ដែលគិតជាមធ្យមចំណាយប្រតិបត្តិការលើគ្រួសារនីមួយៗ អស់ជាមធ្យមប្រមាណ ២ ៤០០ រៀលគឺ តិចបំផុត តែទទួលបានប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធខ្ពស់បំផុត បើធៀបទៅនឹងប្រតិបត្តិការដូចគ្នានៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក។
(ឆ)ដោយការប្រែប្រួលអាកាសធាតុកាន់តែនាំមកផលប៉ះពាល់ជាអវិជ្ជមាន ភាពមិនប្រាកដប្រជាដោយសារសង្គ្រាមតាមបណ្តាប្រទេសមួយចំនួន បាន និងកំពុងនាំឲ្យកើនឡើនូវសម្ពាធបញ្ហាស្បៀងអាហារនៅលើពិភពលោក ភាពសំខាន់នៃការកែលម្អអាហារូបត្ថម្ភក្នុងសង្គមកម្ពុជាក៏ដូចជានៅទូទាំងពិភពលោកកាន់តែជាបញ្ហាអាទិភាព ហើយក៏ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ នោះ ការធានាបាននូវសន្តិសុខស្បៀង សុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភ សម្រាប់ពលរដ្ឋខ្មែរគ្រប់រូប គ្រប់ក្រុមគ្រួសារ និងសហគមន៍គឺជាកិច្ចការអាទិភាពមួយក្នុងចំណោមអាទិភាពនានារបស់រាជរដ្ឋាភិបាល ដូច្នេះហើយកម្មវិធីរបស់ ប.ស.ប.ក. ក្នុងការពង្រឹងបម្រុងគ្រាប់ពូជបន្លែ ទាំងបរិមាណ ទាំងប្រភេទ សម្រាប់ធានាផ្តល់គ្រាប់ពូជបន្លែដែលមានភាពធន់ និងដាំដុះបាននូវគ្រប់កាលទេសពេលមានគ្រោះមហន្តរាយធម្មជាតិ ដើម្បីផ្តល់ជូនពលរដ្ឋក្រីក្រីក្រ និងងាយរងគ្រោះ ដើម្បីមានលទ្ធភាពស្តារដំណាំបន្លែឡើងវិញទាន់ពេលវេលា ក៏ដូចជាកម្មវិធីផ្តល់គ្រាប់ពូជបន្លែដល់ប្រជាជនទូទៅសម្រាប់ជំរុញដាំបន្លែសុវត្ថិភាពគ្រួសារ លើកស្ទួយអាហារូបត្ថម្ភ បង្កើនប្រាក់សន្សំ និងចំណូលគ្រួសារ នៅតែសំខាន់។
(ជ). បន្ថែមពីលើការងារស្នូលក្នុងការសម្របសម្រួលក្រុមការងារបច្ចេកទេស ក្រោមក្របខ័ណ្ឌ ប.ស.ប.ក. ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ ប្រធានលេខាធិការដ្ឋាននៃ ប.ស.ប.ក. បាន និងកំពុងដឹកនាំក្រុមការងារ ដើម្បីបញ្ជ្រៀប និងផ្សព្វផ្សាយពូជស្រូវ និងបន្លែក្នុងស្រុកដែលមានភាពធន់និងការប្រែប្រួលអាកាសធាតុ ហើយនិងពូជស្រូវ និងបន្លែមិនប្រកាន់រដូវ ដែលអាចដាំដុះពេលណាក៏បានឱ្យតែមានប្រភពទឹកសមស្រប ដើម្បីធានាពង្រឹងសន្តិសុខស្បៀងក្នុងគ្រួសារលើគ្រប់ស្ថានភាព។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានបញ្ជ្រៀប និងបំផុសគំនិត វិជ្ជមានដល់ប្រជាជនក្នុងការប្រើប្រាស់ធនធានផ្ទាល់ និងធនធានរបស់សហគមន៍ ដើម្បីបង្កើនការផលិតស្បៀងឱ្យកាន់តែសម្បូណ៌បែប អាចធានាសន្តិសុខស្បៀងរឹងមាំធន់នៅពេលមានគ្រោះធម្មជាតិ និងឬគ្រោះអាសន្ននានា ហើយក៏ចូលរួមកែលម្អអាហារូបត្ថម្ភគ្រប់គ្រាន់ លើកទឹកចិត្តបង្កើនប្រភពសន្សំ និង ចំណូលគ្រួសារ តាមរយ:សកម្មភាពមួយចំនួន៖ (១). ដីអាចធ្វើស្រែផង និងធ្វើចំការផង (២).គិតគូរកែលម្អរបប អាហារូបត្ថម្ភគ្រួសារ ដោយមានសួនបន្លែក្នុងបរិវេណទីធ្លាផ្ទះ មានការចិញ្ចឹមមាន់ទា ត្រីងាយៗ លើដីទំនេរ មានស្រះត្រីក្នុងស្រែដោយប្រើប្រាស់ចំណីដែលគ្រួសារនីមួយៗអាចផលិតដោយខ្លួនឯងបាន (៣). លៃចិញ្ចឹមគោ ចៀម ពពែ ដើម្បីបានជីធម្មជាតិ និងអាចរកចំណូលបន្ថែម (៤). ទោះបីជាមានមុខរបរថ្មី (ជាកម្មកររោងចក្រ មន្ត្រីរាជការ បុគ្គលិកក្នុងផ្នែកឯកជន) កុំទាន់បោះបង់ស្រែចំការ និងសកម្មភាពកសិកម្មផ្សេងៗទៀតដែលអាចលៃពេលបាន និង (៥).គិតគូរកែឆ្នៃ ស្រែចំការមិនត្រឹមសម្រាប់តែផលិតស្បៀង និងផលិតផលកសិកម្មទេ តែនាំគ្នាកែលម្អឲ្យក្លាយជាសួន សម្រាប់ខ្លួនឯង គ្រួសារ និងសហគមន៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ ដើម្បីបង្កើនចំណូលបន្ថែម ។